កីឡាជាតិ
ជាតិ
FFC ចាយជាង ៥​លានដុល្លារ ​សម្រាប់អភិវឌ្ឍន៍បាល់ទាត់ជាតិ ឆ្នាំ ២០២៣
13, Mar 2024 , 11:21 am        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយប្រាក់សរុបជាង ៥,២៥៩,២៦៥លានដុល្លារ ពីប្រាក់ចំណូលសរុប ៥,៤៩២,៣៣០លានដុល្លារ ​លើការអភិវឌ្ឍវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ ២០២៣។ FFC គ្រោងចំណាយបន្ថែម ៣,៤១៦,៣៤៣ដុល្លារទៀត សម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ ២០២៤។ នេះបើតាមការបង្ហាញរបស់គណៈកម្មាធិការប្រតិបត្តិ FFC ក្នុងមហាសន្និបាតសហព័ន្ធបាល់ទាត់កម្ពុជាលើកទី៨ នាថ្ងៃទី១៣ ខែមីនា។



FFC រក្សាបានប្រាក់ចំណេញ​ប្រមាណ ២៣៣,០៦៥ដុល្លារ នៅឆ្នាំ២០២៣ ដើម្បីបន្តយកទៅប្រើប្រាស់ នៅក្នុងគម្រោងអភិវឌ្ឍបាល់ទាត់ជាតិឆ្នាំ ២០២៤។ ភាគច្រើននៃប្រាក់ចំណូលដែលសហព័ន្ធ FFC រកបាន កើតឡើងចេញពីការឧបត្ថម្ភរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីប្រាក់ចំណូលបានមកពីក្រុមហ៊ុនអ្នកឧបត្ថម្ភ និងប្រភពប្រាក់ចំណូល ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC)។
 
សម្រាប់ការចំណាយក្នុងឆ្នាំ ២០២៣ ស្ថាប័នគ្រប់គ្រងបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ខ្លួនបានប្រើប្រាស់ទៅលើកត្តាចំនួន ១០ចំណុចរួមមាន៖ ការអភិវឌ្ឍក្រុមជម្រើសជាតិ (១,៦១២,២៥៣លានដុល្លារ), ផ្នែករដ្ឋបាល និងការគ្រប់គ្រង (១,៣៨៥,៥៣៦លានដុល្លារ), អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (៨៦៣,២៦៥ដុល្លារ)​, ​រៀបចំប្រកួតថ្នាក់ជាតិ អន្តរជាតិ (​៤៦៧, ៧៤២ដុល្លារ), អភិវឌ្ឍសមាគមន៍បាល់ទាត់ទាំង ២៥រាជធានី-ខេត្ត (៥៤,៧៨៤ដុល្លារ), អភិវឌ្ឍយុវជនថ្នាល់ និងយុវជន (៦៦៩,៣៩៦ដុល្លារ), អភិវឌ្ឍធនធានគ្រូបង្វឹក (៧៩,៦៨១ដុល្លារ), អភិវឌ្ឍអាជ្ញាកណ្តាល (៤២,១៨៣ដុល្លារ), អភិវឌ្ឍបាល់ទាត់ក្នុងសាល (៧៨​,៣៩០ដុល្លារ) និងផ្នែកទីផ្សារ ទំនាក់ទំនង និងអ្នកគាំទ្រ (៦,០៣១ដុល្លារ)។
  


ជាមួយគ្នានេះ FFC ក៏បានបង្ហាញគម្រោងប្រាក់ចំណូល និងចំណាយបឋមសម្រាប់ឆ្នាំ ២០២៤ ដើម្បីអភិវឌ្ឍលើវិស័យបាល់ទាត់កម្ពុជាបន្ថែមទៀត។ ប្រាក់ប្រមាណ ៣,៨៤៣,០៩០លានដុល្លារ ត្រូវបាន FFC រំពឹងទុកថា នឹងទទួលបាននៅក្នុងឆ្នាំ ២០២៤ ហើយគ្រោងចំណាយ ៣,៤១៦,៣៤៣លានដុល្លារ លើវិស័យបាល់ទាត់។ 
 
FFC បានប៉ាន់ស្មានប្រភពចំណូលដ៏ធំរបស់ខ្លួន ពីគម្រោងការអភិវឌ្ឍរបស់ FIFA ប្រមាណ ១,៥៥០,០០០លានដុល្លារ។ ដោយឡែកប្រាក់ចំណូល ១,០៣៥,០០០លានដុល្លារ នឹងទទួលបានពីក្រុមហ៊ុនអ្នកឧបត្ថម្ភផ្សេងៗ និងចំណូលធំទី៣ ពី AFC តម្លៃ ៥០០,០០០។ ក្រសួងអប់រំយុវជន និងកីឡា រួមចំណែកជាប្រភពចំណូលធំទី៤ មានទឹកប្រាក់ ៣៨៤,៥០០ដុល្លារ ។ បន្ទាប់ពីនេះ គឺបានមកពីសហព័ន្ធបាល់ទាត់អាស៊ាន (AFF) និង សហព័ន្ធបាល់ទាត់ជប៉ុន ព្រមទាំងប្រាក់សមតុល្យឆ្នាំ ២០២៣ ដែលនៅសល់។
 
ឆ្នាំ ២០២៤ FFC ត្រូវបន្ថែមការចំណាយលើគម្រោងថ្មីមួយថែមទៀតនោះ គឺការអភិវឌ្ឍក្លិបបាល់ទាត់ ពីលើការអភិវឌ្ឍ ១០ចំណុចកន្លងមក ៕







Tag:
 បាល់ទាត់
  សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com