កីឡាអន្តរជាតិ
អន្តរជាតិ
បុរសអុីស្លង់ម្នាក់លេងហ្គេមគ្រប់គ្រងបាល់ទាត់ ក្លាយជាគ្រូបង្វឹកក្លិបពិតប្រាកដ
29, Feb 2024 , 7:59 am        
រូបភាព
បុរសឈ្មោះ Orri Thorisson សញ្ជាតិអ៊ីស្លង់ ត្រូវបានក្លិប KV Vesturbaejar ក្នុងប្រទេសអ៊ីស្លង់ផ្ទាល់ហៅឱ្យទៅដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹក ក្រោយពេលដែលរូបគេបានចំណាយពេលជាង ១៣,៧០០ម៉ោង លេងហ្គេមកម្សាន្តជាអ្នកគ្រប់គ្រងក្លិបបាល់ទាត់។



Orri Thorisson ស្ថិតក្នុងទីក្រុង Reykjavik ប្រទេសអ៊ីស្លង់ នឹងត្រូវបង្វឹកក្រុមស្ថិតនៅលីគលំដាប់ទី៤ KV Vesturbaejar នៅក្នុងខែមីនា ខាងមុខ ខណៈពេលដែលក្លិបសម្លឹង រកការប្រជែងវិលត្រឡប់ឡើងទៅកាន់លីគកម្រិតខ្ពស់ឡើងវិញ។ ​ក្លិប KV Vesturbaejar ធ្លាក់មកកាន់លីគលំដាប់ទី៤ បន្ទាប់ពីក្រុមបានប្រកួតប្រជែងចាញ់ជាបន្តបន្ទាប់ ហើយត្រូវកាត់ចេញពីលីគទី២ និងលីគទី៣។
 
បុរសវ័យ ២៧ឆ្នាំ មុនពេលត្រូវក្លិបក្នុងស្រុកទាក់ទង រូបគេជាបុគ្គលិកធ្វើការពេញម៉ោងក្នុងអាជីវកម្មកម្រាលឥដ្ឋ។ ភាគច្រើន Orri តែងចូលលេងហ្គេមបង្វឹកបាល់ទាត់នៅក្នុងហ្គេម ​Football Manager រយៈពេល ៥៧១ នៅលើកុំព្យូទ័ររបស់គេដោយផ្ទាល់។

ជិត ២ឆ្នាំ ដែលបុរសវ័យ ២៧ឆ្នាំ បានដឹកនាំក្រុម Leicester City នៅក្នុងហ្គេមគ្រប់គ្រងបាល់ទាត់នោះ ឈ្នះពាន Premier League ៦លើក ជាប់ៗគ្នា។ កំណត់ត្រាដ៏ល្អក្នុងហ្គេមគ្រប់គ្រងបាល់ទាត់របស់គេ គឺដឹកនាំបាន ៨៣៣ប្រកួត ចាញ់ត្រឹមតែ ៨៤ប្រកួតប៉ុណ្ណោះ។
  

 
មូលហេតុដែល Orri Thorisson លេងហ្គេមគ្រប់គ្រងបាល់ទាត់ ព្រោះតែហ្គេមបានជួយដល់ផ្លូវចិត្តរបស់គេ ហើយក៏បានផ្តល់នូវការលួងលោមក្នុងគ្រាលំបាកដល់គេ។ ពីការលេងហ្គេមគ្រប់គ្រងបាល់ទាត់ទៀតសោត ក៏បានបង្រៀនដល់លោក Orri ពីបច្ចេកទេសការហ្វឹកហាត់ ការបង្កើតយុទ្ធសាស្ត្រ ការសម្រេចចិត្ត និងការស្វែងរកដំណោះស្រាយនានា អំឡុងពេលការប្រកួត ព្រមទាំងការយល់ដឹងពីទិន្នន័យការប្រកួតថែមទៀត។
 
ក្រោយពេលត្រូវបានក្លិបក្នុងស្រុកហៅទៅបង្វឹក នៅក្នុងការងារជីវិតពិត បុរសសញ្ជាតិអ៊ីស្លង់ បានប្តេជ្ញាថានឹងជួយដឹកនាំក្រុមឱ្យឈ្នះសំបុត្រ សម្រាប់ឡើងទៅកាន់លីគកម្រិតខ្ពស់ឡើងវិញនៅក្នុងរដូវកាល ២០២៣-២៤។
 
«ក្តីស្រម៉ៃរបស់ខ្ញុំគឺទទួលបានសំបុត្រឡើងទៅលីគបន្ទាប់ក្នុងរដូវកាលនេះ ហើយនឹងធ្វើឱ្យក្រុមគ្រួសាររបស់ខ្ញុំមានមោទកភាព។ ខ្ញុំចង់ជួយដល់ក្រុមកីឡាករឱ្យកាន់តែមានទំនុកចិត្ត ព្រមទាំងរីករាយខ្លាំងក្នុងពេលប្រកួត បន្ទាប់ពីខ្ញុំបានរីករាយនៅក្នុងការលេងហ្គេមបាល់ទាត់ដ៏ស្រស់ស្អាតមួយនេះ។ ខ្ញុំជឿថាពិតប្រាកដណាស់ថា វានឹងមានឥទ្ធិពលវិជ្ជមាននៅលើសមត្ថភាពគ្រប់គ្រងជីវិតពិតរបស់ខ្ញុំ។»។ បើតាមសម្តីរបស់លោក Orri ប្រាប់ទៅកាន់កាសែត SportBible។
 
លោក Orri នឹងចាប់ផ្តើមចូលដឹកនាំក្រុមប្រកួតប្រជែងលីគលំដាប់ទី៤ ទល់នឹងក្រុម Iprottafelag Hafnarfjardar ពីថ្ងៃទី៤ ខែឧសភាទៅ៕

Tag:
 អ៊ីស្លង់
  Orri Thorisson
© រក្សាសិទ្ធិដោយ thmeythmey.com