ជាតិ
ព័ត៍មានសុខភាព
ជប៉ុនផ្តល់កម្ចីប្រមាណ១៥៤លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់
14, Mar 2024 , 1:59 pm        
រូបភាព
លោក KOMURA Masahiro (ឆ្វេង) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក សុខ ចិន្តាសោភា(ស្តាំ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតជប៉ុនប្
លោក KOMURA Masahiro (ឆ្វេង) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក សុខ ចិន្តាសោភា(ស្តាំ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតជប៉ុនប្
ភ្នំពេញ៖ ជប៉ុន បានផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន ស្មើនឹងប្រមាណ ១៥៤លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។ នេះបើតាមសេចក្តី ប្រកាស ព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ 

 
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្ដីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស។ 
 
ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ​បញ្ជាក់ដូច្នេះ មុននឹងបន្តថា ការគាំទ្រនេះ នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
 
លោក KOMURA Masahiro (ឆ្វេង) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងលោក សុខ ចិន្តាសោភា(ស្តាំ)ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា

នៅក្នុងជំនួបចុះហត្ថលេខានេះដែរ លោក KOMURA Masahiro អនុរដ្ឋមន្ត្រីក្រសួងការបរទេស​ជប៉ុន ​បានបង្ហាញ​បំណងសហការជាមួយ​កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរួមរបស់សហគមន៍អន្តរជាតិ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយភាពសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋក្រោម«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»​។ 
 
ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា ​បានសរសេរដូច្នេះ ជាមួយនឹងការ​ឆ្លើយតបរបស់ លោក សុខ ចិន្តាសោភា ​វិញថា កម្ពុជាក៏មានបំណង​ធ្វើការលើវិស័យកសាងសន្តិភាព និងសកម្មភាពកម្ចាត់មីន ជាមួយប្រទេសជប៉ុន ដើម្បីសន្តិភាព និងស្ថិរភាពនៃសហគមន៍អន្តរជាតិដែរ៕

Tag:
 ជំនួយ
  សុខភាព
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com