អន្តរជាតិ
អនុប្រធានាធិបតីអាម៉េរិក ឱ្យអុីស្រាអែលបើកច្រកមនុស្សធម៌ថ្មីទៅតំបន់កាហ្សា អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស។ រូបភាព AFP
×
ដោយ៖ ម៉ី មិនិត្យ
អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស នៅថ្ងៃទី៣ ខែមីនា បានប្រើពាក្យសម្តីខ្លាំងៗលើអុីស្រាអែល ដែលពុំបានប្រឹងប្រែងបន្ធូរបន្ថយ «គ្រោះមហន្តរាយមនុស្សធម៌» នៅក្នុងតំបន់កាហ្សា។ ការលើកឡើងរបស់មេដឹកនាំអាម៉េរិកបែបនេះ ធ្វើឡើងក្រោយ ប្រជាជនក្នុងតំបន់កាហ្សាប្រឈមបញ្ហាសន្តិសុខស្បៀងយ៉ាងខ្លាំង។
ប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សា កាន់តែខ្វះស្បៀងធ្ងន់ធ្ងរ ខណៈកុមារជាច្រើននាក់ បានបាត់បង់ជីវិតដោយសារតែខ្វះអាហារ និងខ្សោះជាតិទឹកក្នុងខ្លួន។ ក្នុងសុន្ទរកថាពីរដ្ឋ Alabama អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស បានប្រើពាក្យសម្តីខ្លាំងៗ ដោយជំរុញឱ្យអុីស្រាអែល បើកច្រកមនុស្សធម៌បន្ថែម និងឱ្យក្រុមហាម៉ាសត្រូវតែឯកភាពលើកិច្ចព្រមព្រៀង ដើម្បីឈានដល់បទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង។
«មនុស្សនៅកាហ្សាកំពុងស្រេកឃ្លាន។ ស្ថានភាពនេះមានភាពឃោរឃៅណាស់ ហើយយើងត្រូវតែធ្វើសកម្មភាព ដើម្បីមនុស្សជាតិរបស់យើង»។ លោកស្រី ហារីស បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣ ខែមីនា ដោយបន្តថា អុីស្រាអែល ត្រូវតែធ្វើអ្វីបន្ថែម ដើម្បីបង្កើនលំហូរជំនួយទៅក្នុងតំបន់កាហ្សា។ នេះជាសំដីធ្ងន់ជាងគេបំផុតពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងរដ្ឋាភិបាលអាម៉េរិកទៅលើអុីស្រាអែល ដែលបញ្ជាក់ពីការខកចិត្តយ៉ាងខ្លាំងលើសង្គ្រាម។
ក្នុងពិធីរម្លឹកខួបទី៥៩នៃ«Bloody Sunday»នៅទីក្រុង Selma រដ្ឋAlabama អនុប្រធានាធិបតីអាម៉េរិករូបនេះ បានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៦សប្តាហ៍ ដើម្បីអាចឈានដល់ការដោះលែងចំណាប់ខ្មាំង និងបង្កើនការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន។
ការលើកឡើងរបស់លោកស្រីហារីស ធ្វើឡើងក្រោយមានហេតុការណ៍បាញ់ប្រជាជនប៉ាឡេស្ទីនក្នុងពេលយកជំនួយ ពីសំណាក់អុីស្រាអែល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP យ៉ាងហោចណាស់ ប្រជាជនប៉ាឡេស្ទីនចំនួន ១១៥ នាក់បានស្លាប់ និង ៧៥០ នាក់របួស កាលពីថ្ងៃទី២៩ ខែកុម្ភៈ នៅភាគខាងជើងកាហ្សា។
សាក្សីបាននិយាយថា ទាហានអុីស្រាអែល បានបាញ់ប្រហារនៅពេលដែលហ្វូងមនុស្សយ៉ាងច្រើនរត់ ដើម្បីទាញទំនិញចេញពីក្បួនជំនួយ ខណៈដែលអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបាញ់នៅពេលដែលកងទ័ពរបស់ខ្លួនមានអារម្មណ៍ថាមានការគំរាមកំហែង។ ទាហានអុីស្រាអែល បានការពារផងដែរថា ប្រជាជនប៉ាឡេស្ទីនមួយចំនួន ស្លាប់ដោយការរត់ជាន់គ្នា។
នៅថ្ងៃទី២ ខែមីនា អាម៉េរិក បានទម្លាក់ជំនួយតាមអាកាសលើកដំបូង នៅតំបន់កាហ្សា ដែលមានម្ហូបហូបស្រាប់ចំនួន៣៨០០០ មុខ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ហារីស គ្រោងនឹងជួបជាមួយសមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benny Gantz នៅថ្ងៃទី៤ ខែមីនា នៅសេតវិមាន ដែលគេរំពឹងថានឹងនិយាយអំពីបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា អ៊ីស្រាអែល និង ហាម៉ាសបានគ្រោងជួបនៅទីក្រុង គែរ អេហ្ស៊ីប ដើម្បីចរចារពីបទឈប់បាញ់។ យ៉ាងណាមិញ អ៊ីស្រាអែលបានធ្វើពហិការកិច្ចពិភាក្សា ក្រោយពេលហាម៉ាសបដិសេធឱ្យបញ្ជីឈ្មោះចំណាត់ខ្មាំងដែលនៅសល់៕
Tag:
អុីស្រាអែល
កាហ្សា
សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com