ជាតិ
អ្នកភូមិជើងភ្នំគូលែន យកអាហារ និងនំ មកអរគុណម្ចាស់ជំនួយនិងគ្រូដែលបានបង្រៀន​​កូន​​​ចៅខ្លួន
27, Feb 2024 , 6:59 pm        
រូបភាព
អ្នកភូមិជាអាណាព្យាបាលសិស្សរៀននៅសាលាតាពេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាំគ្នាយកម្ហូបអាហារមកចូលរួមអបអរពីបើកសម្ពោធអគារសិក្សាមួយខ្នង នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
អ្នកភូមិជាអាណាព្យាបាលសិស្សរៀននៅសាលាតាពេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាំគ្នាយកម្ហូបអាហារមកចូលរួមអបអរពីបើកសម្ពោធអគារសិក្សាមួយខ្នង នៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕
សៀមរាប៖ ផ្លែឈើ​ សម្ល និងបង្អែមជាច្រើនមុខ ត្រូវបានអ្នកភូមិជើងភ្នំគូលែន ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាំយកមកធ្វើពិធីជប់លៀង នៅសាលាបឋមសិក្សា និង​អនុវិទ្យាល័យ​តាពេន។ អ្នកស្រី ស៊ីណូ តំណាងអាណាព្យាបាលសិស្ស បាននិយាយថា​ សកម្មភាពភាពនេះ គឺដើម្បីបង្ហាញពីការដឹកនាំសាលា និងម្ចាស់ជំនួយ ដែលបានបង្រៀន​កូនៗ​របស់ពួកគេ។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖ ThmeyThmey, អ្នកភូមិជើងភ្នំគូលែន, សៀមរាប, សាលាតាពេន

 
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ នៅឯសាលាបឋមសិក្សា និងអនុវិទ្យាល័យ​តាពេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបើកសម្ពោធសាលារៀនមួយខ្នង (៣បន្ទប់) ដែលជាជំនួយថវិការបស់កុមារស្វីស បានមកពីការប្រគំតន្ត្រី។ ក្នុងពិធីសម្ពោធនោះដែរ គេឃើញមានពលរដ្ឋជាអាណាព្យាបាលសិស្ស ប្រមាណ៣០ ទៅ៤០នាក់ បាននាំយក​អាហារ នំចំណី ច្រើនមុខមកកម្មវិធីនោះ។ អាហារ និងនំចំណីទាំងនោះមាន​ដូចជាសម្ល​ក្រឡិត ​ការី ​កកូរ មាន់ឆាក្ដៅ នំបញ្ចុក នំគ្រក់ ដំឡូងស្ងោរ ផ្លែទឹកដោះគោ ស្វាយ សេដា ចេក ត្របែក អំពៅ ម្នាស់ បង្អែម និងនំខ្មែរច្រើន​មុខទៀត។
 
មូលហេតុដែលនាំឱ្យស្ត្រីទាំងនោះនាំគ្នារៀបចំអាហារ នំចំណីទាំងនេះ គឺដើម្បីបង្ហាញ​​ការ​ដឹងគុណដល់សាលារៀននេះ ដែលបានបណ្ដុះបណ្ដាលកូនចៅ​របស់​ពួកគេ ឱ្យ​មានការចេះ​ដឹង។
 
អ្នកស្រី ស៊ត ស៊ីណូ ដែលស្ថិតក្នុងចំណោមក្រុមស្ត្រីជាច្រើននាក់នោះ បានអះអាងថា គាត់​ពិត​ជាមានការដឹងគុណ​ណាស់ដល់ម្ចាស់ជំនួយ ដែលបានបង្កើតឱ្យមានសាលារៀននៅក្នុង​ឃុំ​​របស់ខ្លួន។ ​សាលារៀននេះ ធ្វើឱ្យកូនៗរបស់អ្នកភូមិ​​ងាយស្រួលធ្វើដំណើរទៅរៀន។  ម្យ៉ាង​​ទៀត​ សាលាបានជួយទំនុកបម្រុងសម្ភារសិក្សាជារៀងរាល់ឆ្នាំ សម្រាប់កូនៗ​របស់​ពួកគេផងដែរ។

«សប្បាយចិត្តណាស់ ដែលសាលាមកកសាងនៅទីនេះ! រំភើបណាស់ ដែល​គាត់​ជួយ យ៉ាងណាពួកគាត់ជួយកាត់បន្ថយការចំណាយ៥០ភាគរយ។ (បើអត់មាន​សាលា​​នៅទីនេះ)កូនៗពិបាកទៅរៀន ផ្លូវក៏ឆ្ងាយ ជូនកាលម៉ែឪខ្លះខ្វះខាតថវិកា​ទិញកង់​ឱ្យកូនជិះ»។ នេះជាការលើកឡើងរបស់ស្ត្រីមេម៉ាយកូន២ ស៊ត ស៊ីណូ។ 
 
គួរជម្រាបថា បឋមសិក្សា និងអនុវិទ្យាល័យតាពេន ស្ថិតក្នុងស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥៥គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ សាលានេះបើកទ្វារទទួលសិស្សពីថ្នាក់មេតេយ្យ រហូតដល់ថ្នាក់ទី៩ ចាប់តាំងពីឆ្នាំ២០១០ ក្រោម​កិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ដុងឌុយគ័រ។ មកទល់​ពេល​នេះ​សាលារៀនបាន​បើកទទួលសិស្សប្រមាណ១៣ឆ្នាំហើយ៕ 

Tag:
 ThmeyThmey
  អ្នកភូមិជើងភ្នំគូលែន
  សៀមរាប
  សាលាតាពេន
© រក្សាសិទ្ធិដោយ thmeythmey.com