អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទូតអឺរ៉ុបសរសើរកម្ពុជាផ្តល់តម្លៃលើអធិបតេយ្យប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែន
23, Feb 2024 , 4:09 pm        
រូបភាព
ទាហានអ៊ុយក្រែនកាន់ទង់ជាតិនៅលើរថពាសដែកក្នុងតំបន់ Donetsk ។ រូបភាព​ ៖ AFP
ទាហានអ៊ុយក្រែនកាន់ទង់ជាតិនៅលើរថពាសដែកក្នុងតំបន់ Donetsk ។ រូបភាព​ ៖ AFP
អតីតរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក  Pavlo Klimkin បានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តផ្តល់ជំនួយបន្ថែម ដើម្បីបន្តប្រយុទ្ធនឹងរុស្ស៊ី។ ចំណែកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចាត់ទុកការប្រឆាំងរបស់កម្ពុជាសម្រាប់ការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ជាការផ្តល់តម្លៃដល់អធិបតេយ្យ និងបូរណភាពដែនដី។

 
ក្នុងពេលជាប់ដៃប្រយុទ្ធជាមួយរុស្ស៊ី អ៊ុយក្រែន កំពុងមនុស្សធម៌ និងយោធាខ្លាំង។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Pavlo Anatoliiovych Klimkin បាននិយាយថា ជំនួយយោធាដែលអ៊ុយក្រែនរំពឹងពីអាម៉េរិកពេលនេះមិនមានទេ ដោយសារសមាជិកសភាអាម៉េរិកកំពុងខ្វែងគំនិតគ្នា​ ទាក់ទិននឹងការចំណាយ។ 
 
«បញ្ហាប្រឈមចំពោះមុខរបស់អ៊ុយក្រែនពេលនេះដែលយើងត្រូវការបំផុត គឺជំនួយផ្នែកយោធា ជាពិសេសគ្រឿងសព្វាវុធ »។ លោក Pavlo Klimkin បានលើកឡើងបែបនេះ តាមរយៈប្រព័ន្ធវីឌីអូ Zoom ក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ជាការគំរាមកំហែងមូលដ្ឋានលើប្រព័ន្ធច្បាប់ក្រោយសង្គ្រាមលោកលើកទី២ របស់មជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់(CCRS)នៅថ្ងៃទី២២ ខែកុម្ភៈ។ 
 
លោក Pavlo Klimkin​ ជាដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩។ 
 


ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជាលោក Igor Driesmans ដែលបានចូលរួមកិច្ចពិភាក្សាដែរនោះលើកឡើងថា  ពិភពលោកប្រារព្ធខួបលើកទី២ នៃសង្គ្រាមនៅអ៊ុយក្រែនដ៏គួរឱ្យខ្មាស់អៀនបំផុត ដែលរុស្សី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ព្រៃផ្សៃ និង​បំពាន​គោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដីមកលើអ៊ុយក្រែន។ 
 
ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង សហភាពអឺរ៉ុបបានផ្តល់ប្រាក់ចំនួន ៨៥ពាន់លានអឺរ៉ូដល់អ៊ុយក្រែនក្នុងជំនួយមនុស្សធម៌ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងយោធា។ 
 
ទ​ន្ទឹមនេះ ថវិកាប្រមាណ ៥០ពាន់លានអឺរ៉ូ នឹងផ្តល់ឱ្យ អ៊ុយក្រែនសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុជាទៀតទាត់ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៧។ មូលនិធិនេះ​ នឹងជួយឱ្យអ៊ុយក្រែនស្តារឡើងវិញ និងការកែទម្រង់សេដ្ឋកិច្ចរួមទាំងអ្វីដែលចាំបាច់នៅលើផ្លូវឆ្ពោះទៅកាន់ជាសមាជិកសហភាពអឺរ៉ុប។ 
 
លើសពីនេះ សហភាពអឺរ៉ុបក៏បានផ្តល់ជំនួយយ៉ាងច្រើន ទៅដល់អ៊ុយក្រែនដែលមានទំហំ ២៨ពាន់លានអឺរ៉ូរហូតមកដល់បច្ចុប្បន្ន។ 
 
លោក Igor Driesmans បានសង្កត់ធ្ងន់ថា​ ៖« យើងនឹងបន្តធ្វើវាសម្រាប់រយៈពេលយូរដើម្បីជួយអ៊ុយក្រែនក្នុងការយកឈ្នះ។ ការគាំទ្ររបស់យើង នឹងមិនថមថយនោះទេ»។ 
 
បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏បានរំលេចឡើងពីកម្ពុជាដែលសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៊ីនៅអង្គការសហប្រជាជាតិ ដែលអតីតនាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន​សែន ធ្លាប់បាននិយាយថា ៖«កម្ពុជាឱ្យតម្លៃលើគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋធម្មនុញរបស់អង្គការសហប្រជាជាតិ»។ លោកថា​ គោលការណ៍ទាំងនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសតូចៗដែលមានប្រទេសជិតខាងធំ និងខ្លាំងជាងដូចជាកម្ពុជា។ 
 
ការដាក់ទណ្ឌកម្មបានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីមានផលប៉ះពាល់យ៉ាងខ្លាំង ដែលធ្វើឱ្យវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ីនៅឯកោពីប្រព័ន្ធពិភពលោក។ យ៉ាងណាមិញ លោកបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមិនប៉ះពាល់ដល់ទំនិញម្ហូបអាហារផ្សេងទៀត រវាងរុស្ស៊ី និងប្រទេសទី៣នោះទេ។ 
 
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃជម្លោះរយៈពេលដប់ឆ្នាំដែលបានចាប់ផ្តើមជាមួយនឹងលេបត្របាក់គ្រីមេរបស់រុស្ស៊ី និងបានបង្ហាញពីចំណុចរបត់ប្រវត្តិសាស្ត្រសម្រាប់សន្តិសុខអឺរ៉ុប។ អ្នកជំនាញខ្លះចាត់ទុកការប្រមើលមើលនេះថាជាផ្នែកមួយនៃការអាក់អន់ចិត្តរបស់វិមានក្រឹមឡាំងចំពោះការពង្រីកក្រោយសង្គ្រាមត្រជាក់របស់ណាតូទៅក្នុងអតីតដែនឥទ្ធិពលសូវៀត។ 
 
សង្គ្រាមបានបំផ្លិចបំផ្លាញធនធានយ៉ាងច្រើន និងបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។ វាក៏បានជំរុញឱ្យមនុស្សជាង ៣លាននាក់ភៀសខ្លួនចេញពីអ៊ុយក្រែន ដែលអង្គការសហប្រជាជាតិបានហៅថាជា វិបត្តិជនភៀសខ្លួនកើនឡើងលឿនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២៕ 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  CCRS
© រក្សាសិទ្ធិដោយ thmeythmey.com