ជាតិ
អភិបាលខេត្តកណ្ដាល៖ មិនមានមនុស្សរងគ្រោះឡើយ ក្នុងហេតុការណ៍ឆេះរោងចក្រស្បែកជើង R G សមត្ថកិច្ចចុះ ពន្លត់អគ្គិភ័យនៅ រោងចក្រ R G ខេត្តកណ្ដាល។ រូបពី សង្នការដ្ឋាននគរបាលខេត្តកណ្ដាល
× ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអះអាងថា ក្នុងហេតុការណ៍ឆេះរោងចក្រ R.G FOOTWEAR (CAMBODIA) Co.,Ltdក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល មិនមាននរណាម្នាក់ រងគ្រោះឡើយ ហើយនៅថ្ងៃនេះ សមត្ថកិច្ចកំពុងចុះវាយតម្លៃពីការខូចខាត។
អភិបាលខេត្តកណ្ដាល បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមទូរស័ព្ទនៅថ្ងៃនេះ ថា អាជ្ញាធរបានប្រើឡានទឹកអស់ប្រមាណ៥០គ្រឿង ដើម្បីពន្លត់អគ្គិភ័យខាងលើ។ ចំពោះ មូលហេតុនៃការឆេះ លោកសង្ស័យថា ឆ្លងចរន្តអគ្គិសនី។ យ៉ាងណា លោករង់ចាំការវាយតម្លៃរបស់កម្លាំងជំនាញសិន ទើបបញ្ជាក់ពីដើមចមដែលនាំឱ្យឆេះរោងចក្របន្ថែម។
បើតាមលោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ការឆេះនេះ បានកើតឡើងនៅអំឡុងម៉ោង៤រសៀលថ្ងៃទី១៨មីនា។ ការពន្លត់អគ្គិភ័យនេះ លោកអះអាងថា មានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើន ចូលរួមជួយកម្លាំងពន្លត់អគ្គិភ័យ។
ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ បានអំពាវនាវលើបណ្ដាញសង្គមរបស់នាយកដ្ឋានរបស់ខ្លួន ឱ្យសាធារណជនទាំងអស់ រួមទាំងនិយោជក ចូលរួមទប់ស្កាត់ និងបង្ការ ទាំងអស់គ្មាន ពិសេសនារដូវប្រាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com