កីឡាអន្តរជាតិ
អន្តរជាតិ
Kouame ខ្សែប្រយុទ្ធ Fiorentina កើតជំងឺគ្រុនចាញ់
22, Feb 2024 , 8:59 pm        
រូបភាព
ជារឿងគួរភ្ញាក់ផ្អើល កីឡាករ​ Christian Kouame របស់ Fiorentina កើតជំងឺគ្រុនចាញ់ និងស្ថិតក្នុងការព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសអ៊ីតាលី។



បើតាមការបញ្ជាក់របស់ក្លិប Fiorentina នៃលីគកំពូលអ៊ីតាលី Serie A នៅថ្ងៃទី២២ ខែកុម្ភៈ ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ ដែលជួយក្រុមជម្រើសជាតិកូតឌីវ័រ ឈ្នះជើងឯកពានអាហ្រ្វិក Africa Cup of Nations បានកើតជំងឺគ្រុនចាញ់ ដែលជាជំងឺស្ទើតែគ្មានអ្នកឆ្លងទៅហើយនៅប្រទេសជឿនលឿនដូចជាអ៊ីតាលី។
 
ជំងឺគ្រុនចាញ់ ជា​ជំងឺ​ដ៏កាចសាហាវមួយ ដែលអាចប៉ះពាល់ដល់​អាយុជីវិត តាមរយៈការចម្លងដោយសារ​​មូស​ខាំ​ ប៉ុន្តែវា​អាច​ការពារ ​និង​ព្យាបាល​បាន​។ ជំងឺនេះ ភាគច្រើនកើតឡើងនៅក្នុងប្រទេសត្រូពិច ខណៈប្រទេសរីកចម្រើនមួយចំនួន សឹងគ្មានអ្នកកើតទៅហើយ។ 
 


តាមរយៈការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្លិប Fiorentina បានអះអាងថាកីឡាកររបស់ខ្លួន  Kouame បានចូលមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺគ្រុនចាញ់ ហើយនឹងត្រូវបន្តការតាមដាន និងវាយតម្លៃពីអាការជំងឺក្នុងរយៈពេលពីរ ទៅបីថ្ងៃខាង មុខ។
 
Fiorentina ស្ថិតនៅ​លេខរៀងទី​៧​ក្នុង​តារាងពិន្ទុ Serie A ដោយរកបាន​៣៨​ពិន្ទុ។ Kouame ដែលបង្ហាញខ្លួនឱ្យក្រុម ២២លើក រដូវកាលនេះ ទើបរកបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី១លើកប៉ុណ្ណោះ៕

Tag:
 Christian Kouame
  ជំងឺគ្រុនចាញ់
© រក្សាសិទ្ធិដោយ thmeythmey.com