ជាតិ
អ្នកថតរូបអាជីពមួយរូប ជិះម៉ូតូជុំវិញបឹងទន្លេសាប រៃអង្គាសថវិកាជួយពេទ្យកុមារអង្គរ
21, Feb 2024 , 4:19 pm        
រូបភាព
ផ្នែកមួយនៃសហគមន៍បឹងទន្លេសាប នៅខេត្តបាត់ដំបង។
ផ្នែកមួយនៃសហគមន៍បឹងទន្លេសាប នៅខេត្តបាត់ដំបង។
សៀមរាប៖ លោក ថ្លាង ឌីណា ជាអ្នកថតរូបអាជីពមួយរូប ​បានប្រកាសរៀបចំកម្មវិធី​សប្បុរសធម៌ ដោយធ្វើដំណើរថតរូបផ្សងព្រេងតាមខេត្តជាប់បឹងទន្លេសាប ក្នុងបំណង រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។ ចាប់ផ្តើមកម្មវិធីសប្បុរសធម៌នេះ ក៏ដើម្បីបំពេញ​​សន្យារបស់ខ្លួន ​នៅ​ពេល​កំណើតកូនស្រី​​របស់លោក កាលពី២ឆ្នាំមុន។ តែអកុសល កូនស្រី​ពៅរបស់ លោក ឌីណា បានស្លាប់ទៅវិញក្រោយចាប់កំណើតបាន៣ថ្ងៃ។

 
«ដំណើរថតរូបផ្សងព្រេងសប្បុរសធម៌ជាមួយនាឡិ» ជាឈ្មោះកម្មវិធីសប្បុរសធម៌ ដែល​លោក ថ្លាង ឌីណា ​​​រៀប​ចំឡើងដើម្បីបំពេញសន្យារបស់ខ្លួន មុនកំណើតកូនស្រី​ពៅ​លោក នៅឆ្នាំ២០២២។ ក្នុងកម្មវិធីនេះ ​លោកនឹងធ្វើដំណើរតាមម៉ូតូ​រយៈពេលមួយសប្ដាហ៍ជុំវិញ​បឹងទន្លេសាប ដោយចាប់ផ្តើមពីថ្ងៃទី២០ កុម្ភៈ ដើម្បីផ្តិតរូបភាពជាច្រើនសម្រាប់ដាក់លក់។ ថវិកាដែលប្រមូលបាន នឹងប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ។  
 
​លោក ឌីណា បានរំឭកប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា កូនស្រីរបស់លោកកើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ហើយ​ពេលនោះលោកបានសន្យាថា នឹងរៀបចំកម្មវិធី​សប្បុរសធម៌​​មួយ ដើម្បីអបអរកំណើតកូន។ ជាអកុសល កូនស្រី នាឡិ របស់លោក ឌីណា  បានស្លាប់ទៅវិញ​ក្រោយកំណើត​​៣ថ្ងៃ​ ដោយសារឈ្លក់ទឹកភ្លោះ។ 
 
លោក ថ្លាង ឌីណា ពេលធ្វើដំណើរទៅដល់ខេត្តបាត់ដំបង។ រូបភាពពីហ្វេសប៊ុក Dyna Pisith

លោក ឌីណា បានបន្ថែមថា៖«កាល៣ឆ្នាំ​មុន​ ប្រពន្ធគាត់ទម្ងន់បានកូនស្រី ខ្ញុំរំភើបចិត្ត ខ្ញុំ​គិត​ថាចង់ឱ្យកូនស្រីវាកើតមកឯករាជ្យ ចូលចិត្តធម្មជាតិ ចូលចិត្តដើរលេង ហើយ​ដើម្បី​ស្វាគមន៍​កំណើត​គាត់ ​ក៏ចង់ធ្វើ​កម្មវិធីសប្បុរសធម៌ ជិះម៉ូតូជុំវិញបឹងទន្លេសាប និងលក់រូប ជូន​ពេទ្យ​កុមារ។ តែអកសុល គាត់កើតបាន៣ថ្ងៃស្លាប់ តែឱ្យតែដល់ថ្ងៃកំណើតគាត់ខែពីរ (កុម្ភៈ) ថ្ងៃទី៩ យើងនឹកឃើញ​សន្យា​ជាមួយគាត់រហូត»។
 
លោក ឌីណា ចាប់ផ្តើមចេញដំណើរដោយការជិះម៉ូតូ និងស្នាក់នៅតំបន់ជុំវិញបឹងទន្លេសាប នៅថ្ងៃទី២០កុម្ភៈ ដោយគ្រោង​ផ្តិតរូបភាពជាច្រើនដើម្បីដាក់ក្នុងកម្មវិធីសប្បុរសធម៌​​នេះ​។ ក្រៅពីនោះ លោកក៏ត្រៀមរូបថតដែលលោកធ្លាប់បានថតកន្លងមក ​ដាក់លក់នៅ​ទំព័រ​ហ្វេស​ប៊ុក​របស់ខ្លួន ឈ្មោះ Dyna Pisith ផងដែរ។ រូបភាពទាំងនោះមានប្រាសាទ ព្រះសង្ឃ សត្វស្លាប បឹងទន្លេសាប និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាដើម។ កម្មវិធីនេះ លោក ឌីណា រំពឹងថានឹងទទួលបានថវិកាចំនួន ២ ៥០០ដុល្លារ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ។
 
​លោក ថ្លាង ឌីណា ជាអ្នកថតរូបអាជីពមួយរូប ដែលមានការទទួលស្គាល់​ពីមហាជន​ជា​ច្រើន។ ស្នាដៃរបស់លោក ភាគច្រើនផ្តោតលើប្រាសាទ មនុស្ស ជីវិតរស់នៅប្រចាំថ្ងៃ ជាដើម។ កាល២០១៩ លោកក៏ធ្លាប់លក់រូបថត ​ដើម្បីជួយដល់គ្លីនិកទន្លេផងដែរ៕

រូបភាពដែលលោក ថ្លាង ឌីណា ប្រកាសលក់ដើម្បីយកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។

រូបភាពដែលលោក ថ្លាង ឌីណា ប្រកាសលក់ដើម្បីយកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។

រូបភាពដែលលោក ថ្លាង ឌីណា ប្រកាសលក់ដើម្បីយកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។

Tag:
 សប្បុរសធម៌
  រៃថវិកា
  ពេទ្យកុមារអង្គរ
  ថតរូប
 បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com