ជាតិ
សេដ្ឋកិច្ច
សាលាមធ្យមវិចិត្រសិល្បៈ បានជំនួយជិត៤ម៉ឺនដុល្លារ ពីជប៉ុន ដើម្បីតម្លើងឧបករណ៍តន្រ្តី​បុរាណ​ខ្មែរ
21, Mar 2024 , 12:29 pm        
រូបភាព
រដ្ឋាភិបាលប្រទេសជប៉ុនផ្តល់ជំនួយឥតសំណង៣៨,៧៥០ដុល្លារ ដល់​សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីលើកកម្ពស់ឧបករណ៍តន្រ្តី​បុរាណ​ខ្មែរចំនួន១៥ប្រភេទ។ ជំនួយនេះស្ថិតនៅក្រោមគម្រោង​ លើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា​ នាថ្ងៃទី២០មីនា តាមរយៈជំនួយឥតនេះ នឹងជួយតម្លើង​ឧបករណ៍តន្រ្តី​បុរាណ​ខ្មែរចំនួន១៥​ប្រភេទ ដែមានសរុប​២៤​គ្រឿង។ 
 
ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណ សាលាមធ្យមវិចិត្រសិល្បៈ កំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាល យុវវ័យ​ជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ នេះជាការមើលឃើញរបស់រដ្ឋាភិបាលប្រទេសជប៉ុនជាមួយក្តីរំពឹងថា ៖ « ការតម្លើងឧបករណ៍ថ្មី យើងរំពឹងថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និងហាត់សមឧបករណ៍តន្រ្តី​បុរាណខ្មែរទាំងនោះ ហើយនឹងអាចពង្រីក ក៏ដូចជាបន្ត​វប្បធម៌​ខ្មែរ​ទៅ​ថ្ងៃ​អនាគត»។
 
មកទល់ជប៉ុន និងកម្ពុជាមានទំនាក់ទំនងការទូតជិតស្និទ្ធិជាង៧០ឆ្នាំមកហើយ។ ​​ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតប្រទេសជប៉ុនកម្ពុជា សង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ លោកបន្តនិយាយដូច្នេះ ៖ «ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមាន ជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់​ គឺ ជំនួយឥតសំណងសម្រាប់គម្រោង​​ទ្រង់​ទ្រាយតូច​សន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោង​​ទ្រង់​ទ្រាយតូច​វប្បធម៌»៕ 
 

Tag:
 សិល្បៈ
  ឧបករណ៍តន្ត្រីបុរាណខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com