RFI
អន្តរជាតិ
ការកាប់បំផ្លាញព្រៃឈើ៖ ក្រុមហ៊ុន​សហគ្រាស សន្យាផ្សេង ធ្វើ​ផ្សឹង
28, Feb 2024 , 7:39 pm        
រូបភាព
កន្លែង​កាប់ព្រៃ​ដាំដំណាំកសិកម្ម​មួយ​កន្លែងនៅប្រេស៊ីល។ REUTERS - UESLEI MARCELINO
កន្លែង​កាប់ព្រៃ​ដាំដំណាំកសិកម្ម​មួយ​កន្លែងនៅប្រេស៊ីល។ REUTERS - UESLEI MARCELINO
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
 
អង្គការការពារបរិស្ថាន​អង់គ្លេស​ Global Canopy បាន​រិះគន់ថ្កោលទោស​ក្រុមហ៊ុន​អន្តរជាតិ និង​សហ​គ្រាស​ហិរញ្ញ​វត្ថុ​ធំៗ​ ប្រមាណ​ជាង ៥០០ ដែលបាន​​សន្យាថា​មិន​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញព្រៃឈើ ក៏ប៉ុន្តែ ពុំបាន​បំពេញ​តាម​ការ​សន្យានោះឡើយ​។ នេះបើតាម​​​របាយការណ៍ ចុះ​ផ្សាយ​ថ្ងៃអង្គារ៍ទី​២៧កុម្ភៈ​។ អង្គការ​ Global Canopy បញ្ជាក់ថា ហេតុ​ផល​ចម្បង​នៃការកាប់បំផ្លាញ​ព្រៃឈើ ដើម្បីយក​ឈើប្រណិត និង​យក​ដីធ្វើ​កសិកម្ម ​ស​ម្រាប់​ដាំដំណាំ ដូច​ជា ​កាកាវ  កាផែ(កាហ្វេ) សណ្ដែក ដូងប្រេង​ កៅស៊ូ ហើយ​និង ​កាប់ព្រៃ​យក​ដី​ធ្វើ​កសិដ្ឋាន​ចិញ្ចឹមសត្វគោ យកសាច់​។​​

 
​​ក្រុមហ៊ុន​អន្តរជាតិ និង​សហ​គ្រាស​ហិរញ្ញ​វត្ថុ​ធំៗ​ បាន​សន្យាធ្វើសកម្មជំនួញ​ មិនចូល​រួម​ពាក់ព័ន្ធ​​ក្នុង​សកម្មភាព​​កាប់​បំផ្លាញ​ព្រៃឈើ។ អង្គការ​ការពារ​បរិស្ថាន​អង់គ្លេស Global Canopy ​បាន​រិះគន់ថា ក្រុមហ៊ុន​សហ​គ្រាស​អន្តរជាតិ​​ធំៗ ចំនួន ៥០០ ដែល​ធ្លាប់​បាន​សន្យាដូច​ខាងលើនេះ​ នៅតែបន្ត​​ពាក់ព័ន្ធ​នឹងសកម្មភាព​កាប់ព្រៃ​ ដោយ​ផ្ទាល់ក្តី​​ ឬ​ដោយ​ប្រយោល​ក្តី​។​  Global Canopy លម្អិតថា ក្នុងចំណោមក្រុមហ៊ុន​​សហ​គ្រាស​ហិរញ្ញ​វត្ថុ ៣៥០ ​​មាន​ក្រុម​ហ៊ុន​ជាង ១០០ នៅតែ​ប្រើប្រាស់​ផលិតផល​ដើម​ ដែលពាក់ព័ន្ធនឹង​សកម្មភាព​កាប់​បំផ្លាញ់​ព្រៃ​ឈើ​​ ក្នុងឆ្នាំ២០២៣។ ក្នុងចំណោម​ធនាគារ​ហិរញ្ញវត្ថុ ​១៥០ ​មាន​ធនាគារជាង​៨០ ​ នៅតែ​បន្ត​ឲ្យ​ក្រុម​ហ៊ុន​ទាំងនោះ ខ្ចី​លុយ​រក​ស៊ី។​
 
Global Canopy សង្កត់ធ្ងន់ដែរថា ១០ឆ្នាំមុន សហគ្រាសក្រុមហ៊ុន​ជាច្រើន​បាន​សន្យា​​ក្នុង​កិច្ចប្រជុំ​កំពូល​​អង្គការសហប្រជាជាតិ​ ក្នុង​បុរីញូវយ៉ក​ អំពី​​ការ​ទទួល​ខុសត្រូវសង្គម​ ទៅ​លើ​វិស័យ​បរិស្ថាន​ធម្មជាតិ។ ពោលគឺ​សន្យារកស៊ី​​ដោយ​តម្លាភាព មិន​ប្រឡាក់ដៃ​ក្នុង​សកម្មភាព​បំផ្លាញ​ព្រៃឈើ។ ក៏ប៉ុន្តែ ក្នុងចំណោម​ក្រុមហ៊ុនសហគ្រាស ២៥៧​ដែល​បាន​សន្យា​ ​មាន​១ភាគ៣មិន​បាន​ផ្សាយ​បង្ហាញ​តម្លាភាព​ពី​​សកម្មភាព​ប្តេជ្ញា ដូច​ដែល​ខ្លួន​បាន​សន្យា​សោះ។ ជា​ឧទាហរណ៍​ជាក់ស្តែង​ ក្រុមហ៊ុន​ស្បែកជើងអាល្លឺម៉ង់ Deichmann (ដៃរម៉ាន) មិន​បាន​បង្ហាញ​ពី​ប្រភព​ផលិតផល​ដើម​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ទីតាំង​បំផ្លាញ​ព្រៃឈើ​ឡើយ កាលពី​ឆ្នាំ​ទៅ​មិញ​។ ចំណែក ក្រុមហ៊ុនហិរញ្ញវត្ថុដែល​មិន​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ ទាល់តែសោះ មានតួយ៉ាង ធនាគារបារាំង BPCE ក្រុមហ៊ុនអាមេរិក​​វិនិយោទុន BlackRock ធនាគារចិន Bank of China ហើយ​និង​ ធនាគារ​អាមេរិក Wells Fargo ។​
 
