ជាតិ
បទសម្ភាសន៍
«ពិសាគ្រឿងស្រវឹង​ដោយសុវត្ថិភាព» ជាសារ​ពី កាសស៊្ប៊ែរ កម្ពុជា ទៅកាន់សាធារណជន
21, Mar 2024 , 5:25 pm        
រូបភាព
លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ នាពេលផ្តល់បទសម្ភាសដល់សារព័ត៌មាន Cambodianess នៅការិយាល័យកណ្តាលក្រុមហ៊ុន ខេមប្រ៊ូវ កាលពីពេលកន្លងទៅ។
លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ នាពេលផ្តល់បទសម្ភាសដល់សារព័ត៌មាន Cambodianess នៅការិយាល័យកណ្តាលក្រុមហ៊ុន ខេមប្រ៊ូវ កាលពីពេលកន្លងទៅ។
រាជធានីភ្នំពេញ៖ ការពិសាសុរាមួយកែវនៅពេលល្ងាចជាមួយមិត្តភក្តិ គឺជាសកម្មភាពដ៏ពេញនិយម។ ប៉ុន្តែការពិសាក្នុងបរិមាណច្រើនជ្រុសមិនសមស្រប ក៏បង្កហា​និ​ភ័យ​ខ្ពស់ដែរ។ ក្រុមហ៊ុន ខេមប្រ៊ូវ ​ជា​ក្រុមហ៊ុន​​ផលិត​ស្រាបៀរធំជាងគេមួយនៅប្រទេសកម្ពុជា បានប្រកាស​​យុទ្ធនាការជំរុញការពិសាគ្រឿងស្រវឹង​ដោយការ​ទទួលខុសត្រូវ។ លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ បានជជែកជាមួយ Alan Kirk ការីនិពន្ធសារព័ត៌មាន Cambodianess និងបានរៀបរាប់លម្អិតអំពីការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះការលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ។

 
 
Alan៖ តើការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវមានខ្លឹមសារយ៉ាងដូចម្តេច? ហើយហេតុអ្វី​បានជាមាន​​សារៈសំខាន់? 

Vlad៖ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាពនៅក្នុងសហគមន៍ដែលយើងមានប្រតិ​បត្តិការ គឺបានចាក់ឫសយ៉ាងជ្រៅនៅក្នុង DNA របស់កាសស្ប៊ែរ គ្រុប។ ក្នុងនាម​​ជាក្រុមហ៊ុនផលិត​ស្រា​បៀរដែលមានទំនួលខុសត្រូវខ្ពស់មួយ យើងទទួលស្គាល់ថា ប្រ​សិនបើ​អតិថិជន​ប្រើប្រាស់គ្រឿងស្រវឹងមិនបានសមស្រប ពួកគេអាចទទួលរងនូវផល​ប៉ះពាល់​ទៅវិញ​។ នេះជាមូលហេតុដែលចាប់តាំងពីឆ្នាំ២០១៧មក ការលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ បានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៃ​គោលដៅចីរភាពស្តីពី​​បរិស្ថាន សង្គម និងអភិ​បាល​កិច្ច (ESG) របស់យើង ​ដែលយើងកំពុងធ្វើការយ៉ាងសកម្ម​​ទាំង​លើ​ការ​អភិវឌ្ឍផលិត​ផលដើម្បីផ្តល់ជម្រើសអតិថិជន និងការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់​លើប្រធានបទដ៏សំខាន់នេះ។

យុទ្ធសាស្ត្រលើកកម្ពស់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវរបស់កាសស្ប៊ែរ ផ្តោតលើ សសរស្តម្ភចំនួន២​។ ទី១ គឺនៅក្នុងការអភិវឌ្ឍផលិតផល ដែលយើងបានប្តេជ្ញាចិត្តក្នុងការណែនាំនូវស្រាបៀរគ្មានជាតិអាល់កុល ​ជូនអតិថិជនរបស់យើងនៅគ្រប់ទីផ្សារទាំងអស់។ ទន្ទឹមគ្នានេះ​ យើងបានកំណត់គោល​​ដៅថា 35% នៃផលិតផលដែល​បិតពីមេស្រារបស់យើងនៅទូទាំងពិភពលោក គឺគ្មាន​ជាតិអាល់កុល ឬមានកម្រិតជាតិអាល់កុលទាប នៅត្រឹមឆ្នាំ២០៣០។ ជា​សក្ខីភាពនៃការប្តេជ្ញា​នេះ យើងបានណែ​នាំមកទីផ្សារនូវស្រាបៀរគ្មានជាតិអាល់កុលជិត 60 មុខ  នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ទី២ នៅក្នុងផ្នែកពាណិជ្ជកម្មទីផ្សារវិញ  យើងធ្វើយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងចាប់ដៃគូសហការជាមួយភាគីពាក់ព័ន្ធ ដើម្បី​បញ្ជ្រាប​សារយល់ដឹងអំពី ការពិសាក្នុងបរិមាណសមស្រប និងផលអវិជ្ជមាននៃការពិសាគ្រឿង​ស្រវឹងក្នុងបរិមាណច្រើនលើសលប់។  


លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ(ឆ្វេង) ក្នុងពេលផ្តល់បទសម្ភាស​ជាមួយ Alan Kirk ការីនិពន្ធសារព័ត៌មាន Cambodianess (ស្តាំ) ជុំវិញការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះការលើកកម្ពស់ការទទួលទានប្រកបដោយការទទួលខុសត្រូវ។ 

ជាផ្នែកមួយនៃសម្ព័ន្ធអន្តរជាតិសម្រាប់ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ (IARD) យើងបានប្តេជ្ញាចិត្តរួមគ្នាជាមួយក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មគ្រឿងស្រវឹង ក្នុងការគាំទ្ររាជរដ្ឋាភិបាល​លើការកំណត់​​អាយុ​អប្បបរមានៃ​ការ​ពិ​សា​​គ្រឿង​ស្រវឹង។ នៅក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺយើងបានបញ្ជូនសារ​យ៉ាងច្បាស់ថា ​គ្រឿងស្រវឹង​ មិនគួរត្រូវបានប្រើប្រាស់​ដោយអ្នក​ដែលមិនទាន់គ្រប់អាយុដែលកំណត់ដោយច្បាប់។ការណ៍នេះយើងក៏បាន​​គាំទ្រយ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សាទៅ​លើការកំណត់អាយុអប្បរមាដែលអាចពិសាគ្រឿងស្រវឹង នៅក្នុងប្រទេសកម្ពុជា។

ជាផ្នែកមួយនៃប្តេជ្ញាចិត្តរបស់ IARD យើងក៏បានបញ្ជ្រាបសារអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ តាមរយៈផលិតផលរបស់យើង នោះគឺបំរាមពិសាគ្រឿងស្រវឹងសម្រាប់ស្ត្រីមានផ្ទៃពោះ និង​នៅពេលបើកបរ។ តាមរយៈយុទ្ធនាការពិសាគ្រឿងស្រវឹងដោយទទួលខុសត្រូវនៅប្រទេសកម្ពុជា យើងបានផ្ញើសារចំៗទៅកាន់អ្នកប្រើប្រាស់ បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ
 
Alan៖ សូមរៀបរាប់លម្អិតបន្ថែមអំពីយុទ្ធនាការនេះ តើអ្នកណាគឺជាក្រុមគោលដៅ? តើខេម​ប្រ៊ូវ ​ធ្វើ​ដូចម្តេចខ្លះ ដើម្បីបញ្ជ្រាបសារទាំងនេះទៅដល់ពួកគេ?
 
Vlad៖ ក្រុមគោលដៅរបស់យើង គឺសាធារណជនទាំងអស់។  យើងខិតខំ​​បញ្ជ្រាបសារនេះ តាមគ្រប់មធ្យោបាយទំនាក់ទំនងទាំងអស់តាមដែលអាចធ្វើទៅបាន។ មធ្យោបាយមួយ នៅក្នុងចំ​ណោម​នោះ គឺបណ្តាញសង្គមហ្វេសប៊ុក​ដែលពេញនិយម​​ខ្លាំងនៅប្រទេសកម្ពុជា និងបណ្តាញសង្គមដទៃទៀត​។ គោលដៅរបស់យើង គឺផ្តោតលើអ្នកប្រើប្រាស់​ទាំងអស់ ព្រោះថា បើពួកគេ​ពិសាគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ​ គឺជះឥទ្ធិពលអវិជ្ជមាន​ដល់សង្គមទាំងមូល។  
 
តាមរយៈផលិតផលរបស់យើង​ដែលយើងបានលក់នៅលើទីផ្សារ  ក៏បានបង្ហាញ​ព័ត៌មានអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និង​ពិសាគ្រឿងស្រវឹងសូមកុំបើកបរ នៅលើដប ឬកំប៉ុងផលិតផលរបស់​យើងផងដែរ។ ហើយសកម្មភាពដែលយើងមានឱកាសច្រើននៅក្នុងការបញ្ជ្រាបសារអប់រំ ឬសារព្រមានទាំងនេះ គឺតាមរយៈព្រឹត្តិការណ៍ប្រគំតន្ត្រី។ 
 
Alan៖ តើខេមប្រ៊ូវ ធ្វើដូចម្តេចក្នុងការផ្តល់សារទាំងនោះ? តាមរយៈបណ្តាញសង្គមអ្វីខ្លះ? ទូរទស្សន៍ និងវិទ្យុណាខ្លះ?
 
