កីឡាអន្តរជាតិ
អន្តរជាតិ
Haaland ស៊ុត៥គ្រាប់ម្នាក់ឯង ជួយ Man City ឈ្នះ Luton ឡើងវគ្គ៨ក្រុម FA Cup
28, Feb 2024 , 10:14 am        
រូបភាព
Erling Haaland រកបាន៥គ្រាប់ម្នាក់ឯង ជួយម្ចាស់ការពារតំណែងជើងឯក Manchester City ឈ្នះ Luton Town ៦-២ ឡើងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ FA Cup។ ចំណោម៥គ្រាប់របស់ Haaland រួមចំណែកពីការបញ្ជូនរបស់ Kevin de Bruyne ដល់ទៅ៤លើក។



៥គ្រាប់របស់ Haaland ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ FA Cup នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ កើតឡើងនៅវគ្គទីមួយចំនួន៣គ្រាប់ និងវគ្គទីពីរ ២គ្រាប់ មុនពេល Mateo Kovacic សម្រេចគ្រាប់ទី៦។ ២គ្រាប់របស់ Luton ធ្វើបានដោយ Jordan Clark។
 
មិនត្រឹមតែខ្សែប្រយុទ្ធអន្តរជាតិន័រវែសដែលចាត់ទុកថាជាម៉ាស៊ីនរកគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែ De Bruyne ក៏ជាអ្នកបញ្ជូនបាល់ (assist) ដ៏អស្ចារ្យផងដែរសម្រាប់ក្រុមលោក Pep Guardiola។ ខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិក បញ្ជូនបាល់ឱ្យ Haaland ដល់ទៅ៤លើក ចំណោមការសម្រេចទីទាំង៥គ្រាប់របស់គេ។
 
តាមរយៈជ័យជម្នះលើសលុបនេះ បានជួយ Man City ឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដើម្បីបន្តការការពារតំណែងជើងឯក FA Cup របស់ខ្លួន សម្រាប់រដូវកាល ២០២៣-២៤នេះ។
 
ដោយឡែក Leicester City, Newcastle United ក៏បានបន្តទៅវគ្គ៨ក្រុមចុងក្រោយផងដែរ។ Leicester ដែលស្ថិតនៅលីគលំដាប់ទី២អង់គ្លេស Championship បានទម្លាក់ Bournemouth នៃក្របខណ្ឌ Premier League ក្នុងលទ្ធផល ១-០ នៅវគ្គ១៦ក្រុម ស្របពេល Newcastle ឈ្នះ Blackburn Rovers ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-៣ ក្រោយបញ្ចប់ការប្រកួត ១-១៕
 

Tag:
 FA Cup
  Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com