តាមការ​លើកឡើង​របស់​របាយការណ៍ Global Canopy គឺ នៅមាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​អន្តរ​ជាតិធំ​ផ្សេងៗ​ មិនដែល​បង្ហាញ​តម្លាភាព​ទាល់តែសោះ​អំពី​តម្លាភាព​នៃការប្តេជ្ញាចិត្ត​​ទប់​ទល់​ការ​បំផ្លាញព្រៃឈើ គឺ ធនាគារ​អាមេរិក ​ JPMorgan Chase (ជេភី ម័រហ្កាន់ ឆែស), ធនាគារ​អាមេរិក Bank of America ហើយ​និង ក្រុមហ៊ុន​ Mitsubishi UFJ Financial (មីស៊ូប៊ីស៊ី យូអេហ្វជេ ហ្វាយនែនសល់ គ្រុប)។
 
ដោយឡែក ​​​Global Canopy កត់សម្គាល់​ថា មាន​ក្រុមហ៊ុនខ្លះ ​​​​បង្ហាញ​ទិន្នន័យ​ស្តីពី​សកម្មភាព​របស់ខ្លួន​ ក្នុងការ​ប្តេជ្ញាចិត្ត​ទប់​ស្កាត់​ការ​បំផ្លាញព្រៃ មានអាទិ៍​ក្រុម​ហ៊ុន​ Adidas, Starbucks និង Gap ក៏ប៉ុន្តែ ក្នុងរយៈ​​ពេល​១០ឆ្នាំ ពួក​គេ​បានបង្ហាញសកម្មភាព​​តែ​ម្តងម្កាល​ប៉ុណ្ណោះ​ ក៏ស្កាត់ទៅវិញ​។
 
ក្រុមហ៊ុនលក់​គ្រឿង​សង្ហារឹម​ស៊ុយអែត Ikea (អាយគា) បាន​សន្យា​ថា រាល់​​ផលិត​ផល​របស់​ខ្លួន​ មិនជាប់ពាក់ព័ន្ធរឿង​កាប់បំផ្លាញព្រៃឈើឡើយ។ ​អង្គការ Global Canopy ក៏បាន​កោត​សរសើរ​ការ​ខំប្រឹងប្រែង​របស់ក្រុមហ៊ុននេះ ​ តែអង្គការ​ក៏បាន​លើកចំណុច​ខ្សោយ​ដែរ ជុំវិញ​បញ្ហា​ផលិត​ផល​ធ្វើពី ស្បែក​​ និង​​ក្រដាស។
 
អង្គការ​ការ​ពារ​បរិស្ថាន​​អង់គ្លេស​ Global Canopy​ ឲ្យ​អនុសាសន៍ថា គេ​ចាំបាច់​ត្រូវ​ធ្វើ​យុទ្ធនាការ​បន្ថែមទៀត ដើម្បី​បង្កើន​ការ​យល់ដឹង​ដល់​សាធារណៈជន​ ហើយ បើ​កាល​ណា​ពលរដ្ឋ​យល់ដឹង​ និងនាំគ្នា​ប្តេជ្ញាចិត្ត​ឈប់​ទទួល​សេវាកម្ម​និងឈប់​​ទិញផលិតផល​ពីក្រុមហ៊ុន​ជាប់ពាក់ព័ន្ធ​នឹងការ​កាប់​ព្រៃឈើ គឺជា​មធ្យោបាយ​ដាក់​សម្ពាធ យ៉ាង​ធំមួយ។ ម្យ៉ាងទៀត អង្គការ​ Global Canopy​ យល់ស្របចំពោះមធ្យោបាយ​ច្បាប់ ដូចដែល សហភាព​អឺរ៉ុប បា​នអនុម័ត​ក្នុង២០២៣ ចែង​​ថា ចាប់ពីឆ្នាំ២០២៥ ត្រូវ​ឈប់​ឲ្យ​នាំ​ចូល​ផលិត​ផល​កសិកម្ម​​ណា ដែល​រកឃើញថា​​ពាក់ព័ន្ធនឹង​ទីតាំង​កាប់​បំផ្លាញ​ព្រៃឈើ។ អង់គ្លេស​ក៏បាន​អនុម័ត​ច្បាប់​ស្រដៀងគ្នានេះដែរ​​៕​

© រក្សាសិទ្ធិដោយ thmeythmey.com