ជាតិ
សំរងកាន់តែថយចុះ ដោយសារពលរដ្ឋប្រមូលផលតាមរបៀបកាប់រំលំដើម ឬដុតគល់
14, Mar 2024 , 9:29 am        
រូបភាព
អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរីបានបង្ហាញក្ដីបាម្ភចំពោះការថយចុះចំនួន​ដើមសំរង ក្នុងភូមិសាស្រ្តឧទ្យានជាតិវីរៈជ័យ ព្រោះពលរដ្ឋប្រមូលផលដោយការកាប់​រំលំដើម ឬដុតគល់។ ករណីនេះ រដ្ឋបាលស្រុកតាវែង បានដាក់ចេញវិធាន​ការ​ហាមឃាត់​ការប្រមូលទិញផ្លែសំរងខ្ចីមិនទាន់ទុំដែលនាំឱ្យមានការបំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ដើម​សំរង។

 
នៅក្នុងសេចក្ដីណែនាំស្ដីពី «ការប្រមូលផល និងការនាំចេញផ្លែសំរងក្នុងភូមិសាស្ត្រស្រុក​តា​វែង»នៅថ្ងៃទី៩ ខែមីនា លោក សូ វណ្ណធិន អភិបាលស្រុកតាវែង បានលើកឡើងថា ប៉ុន្មាន​ឆ្នាំកន្លងមកនេះ ដើមសំរងបានផ្ដល់ផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែទិន្នផលដែលប្រមូល​បាន​មិន​ដូចគ្នានោះទេ ដោយឆ្នាំខ្លះបានច្រើន និងឆ្នាំខ្លះបានបន្តិចបន្តួចប៉ុណ្ណោះ។ ឆ្នាំនេះ ក៏ដូចជា​ឆ្នាំ​មុនៗដែរ ដោយមានពលរដ្ឋជាច្រើន បាននាំគ្នាទៅប្រមូលផលផ្លែសំរង នៅក្នុងព្រៃ​សហគមន៍ និងតំបន់ឧទ្យានជាតិវីរៈជ័យ ដើម្បីទៅលក់ឲ្យឈ្មួញកណ្តាល។ 
 
សំរង ស្ថិតក្នុងប្រភេទរុក្ខជាតិកម្រ ហើយផ្លែរបស់វាលក់បានតម្លៃថ្លៃបំផុតនៅលើទីផ្សារ។ ផ្លែរុក្ខជាតិនេះ អាចធ្វើឱសថព្យាបាលជម្ងឺ កែឆ្នៃជាម្ហូបអាហារ និងនំចំណី ជាដើម។ 
 
លោក សូ វណ្ណធិន បានបញ្ជាក់ថា សំរងផ្ដល់ផលប្រយោជន៍ច្រើនដល់ពលរដ្ឋ​ក្នុង​សហគមន៍តែផ្ទុយទៅវិញ ពលរដ្ឋបានប្រមូលផលផ្លែរបស់វា ដោយកាប់រំលំដើម ដុតគល់ ចងខ្សែរឹតគល់
ដោយមិនបានគិតពីការប្រមូលផលយូរអង្វែង។ ទន្ទឹមនេះ ឈ្មួញកណ្ដាល​ដែល​ទទួលទិញផ្លែសំរងខ្ចីពីពលរដ្ឋក៏ជាកត្តាជម្រុញឲ្យមានការកាប់បំផ្លាញ​ដើមសំរង​ផងដែរ។ បញ្ហានេះបណ្តាលឲ្យចំនួនដើមសំរងថយចុះជារៀងរាល់ឆ្នាំ។ 

ផ្លែសំរង ដែលពលរដ្ឋប្រមូលពីព្រៃ។ រូបភាព៖ មន្ទីរបរិស្ថានខេត្តរតនគរី 

លោក ថ្លែងដូច្នេះថា៖« ផ្លែសំរង លក់បានថ្លៃ ដូច្នេះមានពលរដ្ឋមួយចំនួនបានប្រមូលផល​ផ្លែរបស់វា ដោយកាប់រំលំដើម ដុតគល់ ខ្សែរឹតគល់ ដោយមិនបានគិតពីការប្រមូលផល​យូរ​អង្វែង។ បញ្ហានេះ បណ្តាលឲ្យចំនួនដើមសំរងថយចុះពីមួយឆ្នាំទៅមួយឆាំ្ន»។ ដើម្បីថែរក្សា​ដើម​សំរង និងការប្រមូលផលផ្លែរបស់វាប្រកបដោយនិរន្តរភាព រដ្ឋបាលស្រុកតាវែង បាន​ដាក់​ចេញវិធានការហាមឃាត់ រាល់ការប្រមូលផ្លែសំរងខ្ចី ឬមិនទាន់ទុំល្អ តាមរបៀបបំផ្លាញដើមគ្រប់រូបភាព។ ហាមយកឧបករណ៍បំផ្លាញដើមសំរង ដូចជា រណារយន្ត រណារដៃ ពូថៅ ចូលទៅក្នុងព្រៃសំរងនៃតំបន់ឧទ្យានជាតិវីរៈជ័យ ឬព្រៃសហគមន៍ និងហាមឃាត់ដាច់ខាតចំពោះថៅកែ ឬឈ្មួញកណ្ដាល ប្រមូលទិញផ្លែសំរងខ្ចី។ 
 
ដោយឡែក ចំពោះអ្នកដែលមានបំណងទិញផ្លែសំរង ដើម្បីចែកចាយបន្តត្រូវមកទំនាក់ទំនង រដ្ឋបាលស្រុកតាវែង ដើម្បីធានាមិនទិញសំរងខ្ចី ដែលជាកត្តាជំរុញការកាប់ដើម។  
 
ក្នុងករណីរកឃើញអ្នកប្រព្រឹត្តល្មើសផ្ទុយពីការណែនាំ គណ:កម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកតាវែង និងស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។ រដ្ឋបាលស្រុកតាវែង ព្រមានដូច្នេះ។ 
 
សូមជម្រាបថា នៅចន្លោះ​ខែកុម្ភៈ និង​ខែមេសា ​ជា​រដូវ​ប្រមូល​ផ្លែ​សំរង ដែល​ដុះ​នៅ​ព្រៃ​ជ្រៅ​នៅ​ភាគ​ឦសាន ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និង​មួយផ្នែក​នៃ​ខេត្តកោះកុង​៕ 

មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចុះផ្សព្វផ្សាយ និងហាមពលរដ្ឋមិនឱ្យប្រមូលផលផ្លែសំរងតាមវិធីរំលំដើម។ រូបភាព៖ ក្រសួងបរិស្ថាន 


Tag:
 ផ្លែសំរង
  តំបន់ឧទ្យានជាតិវីរៈជ័យ
  ខេត្តរតនគិរី
  រដ្ឋបាលស្រុកតាវែង
© រក្សាសិទ្ធិដោយ thmeythmey.com