ជាតិ
​ស្វាយចន្ទីធ្លាក់ថ្លៃ, ក្រសួងកសិកម្ម និងពាណិជ្ជកម្ម បើកកិច្ចប្រជុំ​រួមគ្នា​រក​ដំណោះស្រាយ​
14, Mar 2024 , 6:29 pm        
រូបភាព
កិច្ចប្រជុំបន្ទាន់រវាងក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សា ពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយ ដែលដឹកនាំដោយ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ។
កិច្ចប្រជុំបន្ទាន់រវាងក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិភាក្សា ពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយ ដែលដឹកនាំដោយ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធ។
ភ្នំពេញ៖ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែមីនា បានបើកកិច្ចប្រជុំ​រួមគ្នា​មួយ ដើម្បីរកវិធានការគ្រប់គ្រងទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទី ដែលកំពុងធ្លាក់ដាំ​ក្បាល​ចុះ។



កិច្ចប្រជុំដែលមានការចូលរួមពី លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ប្រធាន និងជាអនុប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ផលិតផលកសិកម្ម ព្រមទាំង​ភាគីពាក់ព័ន្ធនានាក្នុងវិស័យស្វាយចន្ទី បានពិភាក្សាគ្នាផ្តោតលើការវិភាគកត្តាផ្សេងៗ ដែល​ជះឥទ្ធិពលលើតម្លៃស្វាយចន្ទី ដូចជា វិបត្តិអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការ​នាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភព​​​​​លោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។
 
ក្រៅពីនោះ ក៏បានពិភាក្សាអំពីគោលនយោបាយជាតិស្វាយចន្ទី និងការវិភាគលើប្រភព​ហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រដល់ការប្រមូលទិញគ្រាប់ស្វាយចន្ទី​នៅក្នុងដំណាក់​កាលនេះ ដើម្បីជួយរក្សាលំនឹងថ្លៃ ក៏ដូចជាបន្តជួយរក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃក្នុងស្រុក ផងដែរ។ ជាលទ្ធផល ក្រុមការងារចម្រុះបានសម្រេចបន្តតាមដាន និងធ្វើការជាមួយ​អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានឲ្យបានគ្រប់​ជ្រុងជ្រោយ និងធាតុចូល​នានា មុននឹងសម្រេចវិធានការជាក់លាក់ណាមួយ ដើម្បីអន្តរាគមន៍​ការលើកស្ទួយផលិតកម្មទីផ្សារ និងរក្សាស្ថិរភាពថ្លៃស្វាយចន្ទី។ 
 
នៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារស្ថានភាពអែលនីញ៉ូ (El Nino) ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម។ ផ្អែកតាមស្ថានភាពនេះ សមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវឱ្យសមាជិកផ្អាកលក់គ្រាប់ស្រស់ ដោយសារតម្លៃទាបពេក។ បច្ចុប្បន្ន តម្លៃគ្រាប់ស្វាយចន្ទីស្រស់១គីឡូបានធ្លាក់ពី៥០០០រៀល មក៤៥០០រៀល ក្នុង១គីឡូ​ក្រាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទី បានបន្ថែមដូច្នេះថា៖«នៅពេលសមាជិករបស់សមាគមស្វាយចន្ទីកម្ពុជានាំគ្នាហាលទុក វានឹងធ្វើឱ្យចរន្តនៅលើទីផ្សារមិនជោរជនខ្លាំង ដូច្នេះ តម្លៃអាចមានស្ថិរភាព»។

Tag:
 ស្វាយចន្ទី
  កសិកម្ម
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com