ជាតិ
កិច្ចប្រជុំលើកទី៣៨​ នៃ ICC-Angkor និងសំបូរព្រៃគុក ចាប់​ផ្តើមហើយ
14, Mar 2024 , 11:59 am        
រូបភាព
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ រូបភាពពីអាជ្ញាធរជាតិអប្សរា
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍​រមណីយដ្ឋាន​​អង្គរ(ICC-Angkor) និងសំបូរព្រៃគុក ​​បានចាប់ផ្តើមដំណើរការនៃ​កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ របស់ខ្លួនហើយ ​នៅព្រឹកថ្ងៃទី១៤ មីនា នេះ នៅ​សណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា។

 
កិច្ចប្រជុំបច្ចេកទេសលើកទី៣៨ ដឹកនាំដោយលោក TANINAI Ichitomo ជាអនុប្រធានបេសកកម្ម​​​​នៃស្ថានទូតជប៉ុន និងលោក Pierre VINCENT ទីប្រឹក្សាទទួលបន្ទុកផ្នែកវប្បធម៌របស់ស្ថានទូតបារាំង​ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំបច្ចេកទេសនេះ បានពិភាក្សា និងមានការធ្វើបទបង្ហាញពីអ្នកជំនាញតាមការដ្ឋាន​ការងារជាច្រើន រួមមានការដ្ឋានជួសជុលប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត និងប្រាសាទមេបុណ្យខាងលិចជាដើម។ 
 
សហប្រធាននៃកិច្ចប្រជុំ លោក TANINAI Ichitomo ក៏បានរំឭកពីការងារជាច្រើនដែលជប៉ុន បានរួមចំណែកការងារជួសជុលប្រាសាទនៅរមណីយដ្ឋានអង្គរចាប់ពីឆ្នាំ១៩៩៤មក។ សមិទ្ធផលដែលលេចធ្លោ គឺស្ពានហាលអង្គរវត្ត ដែលបានសម្ពោធជាផ្លូវការនៅខែធ្នូ កន្លងទៅ។ ក្រៅពីនេះ ជប៉ុនក៏បានជួយទៅខាងអាជ្ញាធរជាតិសំបូរព្រៃគុកផងដែរ ពិសេសលើការបណ្ដុះបណ្ដាល​​ធនធានមនុស្ស និងសង្ឃឹមថា អនាគតខាងអាជ្ញាធរនេះនឹងមាន ធនធានគ្រប់គ្រាន់សម្រាប់កិច្ចការអភិរក្សប្រាសាទ។ នេះជាការលើកឡើងរបស់លោក TANINAI Ichitomo។
 
មុននឹងមានកិច្ចប្រជុំផ្លូវការនេះឡើង ក្រុមអ្នកជំនាញការចំពោះកិច្ចខាងផ្នែកអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព បានចុះទៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក ដើម្បីត្រួតពិនិត្យការងារ តាមដាន និងផ្ដល់អនុសាសន៍​លើការងារ​ទាំងនោះឱ្យស្របតាមគោលការណ៍ជារួមក្នុងធម្មនុញ្ញអង្គរ។
 
សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំបច្ចេកទេសលើកទី៣៨នេះ នៅថ្ងៃទី២នៃកិច្ចប្រជុំ គឺថ្ងៃទី១៥ មីនា នឹងមានកិច្ចប្រជុំពេញអង្គលើកទី៣០ ដែលដឹកនាំកិច្ចប្រជុំដោយលោក Jacque PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com