ជាតិ
អង្គការ រកឃើញករណីបំពុលសត្វស្លាបព្រៃ ជាង១០ក្បាល
18, Feb 2024 , 8:40 pm        
រូបភាព
គណ:គ្រប់គ្រងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ព្រួយបារម្ភជាខ្លាំងបន្ទាប់ពីបានរកឃើញករណីបំពុលដើម្បីបបាញ់សត្វស្លាប នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងគ្រប់គ្រងទឹកសម្រាប់សត្វស្លាបប្រើប្រាស់នៅរដូវប្រាំង។


ការបំពុលនេះ បណ្តាលឲ្យមានសត្វស្លាបជាច្រើនបានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល    ចង្កៀលខ្យងចំនួន១ក្បាល  កុកគ្រោងតូចចំនួន១ក្បាល និងរអាតទន្សាយចំនួន១ក្បាល(មិនទាន់ងាប់ និងត្រូវបានជួយសង្រ្គោះ) ។ បច្ចុប្បន្ន សំណាកសត្វស្លាបទាំងនោះ ត្រូវបានកត់ត្រានិងវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីបញ្ជូនបន្តទៅស្ថាប័នជំនាញ ដើម្បីពិនិត្យបន្ថែមតាមរយៈអង្គការ WCS ។ 
 


«យើងមានការព្រួយបារម្ភព្រោះការបំពុលបង្កនៅផលវិបាកធ្ងន់ធ្ងរខ្លាំងណាស់ ពោលវាអាចសំលាប់សត្វគ្រប់ប្រភេទរាប់ទាំងសត្វព្រៃជិតផុតពូជ មច្ឆា និងសត្វស្រុកដែលផឹកទឹកហ្នឹងផងដែរ។» នេះជាការបារម្ភពីករណីបំផុលសត្វព្រៃ របស់អង្គការ និងគណៈគ្រងគ្រងតំបន់។ 
 


បើតាមអង្គការ ព្រានព្រៃ ដាក់បំពុលសត្វនេះ ដើម្បីយកទៅបរិភោគនិងដាក់លក់នៅទីផ្សារ ដែលអាចបង្កផលវិបាកដល់សុខភាព និងរហូតដល់បាត់បង់ជីវិតមនុស្ស ដែលបានទិញទៅបរិភោគផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា សំណូមពរដល់អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំំងអស់មេត្តារួមដៃគ្នាទប់ស្កាត់ការបំពុលនិងការបបាញ់គ្រប់ប្រភេទដែលមាននៅតំបន់បឹងព្រៃល្ពៅក្នុង ស្រុកបុរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕ 
 

Tag:
 ( សត្វស្លាប
  សត្វព្រៃ)
© រក្សាសិទ្ធិដោយ thmeythmey.com