Vlad៖ យើងចង់បញ្ជ្រាបសារអំពី ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ឲ្យបានជ្រួតជ្រាបទៅដល់សាធារណជនបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន​​។ ​ទី១ គឺបញ្ជូនសារតាមរយៈសំបកវេចខ្ចប់ផលិតផលទាំងអស់​របស់យើង។ រាល់ផលិតផលទាំងអស់របស់យើងមានសារព្រមានពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ នៅពេលយើងមាន​យុទ្ធនាការទីផ្សារ ​យើងក៏ប្រើ​ប្រាស់​​ផ្ទាំង ឬបដា​ផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបអំពីការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្របផងដែរ​។
 
នៅមានសសរស្តម្ភ​ចំនួន២ទៀត ដែលមានសារៈសំខាន់ដែរ។  រាល់​ពេល​ដែល​យើងរៀបចំ​ព្រឹត្តិការណ៍ធំ​ៗ ​យើងតែងតែប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយសង្គម។ យើងចាប់ផ្តើមកម្មវិធី​ ដោយបញ្ជ្រាបសារ​ពី​អាយុអប្បបរមាដែល​អាចពិសាគ្រឿងស្រវឹង។ ទី២ គឺយើងលើកទឹកចិត្តអំពីការពិសាគ្រឿងស្រវឹង​ក្នុងបរិមាណសមស្រប។ 
 

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ខេមប្រ៊ូវ នាពេលផ្តល់បទសម្ភាសដល់សារព័ត៌មាន Cambodianess នៅការិយាល័យកណ្តាលក្រុមហ៊ុន ខេមប្រ៊ូវ កាលពីពេលកន្លងទៅ។
 
Alan៖ តើកាសស្ប៊ែរ បានចាប់ផ្តើមយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវនេះ តាំងពីពេល​ណាមក?
Vlad៖ ការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ គឺជាមហិច្ឆតាដើមមួយ ក្នុងចំ​ណោមមហិច្ឆតាទាំង៤ របស់គោលដៅចីរភាពស្តីពីបរិស្ថាន សង្គម និង​ អភិបាលកិច្ច (ESG) ឬរួមគ្នា​ឆ្ពោះទៅកាន់ហ្សេរ៉ូ ដែលដាក់ដំណើរការចាប់​តាំងពីឆ្នាំ២០១៧​មកម្ល៉េះ។ កាសស្ប៊ែរ គ្រុប ​មានប្រតិបត្តិការនៅក្នុងទីផ្សារ​ជាង៣០ ហើយផលិតផលរបស់យើងត្រូវបានប្រើប្រាស់​ និងទទួលស្គាល់នៅក្នុងទីផ្សារជាង ១៥០ ប្រទេស។ ដូច្នេះយើង​​ជឿជាក់ថា តាមរយៈគោលដៅចីរភាព ESG របស់យើង  យើងអាចនាំយក​ផលជាវិជ្ជមានទៅដល់ប្រទេស ​និងសហគមន៍ដែល​យើងមានប្រតិបត្តិការ។ 
 
Alan៖ លោក Vlad បានរៀបរាប់ច្រើនអំពីស្រាបៀរដែលគ្មានជាតិអាល់កុល និងស្រាបៀរ​មានកម្រិតជាតិអាល់កុលទាប។ តើក្រុមហ៊ុនទទួលបានការឆ្លើយតបដូចម្តេចខ្លះ ពីអ្នកប្រើប្រាស់​​?
Vlad ៖ នៅសហរដ្ឋអាមេរិក និងអឺរ៉ុបភាគខាងលិច ស្រាបៀរគ្មានជាតិអាល់កុល ​មានការពេញនិយមខ្លាំងពីអ្នកប្រើប្រាស់ហើយយើង​ប្តេជ្ញាចិត្តក្នុងការ​ពង្រីកនិន្នាការ​នេះ​​មកកាន់តំបន់អាស៊ី ជាទីដែលស្រាបៀរគ្មានជាតិអាល់កុល ចាប់ផ្តើមមាន​ប្រជា​ប្រិយ​ភាព​បន្តិចម្តង​ៗ​។ នៅក្នុងប្រទេសកម្ពុជា យើងបាន​ណែនាំ​​មកកាន់ទីផ្សារនូវស្រាបៀរគ្មានជាតិអាល់កុល​ គឺស្រាបៀរ កាស​ស៊្បែរ ០.០ (គ្មាន​ជាតិ​អាល់កុល)​។ ខ្ញុំពិតជាមានមោទកភាពណាស់ ដែល​យើង​អាចផ្តល់ជូន​អតិថិជន និងអ្នកប្រើប្រាស់នូវជម្រើសផលិតផលដ៏ពិសេសនេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅតែអាចពិសាស្រាបៀរបាន ខណៈដែលពួកគាត់មានជម្រើសក្នុងការពិសាស្រាបៀរដែលមានជាតិអាល់កុល ឬស្រាបៀរ កាសស៊្បែរ ០.០ (គ្មាន​ជាតិ​អាល់កុល)។ 
 


