កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករក្មេងៗបន្តជួយ Liverpool ឡើងវគ្គ៨ក្រុម FA Cup
29, Feb 2024 , 10:59 am        
រូបភាព
កីឡាករយុវជនរបស់លោក Jurgen Klopp បង្ហាញទេពកោសល្យរបស់ខ្លួនដើម្បីជួយ Liverpool ឈ្នះ Southampton ៣-០ ឡើងទៅវគ្គ៨ក្រុមចុងក្រោយ FA Cup បន្ទាប់ពីជួយក្រុមគ្រងជើងឯក League Cup ឆ្នាំ២០២៤។ Manchester United និង Chelsea បន្តទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ទាំងប្រផិតប្រផើយ។



ដោយសារកីឡាកររបួស បានបង្ខំលោក Klopp បន្តដាក់កីឡាករក្មេងៗក្នុងការប្រកួត​ ​FA Cup នាជំនួប Liverpool និង Southampton នៅវគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ។ ក្នុងវ័យ១៨ឆ្នាំដូចគ្នា Jayden Danns រកបាន២គ្រាប់ម្នាក់ឯង និង Lewis Koumas ១គ្រាប់ ដើម្បីជួយហង្សក្រហមឈ្នះ ៣-០។
 
បញ្ហាកីឡាករ មិនអាចរារាំង Liverpool ក្នុងការដណ្តើមយកជ័យជម្នះនោះឡើយ ដ្បិតកីឡាករយុវជនបានបង្ហាញភាពលេចធ្លោទាំងក្នុងប្រកួតលីគ Premier League, លីគខាប់ និង FA Cup។ កាលពីសប្តាហ៍មុន កីឡាករក្មេងៗទាំងនេះ បានជួយក្រុមលោក Klopp រកបាន៣ពិន្ទុ តាមរយៈការយកឈ្នះ Luton Town ៤-១ និងឈ្នះ Chelsea ១-០ ដើម្បីលើកពាន League Cup ឆ្នាំ២០២៤។
 
ឡើងវគ្គ៨ក្រុមចុងក្រោយ FA Cup ហង្សក្រហម ត្រូវប៉ះ Man Utd។ បិសាចក្រហមបានយកឈ្នះ Nottingham Forest វគ្គ១៦ក្រុម ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ ដែលសម្រេចទីដោយកីឡាករ Casemiro នៅនាទី៨៩។
 
Chelsea ក៏បានកៅអីទៅវគ្គ៨ក្រុមផងដែរតាមរយៈការយកឈ្នះ Leeds United ក្នុងលទ្ធផល ៣-២ ក្រោយបានត្រឹមរងជើងឯក League Cup។ ក្រុមលោក Mauricio Pochettino បន្តជួប Leicester City នៅវគ្គ៨ក្រុម។
 
Wolves ឡើងទៅជួប Coventry City វគ្គ៨ក្រុម ក្រោយឈ្នះ Brighton ១-០ នៅវគ្គ១៦ក្រុម។ ម្ចាស់ការពារតំណែងជើងឯក Manchester City ត្រូវតទល់ Newcastle United វគ្គ៨ក្រុមផងដែរ៕

Tag:
 FA Cup
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com