ជាតិ
សុវត្តិភាព ចរាចរណ៍
ជនបរទេសម្នាក់​សុំទោស ក្រោយ​បង្ហោះសារមិនពិត​​ដែលនាំ​ឱ្យអ្នកលេងហ្វេសប៊ុក ជេរប៉ូលិសចរាចរណ៍
04, Mar 2024 , 10:51 am        
រូបភាព
បុរស​ជន​ជាតិអាហ្វ្រិក​ខាងត្បូងម្នាក់ បានសរសេរ​សារ និង​ចេញ​វីដេអូ ដើម្បី​សារភាព​ទោស​កំហុស​របស់​ខ្លួន ដែល​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​ប្រើ​ប្រាស់បណ្តាញសង្គម យល់​ច្រឡំ និងចោទ​ប្រកាន់​លើ​សមត្ថកិច្ច​អនុវត្ត​ច្បាប់។ បុរសឈ្មោះ Jacobus Francois du Toit បញ្ជាក់ថា អ្វីដែល​ខ្លួន​បាន​លើកឡើង គឺ​ដោយសារតែខ្លួន​ស្រវឹង និង​ខឹង​សមត្ថកិច្ច​ដែលបាន​ផាកពិន័យ​ខ្លួន។

 
កាលពី​យប់ថ្ងៃទី១ ខែមីនា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Franco du Toit រូបនោះ បាន​សរសេរថា ប៉ូលិសខ្មែរ​បាន​ដកហូត​ទូរសព្ទ​ ក្របួច​ក​ ​រុញច្រានខ្លួន​ ហើយ​ថែម​ទាំងគំរាម​ចាប់​ដាក់​គុក បើ​មិនប្រាក់​ពិន័យ​ទេនោះ ។ សាររៀបរាប់ អមដោយ​វីដេអូខ្លីពីសកម្មភាព​របស់​ប៉ូលិស និង​រូប Capture ផ្ទេរទឹក​ប្រាក់​២៥០​ដុល្លារ​តាម ABA ទាក់ទាញ​អ្នក​ប្រើប្រាស់​បណ្តាញសង្គមជាច្រើន ចូលជេរ និង​រិះគន់​សមត្ថកិច្ច​ចរាចរណ៍។
 
ក្រោយ​ល្បីសុះសាញពេញបណ្តាញសង្គម លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ​កោះហៅជន​បរទេសនោះទៅ​បំភ្លឺ។ នៅ​ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ Franco du Toit សារភាព​ថា ខ្លួនពិត​ជា​បាន​បើក​បរ​ក្រោមឥទ្ធិពល​ជាតិ​ស្រវឹង ០,៩១mg/L នៅខណ្ឌ​បឹងកេងកង ហើយសារខឹងសមត្ថកិច្ចផាកពិន័យចំនួន១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។ 


 
ក្នុង​លិខិតសុំទោសជាសាធារណៈ បុរស​បរទេស​រូបនោះ បាន​បន្ថែមថា ខ្លួនថែម​ទាំងមិន​បានពាក់មួក​សុវត្ថិភាព និង​ម៉ូតូគ្មាន​កញ្ចក់ ហើយ​វីដេអូ​ខ្លី​ដែល​ខ្លួន​បាន​បង្ហោះនៅ​លើ​ហ្វេសប៊ុក គឺភ្ជាប់ជាមួយនឹងព័ត៌មាន​មិន​ពិត ដែលនាំឱ្យមហាជន​រិះគន់​មន្ត្រីមាន​សមត្ថកិច្ច​របស់កម្ពុជា។
 
«ពេល​ខ្ញុំ​មក​ដល់​ផ្ទះ ខ្ញុំ​បាន​សរសេរព័ត៌មានមិន​ត្រឹមត្រូវសម្រាប់​វីដេអូ​ដែល​បង្ហោះនៅ​លើ​ហ្វេសប៊ុក​។ ខ្ញុំសុំទោស​ចំពោះកំហុស​នេះ ដោយសារតែខ្ញុំ​ស្រវឹង»។ Franco du Toit ទទួល​ស្គាល់ថា ខ្លួនពិតជាខុសដែលមិនគោរព​ច្បាប់ ហើយ​ណែនាំ​សាធារណជន​ថា ពេល​ស្រវឹងមិន​ត្រូវបើកបរនោះឡើយ។
 
បុរស​អាហ្រ្វិក​ខាងត្បូង​រូបនេះ បាន​សុំទោស​ពលរដ្ឋខ្មែរ ប៉ូលិស និង​រដ្ឋាភិបាល ចំពោះរាល់​ការផ្សព្វផ្សាយព័ត៌មានមិន​ត្រឹមត្រូវចំពោះហេតុ​ការណ៍ដែលបាន​កើតឡើង​នៅ​ចំណុ​ចផ្លូវ​លេខ​២៤៥ កែងមហាវិថីម៉ៅសេទុង៕



Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com