ជាតិ
«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ជាប្រធានបទបុណ្យទន្លេ នៅទឹកដីអង្គរ ឆ្នាំនេះ
28, Feb 2024 , 8:19 pm        
រូបភាព
 (រូបតំណាង) ទេសចរទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
(រូបតំណាង) ទេសចរទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
សៀមរាប៖ ពិធីបុណ្យទន្លេលើកទី៨ ក្នុងឆ្នាំនេះ ក្រសួងទេសចរណ៍ នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ពិធីនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»។



ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ព្រមទាំងជំរុញយុទ្ធនាការឆ្នាំទស្សនាសៀមរាប ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ។ 
 
លិខិតខាងលើបានបានសរសេរទៀតថា៖ «ព្រឹត្តិការណ៍នេះ នឹងរួមចំណែកជំរុញកំណើនទេសចរ និងបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្ដាខេត្តតាមដងទន្លេក្នុងប្រទេសកម្ពុជា ព្រមទាំងជួយជំរុញផ្សព្វផ្សាយនូវភាពសម្បូរបែប នៃអនុតំបន់តំបន់មេគង្គ»។ 
 
យោងតាមប្រភពខាងលើ ព្រឹត្តិការណ៍រយៈពេល២ថ្ងៃនេះ នឹងមានការសម្ដែងសិល្បៈ និងការប្រគំតន្រ្តី ពីសិល្បករជាតិ និងអន្តរជាតិ, ពិធីបាញ់កាំជ្រួច, ការតាំងពិព័រណ៍ផលិតផលទេសចរណ៍, មហោស្រពម្ហូបអាហារមេគង្គ និងសកម្មភាពកម្សាន្តនានា។ កម្មវិធីនឹងប្រព្រឹត្តិទៅ នៅតាមបណ្ដោយស្ទឹងសៀមរាប និងតំបន់ផាប់ស្ទ្រីត ក្នុងក្រុងសៀមរាប។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងចូលរួមបើកព្រឹត្តិការណ៍នេះ។ 
 
គួរជម្រាបថា «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ ​មាន​ភាពប្រសើរឡើង​។ 
 
កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្តជាច្រើនហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ៕ 

Tag:
 ThmeyThmey
  បុណ្យទន្លេសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com