ជាតិ
សង្គមជាតិ
ហេតុអ្វីខេត្តសៀមរាប ទទួលបានជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូចំនួន៤ ឆ្នាំ២០២៣?
02, Mar 2024 , 2:29 pm        
រូបភាព
សៀមរាប៖ អង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៣ ខេត្តសៀមរាប ទទួលបានម្ចាស់ជ័យលាភីចំនួន៤ បើទោះបីមិនអាចគ្រងតំណែងលេខ១ក្ដី។ ជ័យលាភីជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ រួមមានអនុវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ជ័យលាភីលេខ២, សាលាបឋមសិក្សាវត្តបូព៌ លេខ៣, សាលាបឋមសិក្សាក្រវ៉ាន់ លេខ៦។ ចំណែកវិស័យសុខាភិបាលជាប់ចំណាត់ថ្នាក់លេខ២ គឺមណ្ឌលសុខភាព គោកចក។


 
ថ្វីបើមិនជាប់ចំណាត់ថ្នាក់លេខ១ ក៏មានស្ថាប័នចំនួន៤ជាប់ក្នុងតារាងកំពូលទាំង១០ផងដែរ។ ដើម្បីអបអរម្ចាស់ជ័យលាភីស្ថាប័នទាំង៤ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈនេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីក្បួនដង្ហែ ដើម្បីអបអរម្ចាស់ជ័យលាភីទាំង៤ នៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប។ 
 
យោងតាមក្រសួងមុខងារសាធារណៈ ម្ចាស់ជ័យលាភីលេខ១ វិស័យអប់រំមានចំនួន៣គឺ សាលាអនុវិទ្យាល័យភ្នំយ៉ាត ខេត្តប៉ៃលិន, សាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង និងសាលាបឋមសិក្សាសម្តេចជាស៊ីម ខេត្តបាត់ដំបង។ ចំណែកម្ចាស់ជ័យលាភីអង្គភាពគំរូចំណាត់ថ្នាក់លេខ១ វិស័យសុខាភិបាលគឺ មណ្ឌលសុខភាពសំរោង ខេត្តពោធិ៍សាត់។
 
គួរជម្រាបផងដែរថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារវាងក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាំងពីឆ្នាំ២០១៨ ដែលផ្ដោតលើវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។ 
 
គោលបំណងនៃការប្រកួតប្រជែងនេះ គឺដើម្បីបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា៕ 
 

Tag:
 ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com