RFI
អន្តរជាតិ
OCDE ប្រកាសពីការផ្តើមកិច្ចពិភាក្សាដើម្បីបញ្ចូល ឥណ្ឌូណេស៊ី ជាសមាជិកថ្មី
22, Feb 2024 , 7:39 pm        
រូបភាព
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឈន៍សេដ្ឋកិច្ច ​ចាប់ផ្តើម​ពិភាក្សា ដើម្បីដាក់បញ្ចូល ឥណ្ឌូណេស៊ី ជា​សមាជិកថ្មី។ AP - Francois Mori
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឈន៍សេដ្ឋកិច្ច ​ចាប់ផ្តើម​ពិភាក្សា ដើម្បីដាក់បញ្ចូល ឥណ្ឌូណេស៊ី ជា​សមាជិកថ្មី។ AP - Francois Mori
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
អង្គការ​សហប្រតិបត្តិការ​និងអភិវឌ្ឈន៍សេដ្ឋកិច្ច​​ ហៅ​​កាត់​ជាភាសាបារាំង OCDE បាន​ប្រកាសនៅថ្ងៃអង្គារ ទី២០កុម្ភៈ អំពីការ​ចាប់ផ្តើម​កិច្ច​ជជែកពិភាក្សា​ ​ ដើម្បីដាក់បញ្ចូល​ ឥណ្ឌូណេស៊ី ជារដ្ឋសមាជិក។ ថ្នាក់​ដឹក​នាំអង្គការអន្តរជាតិ១នេះ  បញ្ជាក់ថា ការបញ្ចូល​ឥណ្ឌូណេស៊ី​ជាសមាជិកថ្មី​ នឹង​ផ្តល់​ផលប្រយោជន៍​ទាំង​សងខាង។ សូមជ្រាបថា ចេតនាចង់ចូល​ជា​សមាជិករបស់ OCDE ត្រូវ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បង្ហាញឡើង​ជាសាធារណៈ នៅ​ខែសីហា​ ឆ្នាំ២០២៣។​ ​



«ឥណ្ឌូណេស៊ី មាន​​​សេដ្ឋកិច្ច​ខ្លាំងជាងគេ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ ហើយ​ជាប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេនៅលើ​ពិភពលោក ​​លំដាប់ទី៣។​ ​ប្រទេស​នេះ ​ជា​កម្លាំង​ចលករ​ដ៏សំខាន់ចាំបាច់​​ ដើម្បីបំពេញតួនាទី​​​អភិបាល​កិច្ច​​​​​ ក្នុង​តំបន់​​និង​អន្តរជាតិ។» ​នេះបើតាម​ការលើក​ឡើងរបស់លោក មាត្យាស ក័រមាន្ន អគ្គលេខាធិការ នៃអង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឈន៍​សេដ្ឋកិច្ច​​ OCDE ដោយ​បញ្ជាក់បន្ថែមថា កិច្ចពិភាក្សា​អំពីបេក្ខភាព​ឥណ្ឌូណេស៊ី  ជាការ​​សម្រេ​ចចិត្ត​ជាប្រវត្តិសាស្ត្រ ហើយ​និង​ ផ្តល់​ផលប្រយោជន៍​ដល់​ភាគី​ទាំង២។​ ជាក់ស្តែង ការ​ជាប់ឈ្មោះ​ក្នុង​នីតិវិធី​នេះ ​​អនុញ្ញាត​ឲ្យ ឥណ្ឌូណេស៊ី ទទួល​បាន​ជំនួយ​គាំទ្រ​បច្ចេកទេសជាច្រើន​ពីអន្តរជាតិ ដើម្បី​កម្មវិធី​កំណែទម្រង់ និង​សម្រេច​មហិច្ឆតា​ក្លាយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន​ខ្លាំង ចន្លោះ​ពេលនេះទៅឆ្នាំ២០៤៥។​
 
