សង្គមអន្តរជាតិ​
អន្តរជាតិ
ជនជាតិចិនម្នាក់ជាប់ពន្ធនាគារ ១០ខែ ព្រោះមានទំនាក់ស្នេហាជាមួយប្រពន្ធទាហាន
28, Feb 2024 , 9:59 pm        
រូបភាព
ពិធីរៀបការរបស់ទាហានមួយក្រុមនៅតំបន់ស្វយ័តស៊ិនជាំង ប្រទេសចិន ។ រូបភាព ៖ Xinhua
ពិធីរៀបការរបស់ទាហានមួយក្រុមនៅតំបន់ស្វយ័តស៊ិនជាំង ប្រទេសចិន ។ រូបភាព ៖ Xinhua
តុលាការចិនបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ១០ខែ ក្រោយលួចលាក់ទំនាក់ទំនងស្នេហាជាមួយអតីតមិត្តរួមការងារ ដែលជាប្រពន្ធរបស់ទាហានកំពុងមប្រើការនៅខេត្តផ្សេង។

 
តុលាការចិននៅតំបន់ Dunhua ខេត្ត Jilin នៅថ្ងៃទី១៤ ខែកមុ្ភៈ បានដាក់ទោសបុរសម្នាក់ត្រូកូល ម៉ា ឱ្យជាប់ពន្ធនាគារ ១០ខែ ពីបទបំផ្លិចបំផ្លាញអាពាហ៍ពិពាហ៍ទាហានដែលកំពុងបម្រើការក្នុងជួរកងទ័ពរំដោះប្រជាជនចិន (PLA)។ 
 
សាលក្រមបានកំណត់ថា លោក ម៉ា បានជួបនារីម្នាក់មានឈ្មោះ យួន ដែលជាអតីតមិត្តរួមការងារ។ នៅឆ្នាំ ២០២២ អ្នកទាំងពីរបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នា។ ក្រោយមក នារី យួន បានប្រាប់គូស្នេហ៍លួចលាក់ថា ខ្លួនបានរៀបការរួចហើយជាមួយបុរសម្នាក់កំពុងមប្រើការក្នុងកងទ័ពចិន។ 
 
ក្រោយមក លោក​ ម៉ា ក៏បានបញ្ចប់ទំនាក់ទំនងស្នេហាភ្លាមៗជាមួយនារី យួន ពេលនាងនិយាយថាទំនាក់ទំនងស្នេហាក្រៅផ្លូវការមួយនេះប្រឈមបទល្មើសព្រហ្មទណ្ឌ។ 
 
យ៉ាងណាមិញ មួយខែក្រោយមក ពួកគេទាំងពីរបានណាត់ជួបគ្នាម្តងទៀត ដោយសារលោក ម៉ា បាននិយាយថា មិនអាចរស់នៅដោយគ្មាននាងបាន។ អ្នក​ទាំង​ពីរ​រស់នៅ​ដូចជាប្តី​ប្រពន្ធ​នៅផ្ទះ​របស់លោក ​ម៉ា​។
 
បន្ទាប់មកនារី យួន បានសុំប្តីរបស់ខ្លួនដែលកំពុងបម្រើការនៅកងទ័ពលែងលះ។ រឿងនេះបាន​ធ្វើ​ឱ្យ​ទាហានជាប្តីរូបនោះ​សង្ស័យ​ថា ប្រពន្ធ​របស់​លោក​មាន​ទំនាក់ទំនង​ស្នេហាជាមួយអ្នកផ្សេង។
 
បុរសជាប្តីបានពិនិត្យមើលកាម៉េរ៉ានៅក្នុងសហគមន៍លំនៅឋាន ពេលលោកត្រឡប់មកផ្ទះវិញក្នុងថ្ងៃឈប់សម្រាក បានឃើញភាពមិនស្មោះត្រង់របស់ភរិយា ហើយក៏សម្រេចចិត្តរាយការណ៍ទៅប៉ូលិស។ 
 
តុលាការបាននិយាយថា លោក ម៉ា បានសារភាពចំពោះទង្វើរបស់ខ្លួន ដូច្នេះលោកត្រូវបានកាត់ទោសជាប់ពន្ធនាគារស្រាលជាងការកំណត់៣ឆ្នាំ មកត្រឹមតែ ១០ខែ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP ។
 
បើតាមច្បាប់ការពារជាតិចិន មិនត្រឹមតែផ្តល់តម្លៃខ្ពស់ចំពោះជីវិតអាពាហ៍ពិពាហ៍ទាហានទេ ថែមទាំងគោរព និងការពារកិត្តិយសពួកគេដែលកំពុងបម្រើក្នុងជួរកងទ័ព។ ដោយសារជារឿយៗ ទាហានតែងតែរស់នៅឆ្ងាយពីផ្ទះ ហើយមិនអាចមើលថែគ្រួសារបាន។ ដូច្នេះ នៅពេលទំនាក់ស្នេហាប្តីប្រពន្ធរបស់កងទ័ពជួបបញ្ហា នឹងធ្វើឱ្យស្មារតីបម្រើជាតិរបស់ពួកគេ ចុះខ្សោយងាយសត្រូវវាយប្រហារ៕ 

Tag:
 ចិន
  ទាហាន
  អាពាហ៍ពិពាហ៍
© រក្សាសិទ្ធិដោយ thmeythmey.com