កីឡាជាតិ
ជាតិ
កីឡាការិនីប៊ីយ៉ាការ៉ុម​ ស្រួង ភាវី ឈរចំណាត់ថ្នាក់លេខ១ នៅកូរ៉េខាងត្បូង
27, Feb 2024 , 2:45 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី កំពុងប្រកួតប៊ីយ៉ាការ៉ុម។ រូបពីហ្វេសប៊ុក ស្រួង ភាវី។
កីឡាការិនី ស្រួង ភាវី កំពុងប្រកួតប៊ីយ៉ាការ៉ុម។ រូបពីហ្វេសប៊ុក ស្រួង ភាវី។
អ្នកនាង ស្រួង ភាវី កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ដែលបានរស់នៅប្រទេសកូរ៉េខាងត្បូង អស់រយៈពេលជិត ១០ឆ្នាំ ឈរនៅចំណាត់ថ្នាក់លេខ១ មាន៥៥៤០០ពិន្ទុ លើវិញ្ញាសានារី ក្នុងស្ថាប័ន Professional Billiard Association (PBA)។ កីឡាការិនីវ័យ៣៤ឆ្នាំរូបនេះ មោទកភាពខ្លាំង ដោយបានឃើញទង់ជាតិកម្ពុជា ឈរនៅកំពូលតារាង ដែលមានកីឡាការិនី សរុប១៦៧នាក់។



PBA គឺជាស្ថាប័នកីឡាប៊ីយ៉ាអន្ដរជាតិដ៏ធំមួយ ប្រចាំនៅកូរ៉េខាងត្បូង។ អ្នកនាង ស្រួង ភាវី ប្រកួតឈ្នះជាច្រើនលើក ដោយមានពិន្ទុ ៥៥៤០០ ច្រើនជាងគេ និងឈរនៅចំណាត់ថ្នាក់លេខ១ តាមពីក្រោយដោយកីឡាការិនីកូរ៉េខាងត្បូង Min-a Kim មានពិន្ទុ៥៤៧០០។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនីជប៉ុន Ayako Sakai មាន៥០៥០០ពិន្ទុ។ 
 
កីឡាការិនីកម្ពុជារូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ពិន្ទុនេះ គឺជាសមិទ្ធផល និងទិន្នផលនៃការប្រកួតប្រចាំឆ្នាំរបស់កីឡាការិនីម្នាក់ៗ ដែលបានប្រកួតក្នុង១ឆ្នាំៗ។

ចំណាត់ថ្នាក់របស់អ្នកនាងស្រួងភាវី

ពិន្ទុតិច ឬច្រើន ទៅតាមការធ្វើបានល្អក្នុងប្រកួតនីមួយៗ។ អ្នកនាង ស្រួង ភាវី បន្ថែមទៀតថា លទ្ធផលនេះ មិនមែនមានន័យថា រូបខ្លួនល្អជាងគេប៉ុន្មានទេ ប៉ុន្ដែគឺជាការខិតខំប្រឹងប្រែងរបស់ខ្លួន ធ្វើឲ្យបានល្អគ្រប់ការប្រកួត។
 
បន្ទាប់ពីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងស្ថាប័ននេះ កីឡាការិនី ស្រួង ភាវី បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖«ភាវីដណ្ដើមបានពិន្ទុលេខ១វិញហើយ។ រាល់​ពេល​បាន​លើក​ទង់ជាតិ​ខ្មែរ​យើង​ម្ដង​ៗ អារម្មណ៍​របស់​នាង​ខ្ញុំ​ ពិត​ជា​មាន​មោទកភាព​ និង​អស្ចារ្យ​ខ្លាំង​ណាស់។»។
 
គួរបញ្ជាក់ថា កីឡាការិនីវ័យ ៣៣ឆ្នាំរូបនេះ បានលើកមុខមាត់កម្ពុជា និងតម្លៃស្ដ្រីកម្ពុជា ជាបន្តបន្ទាប់ នៅប្រទេសកូរ៉េខាងត្បូង តាមរយៈជំនាញប៊ីយ៉ាកូរ៉ុមនេះ។ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ភាវី បានទៅរស់នៅប្រទេសកូរ៉េ ជាង១០ឆ្នាំហើយ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជនជាតិកូរ៉េ រស់នៅខេត្ត Chungcheong ៕

Tag:
 ស្រួង ភាវី
  ប៊ីយ៉ាការ៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com