ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភាផ្តល់សេចក្តីទុកចិត្តតែងតាំង លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី ឥស្សរជន២រូបទៀតជាទេសរដ្ឋមន្ត្រី
21, Feb 2024 , 8:48 am        
រូបភាព
សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី, លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។



សម័យប្រជុំនាដែលដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានវត្តមានអ្នកតំណាងរាស្ត្រចំនួន១២០នាក់ ដោយ១០០ភាគរយ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ានី បច្ចុប្បន្នជារដ្ឋមន្ត្រីមុខងារសារធារណៈ ត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាឧបនាយករដ្ឋមន្ត្រី។

ស្របពេលជាមួយគ្នានោះដែរ លោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ត្រូវបានផ្តល់សេចក្តីទុកចិត្តសម្រាប់តំណែងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។



លោក ហ៊ុន ម៉ានី នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីទី១១ក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត។ ឧបនាយករដ្ឋមន្ត្រី១០រូបនាពេលបច្ចុប្បន្ន មាន លោក នេត សាវឿន, លោក អូន ព័ន្ធមុនីរ័ត្ន, លោក សុខ ចិន្តាសោភា, លោក វង្សី វិសុទ្ធ, លោក កើត រិទ្ធ, លោក សាយ សំអាល់, លោក ទៀ សីហា, លោក ស សុខា, លោក ហង់ ជួនណារ៉ុន, លោក ស៊ុន ចាន់ថុល។

រីឯលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល នឹងក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបច្ចុប្បន្នមាន២១រូបរួចហើយ គឺលោក កែវ រ៉េមី, លោក ឈាង យ៉ាណារ៉ា, លោក លី ធុច, លោក ស្វាយ ស៊ីថា, លោក អូស្មាន ហាស្សាន់, លោក ព្រុំ សុខា, លោក អៀង មូលី, លោក អ៊ុក រ៉ាប៊ុន, លោក គន់ គីម, លោក ហូ សិទ្ធី, លោក ឱម យ៉ិនទៀង, លោក ថោង ខុន, លោក សក់ សេដ្ឋា, លោក អ៊ុក ប្រាថ្នា, លោក ឆៃ ស៊ីណារិទ្ធ, លោក ឆែម គាតរិទ្ធី, លោក សុក ស៊ីផាន់ណា, លោក គី តិច, លោក អ៊ី ឈាន, លោក អ៊ុច បូររិទ្ធ, លោក ពេជ សោភ័ន៕


© រក្សាសិទ្ធិដោយ thmeythmey.com