Alan ៖ យើងបានជជែកច្រើនអំពីគោលដៅ និងសកម្មភាពរបស់ កាសស្ប៊ែរ គ្រុប ក៏ដូចជាខេមប្រ៊ូវ ទាក់ទងនឹងយុទ្ធនាពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ប៉ុន្តែ​ខេមប្រ៊ូវ បានពិចារណាក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាឬទេ?
 
Vlad ៖ បាទ ខ្ញុំគិតថានេះគឺជាសំណួរដ៏សំខាន់ណាស់​ ពីព្រោះថាអ្វីដែល​យើងធ្វើ ក្នុងនាម​ជា​ក្រុមហ៊ុនផលិតស្រាបៀរដែលមានការទទួលខុសត្រូវខ្ពស់មួយ គឺយើងតែងតែបង្កើតកិច្ចសន្ទនាជានិច្ចជាមួយរាជរដ្ឋាភិបាល ថាយើងគាំទ្រឱ្យមាន​ច្បាប់​កំណត់អាយុអប្បបរមាដែលអាចពិសាគ្រឿងស្រវឹងបាន ដែលយ៉ាងតិចបំផុតគឺ១៨ឆ្នាំ។ យើងក៏នឹងគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង តាមរយៈការបញ្ជ្រាបសារពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ទាំងនៅក្នុងសកម្មភាពជាយុទ្ធនាការផ្សេងៗ និងនៅលើផលិតផលរបស់យើង។ 
 
ផ្ទុយទៅវិញ យើងស្នើសុំឱ្យរាជរដ្ឋាភិបាលជួយគាំទ្រក្នុងការណែនាំពីភាពខុសគ្នានៃភេសជ្ជៈមានកម្រិតជាតិអាល់កុលខ្ពស់ និងភេសជ្ជៈមានកម្រិតជាតិអាល់កុលទាប នៅពេលលើកឡើងអំពីការរឹតបន្តឹងផ្នែកពន្ធគយ ការធ្វើទីផ្សារ និងយន្តការរឹតបន្តឹងផ្សេងទៀត ព្រោះនេះគឺជាយុទ្ធសាស្ត្រដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដែលអាចផ្តល់​ផល​ជា​វិជ្ជមានចំពោះសុខភាពសាធារណៈ។ ការប្រើប្រាស់ភាពខុសគ្នាជាគោល​នយោបាយនេះ រាជរដ្ឋាភិបាល​អាចណែនាំអ្នកប្រើប្រាស់ពីការទទួលទានភេសជ្ជៈមានកម្រិតជាតិ​អាល់កុលខ្ពស់មកជាភេសជ្ជៈដែលមានកម្រិតជាតិអាល់កុលទាប ដូចជាស្រាបៀរ​ជាដើម។នេះជាវិធីសាស្ត្រសាកល្បង និងការចងក្រងជាឯកសារ ដែលត្រូវបានប្រើប្រាស់​ដោយប្រទេសភាគច្រើន ដែលជាសមាជិកអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ(OECD) ក៏ដូចជានៅបណ្តាប្រទេសដទៃទៀតនៅ​អាស៊ី​។
Alan៖ តើនៅមានអ្វី​ដែល​លោកយល់ថា សាធារណជនគួរតែបានដឹង ហើយលោកចង់បញ្ជាក់បន្ថែម​ឬទេ?
 
Vlad ៖ ខ្ញុំចង់បញ្ជាក់ថា កាសស្ប៊ែរ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយភាពម៉ឹងម៉ាត់ចំពោះ​ការទទួល​ខុសត្រូវរបស់ខ្លួន ក្នុងនាមជាអ្នកផលិតស្រាបៀរ។ នេះគឺជាហេតុផលដែលយើង នៅតែ​បន្តវិនិយោគ ទៅលើផលិតផលស្រាបៀរដែលគ្មានជាតិអាល់កុល និងស្រាបៀរមានកម្រិតជាតិអាល់កុលទាប ហើយក៏ជាមូលហេតុដែលយើងបន្តឆន្ទៈ ក្នុងការបញ្ជ្រាបសារយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ តាមរយៈយុទ្ធនាការទីផ្សាររបស់យើងដែរ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com