សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីគ្រោងនាំចូលអង្ករបន្ថែម ១,៦លានតោន​
28, Feb 2024 , 6:09 pm        
រូបភាព
អតិថិជនទិញអង្ករក្នងផ្សារមួយកន្លែងនៅរដ្ឋធានីហ្សាការតា។ រូបភាព ៖ Antara
អតិថិជនទិញអង្ករក្នងផ្សារមួយកន្លែងនៅរដ្ឋធានីហ្សាការតា។ រូបភាព ៖ Antara
ទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ីនៅថ្ងៃទី២៦ ខែកុម្ភៈ បានប្រកាសថា រដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករបន្ថែមចំនួន ១,៦លានតោន ដើម្បីបំពេញទុនបម្រុងអង្ករក្នុងស្រុក។ នេះបើតាមទីភ្នាក់ងារឥណ្ឌូណេស៊ី Antara។

 
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចបង្កើនកូតានាំចូលអង្ករចំនួន ១,៦លានតោនទៀតនៅឆ្នាំ២០២៤ ដើម្បីបម្រុងការខ្វះខាតអង្ករក្រោយមានភាពយឺតយ៉ាវក្នុងការប្រមូលនៅឆ្នាំនេះ។ ឥណ្ឌូណេស៊ីបានជួបបាតុភូត El Nino កាលពីចុងឆ្នាំ២០២៣ ដែលធ្វើឱ្យខ្វះទឹកសម្រាប់ដាំស្រូវ។ ការប្រមូលផលស្រូវឆ្នាំនេះ រំពឹងថានឹងប្រព្រឹត្តិទៅនៅខែឧសភា និងមិថុនា ឆ្នាំ២០២៤ ដែលជំនួសឱ្យខែមីនា និងមេសាជារៀងរាល់ឆ្នាំ។
 
បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan ការនាំចូលអង្ករបន្ថែមចំនួន១​,៦លានតោនបន្ថែមនេះ បានបន្ថែមលើចំនួនកូតាអង្ករ ២លានតោនកាលពីដើមឆ្នាំ ដែលធ្វើឱ្យបរិមាណអង្ករនាំចូលកើនដល់ ៣,៦លានតោននៅឆ្នាំ២០២៤។
 
មកដល់​ពេល​នេះ ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ីទើបតែ​បាន​ចេញ​អាជ្ញាប័ណ្ណ​នាំ​ចូល​អង្ករ​ចំនួន ២លាន​តោន។ ចំណែកអាជ្ញាប័ណ្ណ​នាំ​ចូល​សម្រាប់​បន្ថែម​១,៦​លាន​តោន​បន្ថែមនេះ នឹង​ត្រូវ​ចេញ​ឆាប់ៗ​នេះ​បន្ទាប់​ពី​បញ្ចប់​នីតិវិធី​រដ្ឋបាល​ពាក់ព័ន្ធ​មួយ​ចំនួន។
 
ថ្មីៗនេះ តម្លៃអង្ករនៅក្នុងទីផ្សារឥណ្ឌូណេស៊ីកំពុងកើនឡើងយ៉ាងខ្លាំង ដោយសារតែកង្វះការផ្គត់ផ្គង់ច្រើន។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ឥណ្ឌូណេស៊ីបានជួបប្រទះឱនភាពស្រូវ ៨ខែជាប់ៗគ្នា ដោយសារផលិតកម្មក្នុងស្រុកធ្លាក់ចុះខ្លាំង។ 
 
ត្រឹមមួយខែដើមឆ្នាំនេះ​ ឥណ្ឌូណេស៊ីបាននាំចូលចំនួនអង្គរ ៤៤១,៩៣ពាន់តោន កើនឡើង ៨២,១៩ភាគរយបើធៀបនឹងខែមករា ឆ្នាំ២០២៣ គិតជាតម្លៃ ២៧៩,២លានដុល្លារ។ ក្នុង​នោះ​បរិមាណ​អង្ករ​នាំ​ចូល​ពី​ថៃ​មាន​២៣៧,៦៤​ពាន់​តោន ពី​ប៉ាគីស្ថាន​១២៩,៧៨​ពាន់​តោន មី​យ៉ាន់​ម៉ា​មាន​៤១,៦១​ម៉ឺន​តោន វៀតណាម​៣២,៣៤​ម៉ឺន​តោន កម្ពុជា​២,៥​ម៉ឺន​តោន៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com