អន្តរជាតិ
សិង្ហបុរីថាប្រតិបត្តិការអុីស្រាអែលនៅកាហ្សាហាក់មានសភាពជ្រុលដៃ
21, Mar 2024 , 8:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan(ឆ្វេង) ជាមួយនាយករដ្ឋមន្រ្តីអុីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី១៩ ខែមីនា។ រូបភាពក្រសួងការបរទេសសិង្ហបុរី
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan(ឆ្វេង) ជាមួយនាយករដ្ឋមន្រ្តីអុីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី១៩ ខែមីនា។ រូបភាពក្រសួងការបរទេសសិង្ហបុរី
ប្រតិបត្តិការយោធារបស់អុីស្រាអែលលើតំបន់កាហ្សាហាក់មានសភាពខ្លាំងដៃ។ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានសង្កត់ធ្ងន់បែបនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅអុីស្រាអែល នៅថ្ងៃទី២០ ខែមីនា។ ទន្ទឹមនេះ ប្រមុខការទូតសិង្ហបុរី បានជំរុញឱ្យមានការផ្តល់ជំនួយមនុស្សធម៌ ទៅក្នុងតំបន់កាហ្សាកាន់តែឆាប់រហ័សផងដែរ។

 
ជម្លោះរវាងអុីស្រាអែលនិងក្រុមហាម៉ាស បានអូសបន្លាយ ជាង៦ខែមកហើយ ដោយអុីស្រាអែលកំពុងផ្តោតការវាយប្រហារលើតំបន់ Rafah នៅភាគខាងត្បូងកាហ្សា។ តំបន់កាហ្សា បានក្លាយជា តំបន់ប្រយុទ្ធមួយ ដែលមានអ្នកស្លាប់ប្រមាណ ៣ម៉ឺននាក់, របួសជាង ៧មុឺននាក់ និង មនុស្ស ១លាននាក់ផ្សេងទៀត បានផ្លាស់ទីលំនៅ។ 
 
ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅតំបន់មជ្ឈិមបូព៌ា លោក Vivian Balakrishnan ប្រមុខការទូតសិង្ហបុរី បានជួបជាមួយនាយករដ្ឋមន្រ្តីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងមន្រ្តីអុីស្រាអែលផ្សេងទៀតផងដែរ។ 
 
«អ្វីដែលយើងមានភាពខុសគ្នាជាមួយអុីស្រាអែល យើងជឿថា ការឆ្លើយតបរបស់យោធាអុីស្រាអែល បានធ្វើជ្រុលដៃពេក»។ លោកBalakrishnan ប្រមុខការទូតអុីស្រាអែល បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយនៅថ្ងៃទី២០ ខែមីនា។ 
 
ជំនួបជាមួយនាយករដ្ឋមន្ត្រីអុីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ព្រមទាំងប្រធានាធិបតីអុីស្រាអែល លោក Issac Herzog ប្រមុខការទូតសិង្ហបុរី បានសម្តែងការអាណិតអាសូរចំពោះគ្រួសារទាំងអស់ដែលរងគ្រោះ ដោយការវាយប្រហារពីក្រុមហាម៉ាសនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣។ លោកចាត់ទុកថ្ងៃទី៧ តុលាថាជា អំពើភេវរកម្មដ៏ច្បាស់លាស់ ជាក់ស្តែង និងដ៏សាហាវ។ 
 
មិនតែប៉ុណ្ណោះ លោក Balakrishnan បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះ និងស្តារស្ថិរភាព ក្នុងអំឡុងដំណើរទស្សនកិច្ចការងារ១០ថ្ងៃ នៅតំបន់មជ្ឈឹមបូព៌ា។ ​ក្រៅពីអំពាវនាវអំពីបទឈប់បាញ់ សិង្ហបុរីប្រកាសឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងជនទាំងអស់ប្រកបដោយមានសុវត្តិភាព។ 
 
សិង្ហបុរី បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់កាហ្សា។ ការបញ្ឈប់សង្គ្រាម និងមានបទឈប់បាញ់ អាចបង្កើនភាពងាយស្រួលបញ្ជូនជំនួយដល់ប្រជាជននៅជាប់គាំងក្នុងកាហ្សា និងត្រូវការជំនួយខ្លាំង។ សិង្ហបុរីក៏បានធ្វើការជាមួយអុីស្រាអែល និងហ៊្សកដានី ដើម្បីជញ្ជូនជំនួយតាមកងទ័ពអាកាសសិង្ហបុរី។ 
 
ជាការពិត កិច្ចចចារពីបទឈប់បាញ់រវាងក្រុមហាម៉ាស និងអុីស្រាអែល កំពុងបន្តនៅសប្តាហ៍នេះ នៅកាតា ក្រោយពេលអុីស្រាអែល ច្រានចោលនូវសំណើរបស់ហាម៉ាសនៅសប្តាហ៍មុន ។ ភាគីទាំងពីរ បានពិភាក្សាពីបទឈប់បាញ់រយៈពេល៦សប្តាហ៍ និងដោះលែងចំណាប់ខ្មាំងអុីស្រាអែលប្រហែល៤០នាក់។
 
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសមួយរូបនេះ មិនច្បាស់ថាការចរចានៅទីក្រុង ដូហា នឹងទទួលបានផលយ៉ាងណានោះទេ។ ប៉ុន្តែលោកចង់ឱ្យមានបទឈប់បាញ់ ដើម្បីឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សាទទួលបានជំនួយ។ តាមរយៈក្រសួងការបរទេសសិង្ហបុរី ប្រមុខការទូត បានគាំទ្រលើដំណោះស្រាយរដ្ឋពីរ (Two State Solution)៕ 

Tag:
 កាហ្សា សិង្ហបុរី អុីស្រាអែល ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com