កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo មានអ្នកតាមដានលើ Instagram ច្រើនជាងគេលើលោក តាមពីក្រោយដោយ Messi
28, Feb 2024 , 3:10 pm        
រូបភាព
ខ្សែប្រយុទ្ធ Cristiano Ronaldo បន្តនាំមុខដាច់ក្នុងនាមជាបុគ្គលដែលមានចំនួនអ្នកតាមដាន (Follower) ច្រើនបំផុតនៅលើលោក ក្នុងបណ្តាញសង្គម Instagram ក្នុងចំនួន ៦៦២លាននាក់ ដោយនាំមុខគូប្រជែង Lionel Messi ដែលមានចំនួន ៥០០លាននាក់។



ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ វ័យ ៣៩ឆ្នាំ បន្តរក្សាការនាំមុខដាច់ក្នុងនាមជាបុគ្គលដែលមានអ្នកចុចតាមដានច្រើនជាងគេបង្អស់នៅលើពិភពលោក សម្រាប់បណ្តាញសង្គម Instagram។ ​Messi ប្រធានក្រុមអាហ្សង់ទីន ទើបកើនចំនួនចុចតាមដានដល់ ៥០០លាននាក់ ដើម្បីក្លាយជាបុគ្គល និងជាកីឡាករបាល់ទាត់ទីពីរ នៅលើពិភពលោក មានអ្នកតាមដានច្រើន។ ចាប់តាំងពីផ្លាស់ទៅលេងនៅក្លិប Inter Miami ក្នុងទឹកដីប្រទេសអាម៉េរិក ​Messi ហាក់មានប្រជាប្រិយភាពខ្លាំងឡើងបន្ថែមទៀត ព្រោះមានក្រុមតារាល្បីចម្រៀងល្បីៗ និងតារាសម្តែងល្បីលើពិភពលោក រស់នៅអាម៉េរិក តែងតែទៅទស្សនាការប្រកួតរបស់គេ។
 
កីឡាករវ័យ ៣៦ឆ្នាំ បានទាក់ទាញភ្នែកអ្នកគាំទ្រច្រើនលាននាក់ឱ្យងៀកចាប់អារម្មណ៍លើលីគ MLS ដោយរូបគេក៏មានវត្តមានលេងឱ្យ Inter Miami ជាមួយអតីតមិត្តរួមក្រុមកាលនៅ Barcelona រួមមាន Sergio Busquets, Luis Suarez និង Jordi Alba ជាដើម។
  


ការផ្លាស់ប្តូរមកកាន់ប្រទេសអាម៉េរិកនេះហើយ ដែលជួយរុញច្រានរូបគេឱ្យមានកំណើនអ្នកតាមដានឡើងដល់ ៥០០លានកាក់ លើបណ្តាញសង្គម Instagram។ ត្រឹមរយៈពេល ៣០ថ្ងៃចុងក្រោយ Messi ទទួលបានចំនួនអ្នកចុចតាមដានថ្មីជាង ២,១លាននាក់នៅលើ Instagram។
 
​ក្រៅពីតារាបាល់ទាត់លំដាប់កំពូលពិភពលោកទាំងពីរ ឈរកំពូលតារាងមានចំនួនអ្នកតាមដានច្រើន តារាច្រៀងស្រី Selena Gomez ឈរនៅលំដាប់ទី៣ ចំនួន ៤២៩លាននាក់, លេខ៤ តារាបង្ហាញម៉ូត Kylie Jenner ៤០០លាននាក់, Dwayne ”The Rock” Johnson តារាសម្តែង ៣៩៦លាននាក់ ឈរលំដាប់ទី៥, តារាចម្រៀងស្រី Ariana Grande លេខ ៦ ចំនួន ៣៨០លាននាក់, តារាបណ្តាញសង្គមអាមេរិក Kim Kardashian ៣៦៤លាននាក់ នៅលេខ៧, លេខ ៨ បានលើតារាចម្រៀងស្រី Beyonce ចំនួន ៣១៩លាននាក់, លេខ ៩ តារាបណ្តាញសង្គម Khloe Kardashian ចំនួន ៣១១លាននាក់ និងតារាបង្ហាញម៉ូត​ ​Kendal Jenner នៅលេខ ១០ ចំនួន ២៩៤លាននាក់។
 
សម្រាប់តែក្នុងវិស័យកីឡាបាល់ទាត់វិញ​ កីឡាករប្រេស៊ីល Neymar Jr នៅចំណាត់ថ្នាក់ទី៣ មានចំនួនតាមដាន ២១៩លាននាក់ អតីតមិត្តរួមក្រុមនៅ Paris Saint Germain កីឡាករ Kylian Mbappe មានចំនួន ១១២លាននាក់ និងអតីតខ្សែបម្រើពូកែក្នុងការស៊ុតបាល់ពិន័យ ​Freekick លោក David Beckham ម្ចាស់ក្លិប Inter Miami មានចំនួនអ្នកចុចតាមដាន ៨៧លាននាក់៕





Tag:
 Cristiano Ronaldo
  Lionel Messi
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com