ជាតិ
តុលាការចោទ​ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួកពីបទឆបោកចេញ​សែក​ស្អុយ និងលាងលុយ​
14, Mar 2024 , 10:32 am        
រូបភាព
សាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ជនសង្ស័យឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ទ្រីលានស៊ីធី ​​និងអគ្គនាយករងក្រុមហ៊ុន២នាក់ទៀត ព្រមទាំង​បក្ខ​ពួក​​ចំនួន៣បទល្មើស​ គឺ​ បទឆបោកមានស្ថានទម្ងន់ទោស​, ​មិន​បំពេញ​កាតព្វកិច្ច ឧបករណ៍​ដែល​អាចជួញដូរ​បាន ​ និ​ងសម្អាតប្រាក់។ នេះបើ​យោងតាមសេច​ក្តី​ប្រកាសព័ត៌មានរបស់​អ្នក​នាំពាក្យ​​អយ្យការ​អម​សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ មីនា។

 
ក្រោយការចោទប្រកាន់តំណាងអយ្យការសាលាដំបូងខេត្តសៀមរាប  បានបញ្ជូនសំណុំ​រឿង​ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
 
មាត្រា ៣៧៧​នៃ​ក្រមព្រហ្មទណ្ឌ ចែងថាអំពើឆបោក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៦លានរៀល។ ចំណែក​មាត្រា៣៨០​នៃក្រម​ព្រហ្មទណ្ឌ ជនដែល​បាន​ប្រព្រឹត្តិឆបោកស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី២ ឆ្នាំ ទៅ៥ឆ្នាំ។ 
 
ចំណែកមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន​ និងប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ត្រង់កថាខណ្ឌទី៣ ចំនុចទី៣ ​ចែងថា​បុគ្គលណា​​ដែលមិនបំពេញ​កាតព្វកិច្ចចំពោះ​ឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមាន​បំណង និងដោយមាន​ចេតនាធ្វើឲ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោស​ពិន័យជាប្រាក់​ចំនួនពី ២លានរៀល ដល់៦លានរៀល និងត្រូវផ្តនា្ទទោស​ជាប់ពន្ធនាគារពី​១​ឆ្នាំ ទៅ​៣ឆ្នាំ ដោយមិនទាន់​គិតដល់​កាតព្វកិច្ចទូទាត់សងចំនួនប្រាក់ នៃឧបករណ៍អាចជួញដូរបាន​នោះទៅអ្នកកាន់​។
 
មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម ​ចែង​ថាបទល្មើស​សម្អាត​ប្រាក់ ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ​ឆ្នាំ​ដល់ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ​លាន​រៀល​ទៅ​ ៥០០ ​លាន​រៀល ដោយ​មិន​ទាន់​គិតដល់​ទោស​បន្ថែម​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​។ ចំណែក​នីតិបុគ្គល​អាច​នឹង​ត្រូវ​ពិន័យ​ពី ២០០ ​លាន​រៀល ទៅ​ ១ ០០០ ​លាន​រៀល​។
 
បើផ្អែកតាមបទចោទទាំង៣បទល្មើសនេះ ជនសង្ស័យទាំងនេះ អាចប្រឈមនឹងការជាប់​ពន្ធនាគារ​ពី ៥ឆ្នាំ៦ខែ ទៅ១៦ឆ្នាំ។
 
សូមបញ្ជាក់ថា ជនសង្ស័យ ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសមត្ថកិច្ច​ខេត្តសៀមរាប ​ឃាត់ខ្លួន​នៅ​ថ្ងៃទី១២ មីនា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យកា​រអមសាលា​ដំបូង​ខេត្ត​សៀមរាប។ ការចាប់ខ្លួន ធ្វើឡើង​បន្ទាប់ពីមានពលរដ្ឋរាប់រយនា​ក់បានដាក់ពាក្យប្តឹងទៅតុ​លាការ ថាបានចាញ់បោក​ក្រុមហ៊ុន ទ្រីលានស៊ីធី របស់លោកស្រី ឡេង ចាន់ណា ដែលបានអូសទាញឱ្យពល​រដ្ឋ​ដាក់​ប្រាក់​វិនិ​យោគ ក្រោមរូបភាពទទួលបានការប្រាក់ប្រចាំខែក្នុងអត្រាខ្ពស់។ ប៉ុន្តែ​ក្រុមហ៊ុនទូទាត់​ការ​ប្រាក់​​​ឱ្យពលរដ្ឋ បានតែប៉ុន្មានខែដំបូងប៉ុណ្ណោះ ហើយ​ក៏​ប្រកាសថា​អស់​លទ្ធភាពទូទាត់​ ក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចសកល៕

© រក្សាសិទ្ធិដោយ thmeythmey.com