ជាតិ
សម្តេច ហ៊ុន សែន ទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅបាងកក
21, Feb 2024 , 10:11 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុង​ដំណើរតាមយន្តហោះទៅកាន់ក្រុង​បាងកក នាថ្ងៃទី​២១ ខែកុម្ភៈ
សម្តេច ហ៊ុន សែន ក្នុង​ដំណើរតាមយន្តហោះទៅកាន់ក្រុង​បាងកក នាថ្ងៃទី​២១ ខែកុម្ភៈ
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ នេះ សម្តេច ហ៊ុន សែន ធ្វើដំណើរទៅកាន់ក្រុងបាងកក ប្រទេសថៃ ដើម្បីទៅសួរសុខទុក្ខ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ពោលគឺ៣ថ្ងៃ ក្រោយដែលអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពល ត្រូវបានរួចទោស ហើយចាកចេញពីមន្ទីរពេទ្យប៉ូលិសទៅគេហដ្ឋានរបស់ខ្លួន។



«ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺ ឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ»។ អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារ អមដោយរូបថតផ្ទាល់ខ្លួនពីរសន្លឹក ក្នុងដំណើរតាមយន្តហោះទៅកាន់ក្រុងបាងកក។

អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជិតខាងទាំងពីរ មានទំនាក់ទំនងជាបងប្អូនធម៌នឹងគ្នា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាទំនាក់ទំនងដ៏ស៊ីជម្រៅ និងស្និទ្ធស្នាល ដោយលោក ថាក់ស៊ីន មានវត្តមានជាញឹកញាប់ក្នុងពិធីជាលក្ខណៈគ្រួសាររបស់សម្តេច ហ៊ុន សែន។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចាកចេញពីមន្ទីពេទ្យប៉ូលិសក្នុងក្រុងបាងកក ក្រោយត្រូវបានរួចពីទោសមុនពេលកំណត់ បន្ទាប់អនុវត្តទោសបានជាង ៦ខែ ដោយមិនធ្លាប់ជាប់ពន្ធនាគារ។ ក្នុងដំណើរចាកចេញពីមន្ទីរពេទ្យនេះ លោកស្រី Paetongtarn Shinawatra ប្រធានបក្សភឿថៃ បានទៅទទួលឪពុកដោយផ្ទាល់ និងបានឆ្ពោះទៅផ្ទះក្នុងក្រុងបាងកកប្រមាណជា ២៥នាទីក្រោយ។ «លោកថាក់ស៊ីន បានមកដល់ផ្ទះហើយ។ សង្ឃឹមថា លោកមានសុខភាពល្អ»។ លោកស្រី Paetongtarn បានសរសេរសារលើបណ្តាញសង្គម X បែបនេះ នៅថ្ងៃទី១៨ ខែកុម្ភៈ។
 
មហាសេដ្ឋីថៃរូបនេះ អាចរួចពីទោសមុនពេលកំណត់ គឺដោយសារតែអាយុ, លក្ខខណ្ឌសុខភាព និងរយៈពេលជាប់ពន្ធនាគារ។ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានចំណាយពេលនៅក្រៅប្រទេសរហូតដល់ ១៥ឆ្នាំឯណោះ ដើម្បីគេចពីបទចោទ និងការជាប់ពន្ធនាគារ។ យ៉ាងណាមិញ ស្របពេលបក្សភឿថៃ ទទួលបានសំឡេងគ្រប់គ្រាន់ក្នុងសភា ក្នុងការរៀបចំរដ្ឋាភិបាល លោកថាក់ស៊ីន បានសម្រេចត្រលប់មកប្រទេសវិញ ហើយត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ដោយសារតែការរំលោភអំណាច, ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ជាដើម។
 
ប៉ុន្មានខែក្រោយ មហាក្សត្រថៃ បានបន្ធូរបន្ថយទោស លោកថាក់ស៊ីន មកត្រឹមមួយឆ្នាំ។ យ៉ាងណាមិញ លោកថាក់ស៊ីន បានចំណាយពេលជាប់ឃុំរយៈពេល ៦ខែ ក្នុងមន្ទីរពេទ្យប៉ូលិសទាំងស្រុង ដោយជាប់ពន្ធនាគារត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារបញ្ហាសុខភាព សម្ពាធឈាមឡើងខ្ពស់ និងចុកទ្រូងជាដើម៕

© រក្សាសិទ្ធិដោយ thmeythmey.com