កីឡាជាតិ
ជាតិ
វិសាខា ពិចារណាត្រឡប់មកវិញ​ បើ FFC សម្រួល ប៉ុន្ដែឆ្នាំក្រោយមិនទាន់ច្បាស់
12, Mar 2024 , 10:51 am        
រូបភាព
ក្រុមវិសាខា រូបពី Cambodian Premier League
ក្រុមវិសាខា រូបពី Cambodian Premier League
ក្លិបវិសាខា អាចនឹងត្រឡប់មកប្រកួត Cambodian Premier League 2023-2024 និងពានសម្ដេច ហ៊ុន សែន លើកទី១៧ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ ប្រសិនមានការសម្របសម្រួលពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។ សម្រាប់រដូវកាលក្រោយ ក្រុមនេះ មិនប្រាកដថា នឹងចូលរួមប្រកួតឡើយ ប្រសិនជាគ្មានការកំណែទម្រង់ ឬនីតិវីធីក្នុងការដោះស្រាយរាល់បញ្ហានានា ទៅដល់ក្លិបទាំងអស់។



វិសាខា បញ្ចប់ការប្រកួតជាមួយភ្នំពេញក្រោន ទាំងមានបញ្ហាមិនអស់ចិត្ត ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល នៅនាទី១៨ ដោយចាត់ទុកថា បាល់របស់ Jonata Bastos ខ្សែប្រយុទ្ធវិសាខា ជាជំហរក្រៅល្បែង (Offside)ក្នុងការប្រកួតពានសម្ដេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ កាលពីថ្ងៃទី៦ ខែមីនា។ ក្រោយចប់ការប្រកួតភ្លាម វិសាខា បានដាក់ពាក្យបណ្ដឹងសុំការបកស្រាយពីសហព័ន្ធបាល់ទាត់កម្ពុជា និងអ្នករៀបចំការប្រកួត។ លុះចូលដល់ថ្ងៃទី៨ ខែមីនា ក្លិបវិសាខា បានប្រកាសដកខ្លួនចេញពីការប្រកួតលីគ និងពានសម្ដេច ហ៊ុន សែន លើកទី១៧ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ 
 
នាយកអាជ្ញាកណ្ដាលរបស់សហព័ន្ធ លោក Karakida Tetsu បានបញ្ជាក់ថា នេះ គឺជាកំហុសអចេតនារបស់អាជ្ញាកណ្ដាល ដែលមើលឃើញតែមួយជ្រុង។
 
ជាក់ស្ដែង Jonata របស់វិសាខា គឺស្ថិតនៅជំហរក្រៅល្បែងក៏ពិតមែន ប៉ុន្ដែបាល់នោះបានរបូតចេញពីជើងរបស់ Yudai Ogawa របស់ភ្នំពេញក្រោន ហើយ Jonata រត់ទៅដណ្ដើមយកមកស៊ុត ដូច្នេះហើយជំហរនោះ មិនត្រូវបានចាត់ទុកថា Offside ឡើយ។
 
អ្វីដែលធ្វើឲ្យក្រុមវិសាខា ឈានដល់ការដកខ្លួននេះ គឺដោយសារបញ្ហានៅក្នុងទីលាន ជាច្រើនលើកច្រើនសា ហើយសហព័ន្ធបាល់ទាត់កម្ពុជា មិនមានដំណោះស្រាយ។ «វិសាខា បង្កើតឡើងគឺដើម្បីជួយអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា។ អ៊ីចឹង យើងបានចំណាយច្រើនណាស់ក្នុងការអភិវឌ្ឍ។ វាមិនមែនជាលើកទី១ទេ គឺច្រើនដង នៅពេលយើងមានបញ្ហា យើងដាក់ទៅ គឺមិនមានជាការដោះស្រាយ រហូតមកដល់ចំណុចនេះ យើងធ្វើការដកខ្លួនទាំងពិបាក។»។ កញ្ញា អ៊ូ បញ្ញាសុកិត្យា បាននិយាយក្នុងសន្និសីទសារព័ត៌មានដូច្នេះ។
 
