ជាតិ
ផលិតផលខ្មែរទទួលជោគជ័យខ្លាំងនៅ «ពិព័រណ៍ម្រេច និងគ្រឿងទេសអន្តរជាតិ»​ នៅទីក្រុងហាណូយប្រទេសវៀតណាម
14, Mar 2024 , 4:59 pm        
រូបភាព
ពិតជាមានមោទកភាពក្រៃលែង ចំពោះក្រុមហ៊ុន ខនហ្វីរេល ដែលបាននាំយកផលិតផលជាតិដែលផលិតដោយ ប្រជាជនខ្មែរ ក៏ជាផលិតផលក្នុងស្រុក។ ក្រុមហ៊ុន ខនហ្វីរេល គឺជាក្រុមហ៊ុនកែច្នៃផលិតផលក្នុងស្រុកពីផលិតផលធម្មជាតិដូចជា ផលិតផលពីដើមត្នោត ម្រេចកំពត ផ្លែស្វាយ និងដំណាំហូបផ្លែងផ្សេងៗទៀត។ល។

 
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន ខនហ្វីរេល បានបង្ហោះថា «ព័ត៌មានដ៏រំភើបពីក្រុមការងារនាំចេញរបស់ក្រុមហ៊ុន ខនហ្វីរេល នៅឯពិព័រណ៍ម្រេច និងគ្រឿងទេសអន្តរជាតិវៀតណាម ដែលហៅកាត់ថា “VIPO” នៅទីក្រុងហាណូយ។ ផលិតផលខ្មែររបស់ ខនហ្វីរេល យើងដូចជាប្រេន ត្នោត និងគីរម្យ បានទាក់ទាញចំណាប់អារម្មណ៍ ជាពិសេសទៅលើរសជាតិ ដោយផ្តល់ទៅកាន់អតិថិជនទូទាំងពិភពលោក រួមមានប្រទេសវៀតណាមផងដែរ។»
 
«ជាពិសេសទៅទៀតនោះនៅប្រទេសវៀតណាម ព្រោះតែស្ករត្នោត និងម្រេចរបស់យើងគឺជាគ្រឿងផ្សំយ៉ាងសំខាន់សម្រាប់មុខម្ហូបដែលមានការពេញនិយមនៅប្រទេសវៀតណាមគឺ “ខទីវ”។ មានអ្នកចែកចាយធំៗ និងដៃគូថ្មីៗជាច្រើនរៀបចំរួចរាល់ក្នុងការសហការគ្នាជាមួយខនហ្វីរេលយើង! យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏អស្ចារ្យសម្រាប់ ចាយ៉ា និងតែសរីរាង្គកញ្ចុំផ្កាម្រេចកំពត របស់យើងផងដែរ!»។
 


ការនាំចេញផលិតផលក្នុងស្រុកទៅលក់នៅក្រៅប្រទេស គឺបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ប្រជាជនកម្ពុជាជាពិសេសបុគ្គលិក និងប្រជាកសិករខ្មែរ។ ផលិតផលក្នុងស្រុកនាំចេញកាន់តែច្រើន នោះប្រជាជនកម្ពុជា និងប្រជាកសិករកាន់តែរកប្រាក់ចំណូលបានកាន់តែខ្ពស់។ កន្លងមកសារព័ត៌មានឌីជីថលថ្មីៗធ្លាប់បានជួបសម្ភាសជាមួយម្ចាស់អាជីវកម្មផលិតស្ករត្នោតដែលផ្គត់ផ្គង់ដល់ក្រុមហ៊ុន ខនហ្វីរេល ពួកគាត់អាចរកចំណូលបានពីចន្លោះ ៤ពាន់ដុល្លារ ដល់ ៦ពាន់ដុល្លារត្រឹមរយៈពេល៥ទៅ៦ខែប៉ុណ្ណោះ។ 
 
ទាំងនេះបង្ហាញថាផលិតផលខ្មែរគឺពិតជាមានគុណភាពខ្ពស់ និងផលិតតាមស្ដង់ដាអន្តរជាតិដែលក្រុមហ៊ុនឯកជន និងដៃគូសហការផ្សេងៗក្រៅប្រទេសជាច្រើនសុទ្ធតែចាប់អារម្មនាំយកផលិតផលខ្មែរទៅប្រើប្រាស់តាមតម្រូវការរបស់ពួកគេ។











© រក្សាសិទ្ធិដោយ thmeythmey.com