អន្តរជាតិ
សម្ព័ន្ធមិត្តណាតូ គ្មានចេតនាបញ្ជូនទ័ពជួយអ៊ុយក្រែនច្បាំងប្រឆាំងរុស្ស៊ី
28, Feb 2024 , 10:02 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រោយវិមានក្រេមឡាំងព្រមានពីការប៉ះទង្គិចកម្លាំងទ័ពជាមួយសម្ព័ន្ធយោធាណាតូ អាម៉េរិក និងសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុប នៅថ្ងៃទី២៧ ខែកុម្ភៈ បានលើកឡើងថា ពួកគេមិនមានគម្រោងបញ្ជូនកងទ័ពទៅអ៊ុយក្រែន ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ីនោះទេ។

 
ប្រធានាធិបតីបារាំង លោក ម៉ានុយអ៊ែល ម៉ាក្រុងកាលពីថ្ងៃទី២៦ ខែកុម្ភៈបានស្វះស្វែងរក ការបញ្ជូនទ័ពទៅជួយច្បាំងអ៊ុយក្រែន ខណៈរុស្ស៊ីបន្តបង្កើនកម្លាំងបន្ថែមទៀតក្នុងការលុកលុយជាងពីរឆ្នាំមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់ អង់គ្លេស អេស្បាញ ប៉ូឡូញ និងសាធារណៈរដ្ឋឆែក បានបដិសេដពីការលើកឡើងណាមួយដែលពួកគេអាចបញ្ជូនទ័ព ដើម្បីច្បាំងក្នុងសង្គ្រាមអ៊ុយក្រែន។
 
«...នឹងមិនមានកងទ័ពជើងគោក គ្មានទាហាននៅលើទឹកដីអ៊ុយក្រែនដែលបញ្ជូនទៅកាន់ ទីនោះដោយបណ្តាប្រទេសអឺរ៉ុប ឬរដ្ឋណាតូឡើយ»។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បញ្ជាក់បែបនេះ នៅថ្ងៃទី២៧ ខែកុម្ភៈ។ 
 
អាឡឺម៉ង់បានក្លាយជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ធំបំផុតទីពីរដល់ទីក្រុងកៀវចាប់តាំងពីរុស្ស៊ី
បានបើកការឈ្លានពានពេញទំហឹងរបស់ខ្លួនលើអ៊ុយក្រែន ប៉ុន្តែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះជំហានដែលនឹងទាញសម្ព័ន្ធភាពណាតូចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។
 
ទន្ទឹមនេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius លើកឡើងស្រដៀងគ្នានេះថា ជំនួយទាហានជើងគោកមិនមែនជាជម្រើសសម្រាប់អាល្លឺម៉ង់ឡើយ។ ក្រោយមកសេតវិមាន បានរំលឹកឡើងវិញថា ខ្លួនក៏មិនមានគម្រោងបញ្ជូនទាហានជើងគោកដែរ ផ្ទុយទៅវិញអាម៉េរិក ជំរុញឱ្យសមាជិកសភាអាម៉េរិកអនុម័តច្បាប់ជំនួយសន្តិសុខដែលជាប់គាំងដែលនឹងធានាឱ្យ
កងទ័ពអ៊ុយក្រែនទទួលបានអាវុធ និងគ្រាប់រំសេវដែលត្រូវការដើម្បីបន្តការប្រយុទ្ធរបស់ពួកគេ។
 
ទល់មុខសមាជិកសភាបារាំង រដ្ឋមន្ត្រីការបរទេសបារាំង លោក Stephane Sejournesaid បានបញ្ជាក់ពីការលើកឡើងរបស់លោកអេម៉ានុយអែល ម៉ាក្រុងថា លោកមានគំនិតក្នុងការបញ្ជូនកងទ័ព សម្រាប់កិច្ចការជាក់លាក់មួយចំនួនដូចជាការជួយលើការបោសសម្អាតមីន ការផលិតអាវុធ នៅនឹងកន្លែង និងការការពារតាមអ៊ីនធឺណិត។ សកម្មភាពទាំងនេះ អាចតម្រូវឱ្យមាន វត្តមានយោធានៅលើទឹកដីអ៊ុយក្រែន ដោយមិនចាំបាច់ឆ្លងកាត់កម្រិតនៃការប្រយុទ្ធគ្នា៕
 
 

Tag:
 រុស្ស៊ី
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com