កីឡាជាតិ
ជាតិ
ក្រៅពីចូលរួមអូឡាំពិកប៉ារីស និងគុនចម្រុះអាស៊ី កម្ពុជានឹងរៀបចំកីឡាជាតិ ឆ្នាំ២០២៤
07, Mar 2024 , 8:19 pm        
រូបភាព
កម្ពុជា នឹងចូលរួម និងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាសំខាន់ៗចំនួន៣ នៅឆ្នាំ២០២៤។ ក្រៅពីចូលរួមកីឡាអូឡាំពិករដូវក្តៅក្រុងប៉ារីស ប្រទេសបារាំង និងការប្រកួត​កីឡា​ក្នុង​សាល និង​យុទ្ធគុន​ចម្រុះអាស៊ី​ លើក​ទី​៦ (6th Asian Indoor & Martial Games 2024) នៅក្រុងបាងកក កម្ពុជា ក៏នឹងត្រូវរៀបចំកីឡា​ជាតិ ​លើក​ទី​៤ និង​ កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ ផងដែរ។



បើតាមការប្រកាស់របស់គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) គណៈកម្មាធិកា NOCC រួមជាមួយក្រសួង​អប់រំ យុវជន និង​កីឡា ត្រៀម​ខ្លួនរួចរាល់ហើយដើម្បី​រៀបចំ និង​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍កីឡា​សំខាន់​៣ ​​ក្នុង​ឆ្នាំ២០២៤ ដែល​​​​ជា​ឆ្នាំ​ ​គ្មាន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។ 
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានអះអាងរួចហើយថានឹងមានអត្តពលិកកម្ពុជា ចន្លោះពី៣ ទៅ៥នាក់ រួមជាមួយមន្ត្រីមួយចំនួន ទៅចូលរួមការប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤។ កម្ពុជា នឹងត្រូវមានអត្តពលិកប្រកួតជម្រុះដើម្បីដណ្តើមកៅអីទៅអូឡាំពិក។ យ៉ាងណាក៏ដោយ លោក វ៉ាត់ ចំរើន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទោះអត្តពលិកកម្ពុជាធ្លាក់វគ្គជម្រុះ ក៏នៅសល់សិទ្ធអនុគ្រោះដើម្បីបង្ហាញមុននៅប្រទេសបារាំងដែរ។
 
អូឡាំពិករដូវក្តៅក្រុងប៉ារីស នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៦ កក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
 
សម្រាប់ ព្រឹត្តិការណ៍កីឡា​ក្នុង​សាល និង​យុទ្ធគុន​ចម្រុះអាស៊ី​ លើក​ទី​៦​ ដែលនឹងធ្វើឡើងនៅក្រុងបាងកក ប្រទេសថៃឯណោះវិញ NOCC ក៏នឹងបញ្ជូនកីឡាករ កីឡាការិនី ប្រមាណ១០០នាក់ចូលរួមផងដែរ។
 
ការសម្រេចទៅចូលរួមនេះ ធ្វើឡើងបន្ទាប់ពី NOCC ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន បានទៅចូលរួមកិច្ចប្រជុំនាយបេសកកម្មដែលធ្វើឡើងក្នុងក្រុងបាងកក ពីថ្ងៃទី៣ដល់ទី៥ ខែមីនា តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។
 
ព្រឹត្តិការណ៍ 6th Asian Indoor & Martial Games 2024 ដែលមាន ៣៨ប្រភេទកីឡា នឹងធ្វើឡើងនៅថ្ងៃទី២១ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងក្រុងបាងកក។
 
ក្រៅពីចូលរួមព្រឹត្តិការណ៍ពិភពលោក និងកម្រិតតំបន់អាស៊ី ស្ថាប័ន NOCC នឹងត្រូវមានភារកិច្ចរៀបចំកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ របស់ខ្លួនផងដែរ នៅក្នុងឆ្នាំ២០២៤៕

Tag:
 NOCC
  អូឡាំពិក
  គុនចម្រុះអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com