ក្រោយមានដំណោះស្រាយលើបញ្ហានេះ ក្លិបវិសាខា ហាក់ដូចជាបន្ថយការអន់ចិត្ត ហើយបើកភ្លើងខៀវចូលមកប្រកួតលីគ និងពានសម្ដេចសាជាថ្មី ប្រសិនជាមានការសម្របសម្រួលពីសហព័ន្ធ និងបណ្ដាលក្លិប ដែលចូលរួមប្រកួត។ 
 
នាយិកាក្លិបរូបនេះ បាននិយាយដូច្នេះ៖«បើសួរពួកយើងថានឹងចូលរួមវិញដែរឬអត់ទេ? វិសាខា នឹងពិចារណា ប្រសិនជាមានការសម្របសម្រួលពីសហព័ន្ធ និងក្លិបដ៏ទៃបើកដៃឲ្យយើងចូលរួម។ ចំពោះពិន័យ ឬច្បាប់ទម្លាប់យ៉ាងណា ពួកខ្ញុំមិនប្រកែកទេ។ យើងព្រមទទួលតាមច្បាប់របស់សហព័ន្ធ។»។ 
 
ទោះបើកភ្លើងខៀវ សម្រាប់ការប្រកួតនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងរដូវកាលនេះក្តី ក៏មិនទាន់អាចប្រាកដថា ក្រុមនេះ នឹងចូលរួមជាមួយលីគ និងពានសម្ដេច នៅរដូវកាលក្រោយដែរ។ កញ្ញា អ៊ូ បញ្ញា សុកិត្យា នៅតែប្រកាន់គោលជំហរថា ប្រសិនជារដូវកាលក្រោយ គ្មានកំណែទម្រង់ថ្មី ទៅលើនីតីវិធីដោះស្រាយបញ្ហានានា ដែលជួបប្រទះលើទីលានទេ វិសាខា នឹងមិនចូលរួមប្រកួតឡើយ។
 
«ខ្ញុំគិតថា មិនមែនតែក្រុមវិសាខាទេ ដែលមានបញ្ហា គឺបណ្ដាលក្រុមទាំងអស់នៅពេលដែលមានបញ្ហា គឺរត់ទៅរកសហព័ន្ធ ដើម្បីឲ្យដោះស្រាយឲ្យ។ បញ្ហានៅក្នុងវិស័យបាល់ទាត់ មិនមានអ្វីក្រៅអំពីការកាត់សេចក្ដីនៅលើទីលាន។ ការបណ្ដាក់ទនរបស់យើង យើង ចង់ឃើញវិស័យបាល់ទាត់របស់យើងអភិវឌ្ឍ។ ប៉ុន្ដែនៅពេលយើង បណ្ដាក់ទុនហើយបញ្ហាដែលមាន បែជាគ្មានដំណោះស្រាយ គឺធ្វើឲ្យយើងអន់ចិត្តដែរ។ ទាំងអស់នេះ គឺជាបញ្ហា។ យើង ពិចារណាចូលរួមសម្រាប់រដូវកាលនេះ ប៉ុន្ដែមិនមែនរដូវកាលក្រោយ។»។ នាយិកាគ្រប់គ្រងក្លិបវិសាខា បាននិយាយដូច្នេះ។
 
ក្រុមវិសាខា នៅមានប្រកួតសំខាន់ៗជាច្រើនទៀត។ វិសាខា ជាក្រុមឈរនៅចំណាត់ថ្នាក់លេខ៣ ហើយនៅសល់ ៤ប្រកួត ក៏កំពុងប្រជែងយក Top 4 ផងដែរ បើទោះជាឱកាសដណ្ដើមជើងឯកបាត់បង់ តែក្លិបនេះ នៅមានឱកាសប្រជែងយកជ័យលាភីលេខ៣។ ចំណែកក្នុងពានសម្ដេច ហ៊ុន សែន លើកទី១៧ វិសាខា កំពុងប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបជាមួយភ្នំពេញក្រោន៕

Tag:
 បាល់ទាត់
  វិសាខា
  អ៊ូ បញ្ញាសុកិត្យា
© រក្សាសិទ្ធិដោយ thmeythmey.com