អន្តរជាតិ
រុស្ស៊ីព្រមានផ្ទុះសង្គ្រាមជាមួយណាតូ បើហ៊ានបញ្ជូនទ័ពជួយអ៊ុយក្រែន
28, Feb 2024 , 10:49 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព Xinhua
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(ឆ្វេង) ជាមួយសមភាគីអាម៉េរិក លោក ចូ បៃឌិន។ រូបភាព Xinhua
វិមានក្រេមឡាំង នៅថ្ងៃទី២៧ ខែកុម្ភៈ បានព្រមានយ៉ាងមុតមាំថា ជម្លោះរវាងរុស្ស៊ី និងសម្ព័ន្ធមិត្ត យោធាណាតូដែលដឹកនាំដោយអាម៉េរិកនឹងជៀសមិនរួច ប្រសិនបើសមាជិកអឺរ៉ុបនៃសម្ព័ន្ធ យោធាមួយនេះបញ្ជូនកងទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

 
សង្រ្គាមនៅអ៊ុយក្រែនបានបង្កឱ្យមានវិបត្តិដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីមុនបានព្រមានរួចមកហើយពីគ្រោះថ្នាក់នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ រវាងណាតូ និងរុស្ស៊ីផងដែរ។ 
 
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី២៦ ខែកុម្ភៈ បានស្វះស្វែងរកការបញ្ជូនទ័ពទៅជួយច្បាំងអ៊ុយក្រែន ស្របពេលសង្រ្គាមឈានចូលឆ្នាំទីបី។ ពាក់ព័ន្ធនឹងការបញ្ជូនទ័ពនេះ បណ្តាប្រទេសអឺរ៉ុប មិនទាន់មានការឯកភាពគ្នានៅឡើយទេ។ លោកក៏បានសន្យាថា បណ្ដាប្រទេសលោកខាងលិច នឹងធ្វើអ្វីគ្រប់យ៉ាងដែលត្រូវធ្វើដើម្បីរារាំងកុំឱ្យរុស្ស៊ីឈ្នះសង្គ្រាម។
 
ក្រោយការលើកឡើងរបស់មេដឹកនាំបារាំង​ រុស្ស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ បានព្រមានសារជាថ្មីថា ការចូលរួមរបស់សម្ព័ន្ធណាតូជាមួយកងកម្លាំងអ៊ុយក្រែន នឹងបង្កឱ្យមានការប៉ះទង្គិចជាមួយខ្លួន។ បើតាម អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ការបញ្ជូនទ័ពរបស់ណាតូមកដីអ៊ុយក្រែន ជារឿងដែលចៀសមិនរួច។ 
 
លោក Peskov បញ្ជាក់ផងដែរថា លោកខាងលិចគួរតែសួរខ្លួនឯងថាការសម្រេចចិត្តចូលរួមជា មួយអ៊ុយក្រែនបែបនេះគឺស្ថិតនៅក្នុងផលប្រយោជន៍នៃប្រទេស និងប្រជាជនរបស់ពួកគេដែរ ឬយ៉ាងណា។
 
យ៉ាងណាមិញ ផ្ទុយពីនេះ មន្ត្រីសេតវិមានបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អាម៉េរិក មិនមានគម្រោងបញ្ជូនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែនទេហើយក៏មិនមានគម្រោងបញ្ជូនកងទ័ពណាតូទៅប្រយុទ្ធនៅអ៊ុយក្រែនដែរ។ អាម៉េរិកដែលជាមហាអំណាចនៅពីក្រោយសម្ព័ន្ធណាតូ និងរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ច្រើនបំផុតរបស់ពិភពលោក ហើយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ធ្លាប់បាន​ព្រមាន​ថា ជម្លោះ​រវាង​រុស្ស៊ី និង​​ណាតូអាច​បង្ក​ជា​សង្រ្គាម​លោក​លើក​ទី៣៕

Tag:
 រុស្ស៊ី
  ណាតូ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com