អន្តរជាតិ
រដ្ឋមន្រ្តីយុត្តិធម៌ការពារថា ការលើកលែងទោសរបស់លោកថាក់ស៊ីន គឺស្របតាមច្បាប់
23, Feb 2024 , 1:59 pm        
រូបភាព
 លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ពេលចាកចេញពីមន្ទីរពេទ្យប៉ូលិស ក្នុងក្រុងបាងកក។ រូបភាព AFP
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ពេលចាកចេញពីមន្ទីរពេទ្យប៉ូលិស ក្នុងក្រុងបាងកក។ រូបភាព AFP
ការលើកលែងទោសចំពោះលោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តី ដោយមិនធ្លាប់ស្ថិតនៅក្នុងពន្ធនាគារ នៅពេលថ្មីៗនេះ គឺស្របតាមលក្ខខណ្ឌច្បាប់។ រដ្ឋមន្រ្តីយុត្តិធម៌ លោក Tawee Sodsong បានបញ្ជាក់បែបនេះទៅកាន់សមាជិកសភានៅថ្ងៃទី២២ ខែកុម្ភៈ។

 
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ បានដើរចេញពីមន្ទីរពេទ្យប៉ូលិស ដែលជាកន្លែងឃុំខ្លួន ជំនួយឱ្យពន្ធនាគារ នៅថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីអនុវត្តទោសបានប្រមាណ ៦ខែ។ ការរួចពីទោសនេះ បានធ្វើឱ្យសមាជិកសភាមកពីបក្សឆ្ពោះទៅមុខ ចោទសួររដ្ឋាភិបាល ថាតើការលើកលែងទោសសម្រាប់លោកថាក់ស៊ីន គឺស្របតាមច្បាប់ឬយ៉ាងណា។ 
 
«អ្នកទោស ដែលអាចស្នើរួចពីទោសបាន ត្រូវតែមានស្ថានភាពជំងឺធ្ងន់ធ្ងរ ឬមានអាយុចាស់ជាង ៧០ឆ្នាំ និងមិនអាចថែទាំខ្លួនឯងបានត្រឹមត្រូវ»។ លោក Tawee Sodsong រដ្ឋមន្រ្តីយុត្តិធម៌ បានឆ្លើយសំណួរបែបនេះ នៅចំពោះមុខសមាជិកសភាផ្សេងទៀត ក្នុងថ្ងៃទី២២ ខែកុម្ភៈ។ ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តី ចង់បញ្ជាក់ថា លោកថាក់ស៊ីន គឺត្រូវតាមលក្ខខណ្ឌនេះ។
 


ដោយបន្តការពារការសម្រេចលើកលែងទោសលើលោកថាក់ស៊ីន រដ្ឋមន្រ្តីយុត្តិធម៌ បានអះអាងថា អ្នកទោស ត្រូវតែមានសកម្មភាពប្រចាំថ្ងៃពឹងផ្អែកលើអ្នកដទៃ ក្នុងនោះមានដូចជា ការបរិភោគអាហារ, ងូតទឹក, ស្លៀកពាក់ និងការធ្វើចលនាជាដើម។ ការលើកលែងទោសមុនពេលកំណត់នេះទៀតសោត គឺអនុវត្តឱ្យស្របតាមបទបញ្ញត្តិដាក់ចេញដោយនាយកដ្ឋានកែប្រែ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ជុំវិញការបញ្ចេញអត្តសញ្ញាណវេជ្ជបណ្ឌិតទទួលបន្ទុកលើលោកថាក់ស៊ីន លោក Tawee បានពន្យល់ថា វាជារឿងសម្ងាត់ ហើយការបញ្ចេញព័ត៌មានបែបនេះ គឺទាមទារការយល់ព្រមពីអ្នកជំងឺ លោកថាក់ស៊ីនផ្ទាល់តែម្តង។ 
 
បន្ទាប់ពីត្រលប់មកប្រទេសវិញក្នុងខែកញ្ញ ឆ្នាំ២០២៣ លោកថាក់ស៊ីន បានចំណាយពេលក្នុងពន្ធនាគារត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលបញ្ជូនទៅមន្ទីរពេទ្យប៉ូលិស ក្នុងក្រុងបាងកក ដោយសារមានការឈឺចាប់លើទ្រូង និងសម្ពាធឈាមឡើងខ្ពស់ជាដើម៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com