ភ្នំពេញ៖ ជាក្មេងស្រីរស់នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម យុវតី ស្រ៊ីម ធានា បានចាប់អារម្មណ៍លើការសិក្សាផ្នែកឌីជីថល។ ក្រោយរៀនបន្ថែមពីឌីជីថល សិស្សថ្នាក់ទី៩រូបនេះ ចេះសរសេរកូដ និងបានបង្កើតកម្មវិធីទូរសព្ទដៃអំពីការដាំដុះដំណាំ ជាមួយមិត្តរួមក្រុមចំនួន ២នាក់ទៀត។
បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែខិតជិតគ្នា។ ជាមួយគ្នានេះ បច្ចេកវិទ្យាឌីជីថល កំពុងកែប្រែរបៀបនៃការសិក្សា ការចាត់ចែងគ្រប់គ្រងការងារ រួមទាំងសកម្មភាពសេដ្ឋកិច្ច និងទម្លាប់រស់នៅប្រចាំថ្ងៃផងដែរ។
ជាក់ស្ដែងយុវតី ស្រ៊ីម ធានា ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ខេត្តកំពង់ចាម បានចាប់អារម្មណ៍លើការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល បន្ថែមលើចំណេះដឹងគោល។ យុវតីវ័យ ១៦ឆ្នាំរូបនេះ បានចាប់ផ្ដើមរៀនសរសេរកូដ ក្នុងពេលនាងសិក្សាថ្នាក់ទី៨។ បើតាម ធានា ការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល គឺអាចធ្វើឱ្យនាងទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ ជាពិសេសធ្វើឱ្យនាងមានភាពច្នៃប្រឌិត។
សិស្សស្រីរស់នៅទីជនបទ ស៊្រីម ធានា សង្កេតឃើញខ្លួននាងមានភាពរីកចម្រើនច្រើន ទាក់ទងនឹងការសរសេរកូដ និងភាសាអង់គ្លេស។ ក្រោយរៀនសរសេរកូដ តាមរយៈកម្មវិធី តិចណូវេសិន (Technovation Cambodia)បានរយៈពេល១ឆ្នាំ យុវតី ស្រ៊ីម ធានា បានចាប់ផ្ដើមបង្កើតកម្មវិធីទូរសព្ទដៃជាមួយមិត្តរួមក្រុមចំនួន ២នាក់ទៀត គឺយុវតី មុំ ស្រីណុច និងយុវតី ថាច សុម៉ាលី។ កម្មវិធីទូរសព្ទដៃនោះ និយាយអំពីការដាំដុះដំណាំ ផ្នែកកសិកម្ម។
សម្រាប់ការបង្កើតកម្មវិធីទូរសព្ទដៃនេះ យុវតី ស្រ៊ីម ធានា និងមិត្តរួមក្រុម ត្រូវរកបញ្ហាដែលបានកើតឡើង ដើម្បីដោះស្រាយនៅក្នុងសហគមន៍ពាក់ព័ន្ធនឹងការដាំដុះ។ ក្រោយរកឃើញបញ្ហាពីការដាំដុះដោយប្រើជីគីមី យុវតី ស្រ៊ីម ធានា និងមិត្តរួមក្រុម ចង់ឱ្យកសិករងាយមកដាំដុះបែបធម្មជាតិ។ ដូច្នេះហើយទើបនាងសម្រេចចិត្តបង្កើតកម្មវិធីទូរសព្ទដៃមួយ ដើម្បីយកមកប្រើប្រាស់នៅក្នុងសហគមន៍របស់នាងឱ្យមានភាពល្អប្រសើរជាងមុន។
ការចាប់ផ្ដើមសិក្សាពីបច្ចេកវិទ្យាឌីជីថលនេះ មានការលំបាកសម្រាប់យុវតី ធានា ដោយសារនាងមិនមានបទពិសោធន៍គ្រប់គ្រាន់ ជាពិសេសភាសាអង់គ្លេសនៅមានកម្រិត។ ទោះជាយ៉ាងណា នាងនៅតែខំប្រឹង ដើម្បីអាចទទួលបានផលប្រយោជន៍ពីចំណេះដឹងបច្ចេកវិទ្យាឌីជីថល ។ ជារៀងរាល់ថ្ងៃ នាងត្រូវទៅសិក្សាពីព្រឹកដល់ល្ងាច និងចុងសប្ដាហ៍ ត្រូវរៀនជំនាញបច្ចេកវិទ្យាឌីជីថលបន្ថែម។
«សម្រាប់ខ្ញុំ ការរៀនផ្នែកបច្ចេកវិទ្យាឌីជីថលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្មេងស្រី។ ក្មេងស្រីអាចទទួលបានចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាឌីជីថល អាចបង្ហាញនូវសមត្ថភាពរបស់ខ្លួន និងអាចបង្ហាញពីភាពច្នៃប្រឌិតដែលខ្លួនបានបង្កើត»។ នេះជាការលើកឡើងរបស់យុវតីវ័យ ១៦ឆ្នាំ ស្រ៊ីម ធានា។
