អន្តរជាតិ
ចិនប្រាប់អាម៉េរិកកុំឱ្យចេះដឹងរឿងជម្លោះសមុទ្រចិនខាងត្បូងជាមួយហ្វីលីពីន
21, Mar 2024 , 7:59 am        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកLin Jian (ឆ្វេង) និងលោករដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ចាប់ដៃជាមួយសមភាគីហ្វីលីពីន លោកEnrique Manalo នៅថ្ងៃទី១៩ ខែមីនា។ រូបភាពក្រសួងការបរទេសចិន និងAFP
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកLin Jian (ឆ្វេង) និងលោករដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ចាប់ដៃជាមួយសមភាគីហ្វីលីពីន លោកEnrique Manalo នៅថ្ងៃទី១៩ ខែមីនា។ រូបភាពក្រសួងការបរទេសចិន និងAFP
រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃទី១៩ ខែមីនា បានរិះគន់អាម៉េរិក ក្រោយបេ្តជ្ញាជួយការពារហ្វីលីពីន ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធនៅសមុទ្រចិនខាងត្បូង។ ទន្ទឹមនេះ ចិន បានប្រាប់រដ្ឋមន្រ្តីការបរទេសអាម៉េរិក កុំឱ្យចេះដឹងរឿងសមុទ្រចិនខាងត្បូង ដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងមានជាមួយក្រុងម៉ានីល។

 
បញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាតំបន់មួយដែលមានភាពតានតឹង និងក្តៅគគុកជាច្រើនទសវត្សរ៍ ដោយសារចិនបានទាមទារដែនទឹកស្ទើរតែ ៩០ភាគរយ។ ការក្រសោបយកដ៏ធំបែបនេះ បានធ្វើឱ្យចិនប៉ះជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម ហ្វីលីពីន ព្រុយណេ និងម៉ាឡេស៊ី។ 
 
ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅក្រុងម៉ានីល ក្នុងថ្ងៃទី១៩ ខែមីនា ប្រធានបទសមុទ្រចិនខាងត្បូង ត្រូវបានលើកឡើងជាថ្មី ហើយអាម៉េរិកថែមទាំងប្តេជ្ញាជាថ្មីការពារសម្ព័ន្ធមិត្តហ្វីលីពីនថែមទៀត ក្នុងករណីមានការប៉ះទង្គិច។ អាម៉េរិក និងហ្វីលីពីន ជាសម្ព័ន្ធមិត្ត ដែលមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ក្នុងករណីប្រទេសណាមួយវាយប្រហារ។ 
 
យ៉ាងណាមិញ ការប្តេជ្ញារបស់អាម៉េរិកចំពោះហ្វីលីពីនក្នុងករណីមានការប៉ះទង្គិចនៅសមុទ្រចិនខាងត្បូង ត្រូវបានក្រសួងការបរទេសចិនប្រតិបត្តិកម្មយ៉ាងខ្លាំង និងកុំឱ្យជ្រៀតជ្រែកជម្លោះខ្លួនក្នុងសមុទ្រចិនខាងត្បូង។ 
 
«អាម៉េរិក មិនមែនជាភាគីពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយគ្មានសិទ្ធិធ្វើអន្តរគមន៍ក្នុងបញ្ហារវាងចិន និងហ្វីលីពីនទេ»។ លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រើពាក្យធ្ងន់ៗបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមីនា។ 
 
បើតាម លោក Lin Jian ចិននឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាពទឹកដី សិទ្ធិដែនសមុទ្រ ព្រមទាំងរក្សាសន្តិសុខនិង ស្ថិរភាពនៅតំបន់សមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យរូបនេះ បន្តថាកិច្ចសហប្រតិបត្តិការយោធារបស់អាម៉េរិក ជាមួយហ្វីលីពីន មិនគួរប៉ះពាល់ដល់ចិនឡើយ។ 
 
ដំណើរទស្សនកិច្ចរបស់លោកប្លីងខិន ធ្វើឡើងស្របពេលសេតវិមានប្រកាសពីការរៀបចំកិច្ចប្រជុំត្រីភាគីរវាងអាម៉េរិក ហ្វីលីពីន និងជប៉ុន នៅក្នុងខែមេសាខាងមុខ។ លើសពីនេះ កិច្ចប្រជុំដាច់ដោយឡែករវាង លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក និងសមភាគីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏នឹងមានផងដែរ ដោយមេដឹកនាំទាំងពីរនាក់ នឹងពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកឆ្នាំ១៩៥១។ 
 
មួយរយៈចុងក្រោយ ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងម៉ានីល មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយកម្លាំងល្បាតសមុទ្រប្រទេសទាំងពីរ តែងតទល់ដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូង។ ក្នុងករណីខ្លះ កម្លាំងល្បាតចិន បានបាញ់ទឹកដាក់ទូកល្បាតហ្វីលីពីនថែមទៀត៕ 

Tag:
 ចិន អាម៉េរិក សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com