កីឡាអន្តរជាតិ
អន្តរជាតិ
អស់អនាគត! កីឡាករវៀតណាម៥រូប ត្រូវបញ្ចប់អាជីពបាល់ទាត់មួយជីវិត ដោយសារល្បែងភ្នាល់
× សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បញ្ចប់អាជីពកីឡាករវៀតណាមចំនួន ៥ នាក់នៅក្នុងក្លិប Ba Ria Vung Tau FC (BRVT) នៃលីគកីឡាបាល់ទាត់កំពូលវៀតណាម V-League1 អស់មួយជីវិត ជុំវិញការកំណត់លទ្ធផលប្រកួត។
កីឡាករទាំង៥នាក់ដែលត្រូវ VFF ពិន័យមួយជីវិតរួមមាន Tran Ky Anh អាយុ២០ឆ្នាំ Nguyen Son Hai អាយុ៣០ឆ្នាំ Le Bang Gia Huy អាយុ២២ឆ្នាំ Nguyen Quang Huy អាយុ២០ឆ្នាំ និង Pham Van Phong អាយុ២០ឆ្នាំ។
បើតាមការផ្សាយរបស់កាសែត VN Express នៅថ្ងៃទី២៨ ខែកុម្ភៈ ចំណាត់ការដ៏ធ្ងន់ធ្ងរនេះ កើតឡើងក្រោយនគរបាលខេត្ត Ba Ria-Vung Tau បានបើកការស៊ើបអង្កេតលើកីឡាករទាំង ៥នាក់ នៅថ្ងៃទី១ ខែកុម្ភៈ ពីបទលេងល្បែងស៊ីសង។ មិនត្រឹមអ្នកទាំង៥នេះឡើយ មកទល់ពេលនេះ អាជ្ញាធរវៀតណាមបន្តពង្រីកសំណុំរឿងដើម្បីបញ្ជាក់ពីមុខសញ្ញាព្រហ្មទណ្ឌលើកីឡាករផ្សេងទៀត។ ក្រោយរកឃើញបទពិរុទ្ធនេះ ក្លិប BRVT បានបញ្ចប់កិច្ចសន្យារបស់កីឡាករទាំង៥នាក់តែម្តង។
ការស៊ើបអង្កេតរបស់មន្ត្រីប៉ូលីសវៀតណាម ក្នុងការប្រកួតរវាង BRVT និង Da Nang នៅកីឡដ្ឋាន Ba Ria នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៣ កីឡាករវៀតណាំទាំង៥នាក់ដែលបង្ហាញខ្លួននៅជម្រើសដំបូង បានព្រមព្រៀងគ្នាប្រកួតមិនសូវបានល្អ។ ពួកគេបានភ្នាល់ខាងក្រុម Da Nang ហើយជាលទ្ធផលក្រុម BRVT ចាញ់ ៣-១។
នៅក្នុងរដូវកាលនេះផងដែរ ក្រុម Dong Nai នៃលីគកំពូលវៀតណាម ក៏បានបញ្ចប់កិច្ចសន្យាកីឡាករ៤រូប ដែលលេងមិនសូវបានល្អ ក្រោយក្រុមចាញ់ BRVT ៤-០។ កីឡាករទាំង៤រូបនេះ មិនទាន់រកឃើញថាមានកំហុសកំណត់លទ្ធផល ឬក៏អត់នោះទេ។
នេះមិនមែនជាករណីថ្មីឡើយក្នុងវិស័យកីឡាបាល់ទាត់វៀតណាម។ VFF ធ្លាប់បានឃើញករណីកំណត់លទ្ធផលប្រកួតជាច្រើនលើក អំឡុងពេលកីឡាករ Nguyen Quoc Vuong និងមិត្តរួមក្រុមរបស់គេ លេងឱ្យវៀតណាម ក្នុងព្រឹត្តិការណកីឡាស៊ីហ្គេមឆ្នាំ ២០០៥ នៅហ្វីលីពីន៕
© រក្សាសិទ្ធិដោយ thmeythmey.com