បើតាមសិស្សថ្នាក់ទី៩រូបនេះ ក្មេងប្រុស និងក្មេងស្រី មានសិទ្ធិស្មើគ្នា ដូច្នេះការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល មិនគួរចាត់ទុកថាជាផ្នែករបស់ក្មេងប្រុសនោះទេ។ ជាក្មេងស្រី រស់នៅជនបទនាភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ធានា បានលើកទឹកចិត្តដល់ក្មេងស្រីដទៃ ចូលរួមក្នុងការសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង និងសង្គមជាតិ។
ដ្បិតរៀនត្រឹមថ្នាក់ទី៩ តែយុវតី ស្រ៊ីម ធានា ដឹងពីអត្ថប្រយោជន៍របស់បច្ចេកវិទ្យាយ៉ាងច្រើន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ តាមទូរសព្ទដៃ ធានា រៀបរាប់ដូច្នេះ៖«បច្ចុប្បន្នសង្គមកម្ពុជាយើង បានងាកមកប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងមុន មិនថាការសិក្សា និងការងារ។ ដូច្នេះហើយ ខ្ញុំគិតថាការចូលរួសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថល នឹងជួយសង្គមរបស់យើងឱ្យមានការអភិវឌ្ឍមួយផ្នែកដែរ»។
ក្រោយបានសិក្សាលើផ្នែកបច្ចេកវិទ្យាឌីជីថល ធានា យល់ថាខ្លួនឯងមកសមត្ថភាពគ្រប់គ្រាន់ បើធៀបកុមារី ដែលមានអាយុប្រហាក់ប្រហែលនាង។ ជាមួយគ្នានេះ ធានា ពិតជាមានមោទកភាព ចំពោះខ្លួនឯង ដែលអាចបង្កើតកម្មវិធីទូរសព្ទសម្រាប់ជួយដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់នាង។
ថ្ងៃអនាគត យុវតី ស្រ៊ីម ធានា ចង់ក្លាយជាអ្នករចនាគេហទំព័រ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។ អ្នកកំពង់ចាមរូបនេះ សង្ឃឹមថា តាមរយៈការចាប់យកចំណេះដឹងបច្ចេកវិទ្យាឌីជីថលនេះ អាចធ្វើឱ្យនាងមានជីវភាពល្អប្រសើរ។
បើតាមក្រសួងកិច្ចការនារី កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងគ្រប់តំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជននិងជនបទ ព្រមទាំងប្រជាពលរដ្ឋ គ្រប់វ័យ កំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា។ សូមបញ្ជាក់ថា ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង និងស្របតាមនិន្នាការសកល ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថល រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង«គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥» ដែលជាផែនទីបង្ហាញផ្លូវនិងជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយ។
នៅក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាល ផ្តោតលើការកសាងសសរស្តម្ភចំនួន ៣សំខាន់ៗ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ការធ្វើបរិវត្តកម្មឌីជីថល សំដៅលើការធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងគ្រប់ទិដ្ឋភាពនៃធុរកិច្ច សេដ្ឋកិច្ច និងសង្គម៕