ជាតិ
សេដ្ឋកិច្ច
សារមន្ទីរសេដ្ឋកិច្ច-សមាគមធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់យុវជន
21, Mar 2024 , 10:29 am        
រូបភាព
សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា (ស.ស.រ) បានសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC)  ដើម្បីលើកកម្ពស់ផ្នែកអប់រំហិរញ្ញវត្ថុដល់
ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជន។

 
កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងលោក ប្លែស គីលីយ៉ង់ សហប្រធាន ស.ស.រ​ ជាមួយលោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នាថ្ងៃទី២០មីនា។​ សេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា កិច្ច​សហប្រតិបត្តិការ​ ធ្វើឡើងក្នុងគោលដៅ​ផ្តល់អត្ថប្រយោជន៍​ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ​។
 
កិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់​វិស័យ​ធនាគារកម្ពុជា ​ចំពោះទំនួលខុសត្រូវ សាជីវកម្ម និងសង្គម ជាពិសេស​បង្កើត​បរិយាកាស​ហិរញ្ញវត្ថុ​ប្រកប​ដោយ​និរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ​ នឹងមានមូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅស.ស.រ ដែលផ្តល់ឱកាស​បន្ថែមដល់សិស្សានុសិស្សនៅ​តាមគ្រឹះស្ថានអប់រំរដ្ឋ នៅទូទាំង​ប្រទេស​។
 
ទស្សនកិច្ចនេះ នឹងធ្វើឡើងពីរដងក្នុងមួយឆ្នាំដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាគមធនាគារនៅកម្ពុជា។ សមាគមធនាគារនៅកម្ពុជា​ បានបញ្ជាក់ថា ​សិស្សានុសិស្ស​នៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ នឹងទទួលបានឱកាសពិសេសមួយ សម្រាប់ការរៀនសូត្រ​ដោយផ្ទាល់​ អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុ។
 


ភាពជាដៃគូនេះ ក៏ផ្តោត​លើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គម​របស់សាជីវកម្មក្នុង​វិស័យ​ធនាគារកម្ពុជា។ ជាពិសេស គឺតួនាទីរបស់វិស័យធនាគារក្នុងការលើក​កម្ពស់ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុ។
 
« តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយនិរន្តរភាព​របស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពី​តួនាទីរបស់វិស័យ​ធនាគារ ​ក្នុងការ​កសាងសមត្ថភាព និងលើកកម្ពស់​ការយល់ដឹងសម្រាប់អនាគត​ប្រកប​ដោយ​និរន្តរភាព និងបរិយាបន្ន»។ លោក Raymond Sia បាននិយាយបែបនេះ ដោយជឿជាក់ថា ការអប់រំបង្កើនចំណេះដឹងក្នុងកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុ នាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។​
 
លោក ប្លែស គីលីយ៉ង់ ដែលជាសហប្រធាននៃសារមន្ទីរ ស.ស.រ មើលឃើញថា កិច្ចសហប្រតិបត្តិការ​ដ៏សំខាន់នេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្ស​រាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខ។ លោកបានសាទរចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការ​លើកកម្ពស់​ការអប់រំផ្នែកហិរញ្ញវត្ថុ។ លោកបន្តនិយាយថា ៖ « នេះ ជាកត្តាសំខាន់មួយសម្រាប់​កំណើនសេដ្ឋកិច្ចប្រកប​ដោយប‍រិ‍យាបន្ន​នៅ​កម្ពុជា » ​។
 
បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្ត សម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់មនុស្សម្នាក់ៗ។ លោកបានបញ្ជាក់ថា៖ «ក្នុងន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹងតាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា»។​ 
 
អនុស្សរណៈនៃការយោគយល់គ្នា​នេះ មានប្រសិទ្ធភាពអនុវត្តភ្លាមៗ ដែលមាន​សុពលភាព​រហូតដល់ដំណាច់ឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការនេះអាចត្រូវអនុវត្តក្នុងឆ្នាំបន្តៗទៀត។ « កិច្ចសហការនេះ គឺជាសក្ខីភាព​មួយបង្ហាញពីអំណាច​នៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញា​ចិត្តរបស់អង្គភាព​ទាំងពីរចំពោះអនាគតយុវជនខ្មែរ​ » ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា។​
 
គួររំលឹក​ថា សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា ស.ស.រ) ត្រូវបាន បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សម្រាប់​អប់រំសាធារណជន​អំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងការវិវត្តនៃ​រូបិយវត្ថុ​នៅកម្ពុជាតាមរយៈការរួម​បញ្ចូលគ្នានូវ​វត្ថុសិល្បៈ និង​បច្ចេកវិទ្យា​ទំនើប ដែលជា​សារ‍មន្ទីរ​ដ៏​ទំនើប។ ទៅដល់សារមន្ទីនេះ សិស្សានុសិស្សអាចស្វែងយល់អំពី ដំណើរនៃប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ប្រទេសកម្ពុជាជាង២០០០ឆ្នាំ តាមរយៈការធ្វើមគ្គទេសក៍ ផ្ទាំងព័ត៌មាន ភាពយន្តឯកសារ និងអេក្រង់ប៉ះដែលអាចចុចបានយ៉ាងសម្បូរបែប៕

Tag:
 ចំណេះដឹងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com