ឥណ្ឌូណេស៊ី ​ជា​ដៃគូ​សហការ​គន្លឹះ១​របស់​ OCDEប្រចាំនៅ​តំបន់​អាស៊ីអាគ្នេយ៍​ គឺតាំងតែ​ពី​ឆ្នាំ​២០០៧​មក។​ ពេលនេះ ​​ឥណ្ឌូណេស៊ី ច្បាស់ជា​មិនទាន់​ត្រូវសម្រេច​បាន​ចូល​ជាសមាជិក​ ​ភ្លាមៗឡើយ​ ​​ចាំបាច់​ត្រូវ​ឆ្លង​កាត់​ដំណាក់​កាល​នីតិវិធី​ជាច្រើន ហើយ​ត្រូវ​គណៈកម្មាធិការ​ជំនាញ​ ជា​ង​២០ ពិនិត្យ​វាយ​តម្លៃ​។ គណៈកម្មាធិការ​ជំនាញទាំងនោះ នឹងវាយ​តម្លៃ​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ ស្ថានភាព​នយោបាយ​ ស្ថិរភាពសេដ្ឋកិច្ច​ ភាព​បើកទូលាយសម្រាប់​វិនិយោគទុន អភិបាលកិច្ច ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ការ​សម្របខ្លួន​នឹង​កំណើន​​កម្តៅផែនដី និងយន្តការ​ទប់ស្កាត់​ការប្រែប្រួល​អាកាស​ធាតុ​ ។​ល។ ក្រោយ​មកទៀត ការ​បញ្ចូល​សមាជិក ចាំបាច់​ត្រូវ​ទទួល​យល់​ស្រប​ជា​ឯកច្ឆន្ទ ​ក្នុង​សំឡេង​យល់ព្រមតែមួយ ពីសំណាក់​​រដ្ឋ​សមាជិក ទាំង ៣៨ ប្រទេស។
 
អង្គការ​សហប្រតិបត្តិការ​និងអភិវឌ្ឈន៍សេដ្ឋកិច្ច​​ OCDE មាន​មូលដ្ឋាន​ស្នាក់ការ​កណ្តាល​នៅក្រុង​ប៉ារីស និងបាន​បង្កើតឡើងក្នុងបរិបទ​សង្គ្រាម​ត្រជាក់ នៅឆ្នាំ១៩៦១ ដោយ​ សហរដ្ឋអាមេរិក​និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ហើយ បន្តិចម្តងៗ បើក​ចំហទទួល​សមាជិក​មកពីបណ្តា​ទ្វីប​ផ្សេងទៀត។ ក្រោយពី​ ​ម៉ិចស៊ិកនិងជីលី គឺប្រទេស កូឡុំប៊ី ចូល​ជា​សមាជិក​នៅឆ្នាំ​២០២០។ ឆ្នាំ២០២១ កូស្តារីកា ក្លាយ​ជាសមាជិក​ទី​៣៨ ចុងក្រោយគេ​។
 
ក្នុងឆ្នាំ២០២២ មានប្រទេស​ ៥ ជាប់ឈ្មោះ​បេក្ខភាព​​ក្នុង​នីតិវិធី​ចូលជាសមាជិក គឺ ប្រេស៊ីល ប៉េរូ រ៉ូម៉ានី ប៊ុលហ្ការី និង ក្រអាស៊ី។ អង្គការអន្តរជាតិ១នេះ ធ្វើ​សកម្មភាព​ជំរុញ​ការៀបចំ​គោលនយោបាយ​សាធារណៈ ដើម្បី​សម្រេច​កម្មវត្ថុលើកកម្ពស់​វិបុលភាព សមភាព​ និង​សុខុមាលភាព​ទាំងអស់គ្នា​។ បាវចនារបស់​ OCDE គឺ «គោលនយោបាយល្អ​​ប្រសើរ ​ជីវិតល្អប្រពៃ»៕

© រក្សាសិទ្ធិដោយ thmeythmey.com