ជាតិ
កម្ពុជាចាប់ផ្ដើមបេសកកម្មសម្អាតទន្លេ រយៈពេល៥ឆ្នាំ​ ដើម្បីកាត់បន្ថយការបំពុលទឹកពីប្លាស្ទិក
21, Mar 2024 , 8:59 pm        
រូបភាព
រូបពី River Ocean Cleanup
រូបពី River Ocean Cleanup
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រកាសចាប់ផ្ដើមបេសកកម្មសម្អាតទន្លេរយៈពេល៥ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តជាប់ដងទន្លេ។ បេសសកម្មរយៈពេលវែងនេះ មានគោលដៅដោះស្រាយបញ្ហាសំរាម ជាពិសេសសំរាមប្លាស្ទីកនិងផលប៉ះពាល់នានា ដែលនាំឱ្យបំពុលទឹកទន្លេ។

 
បេសកកម្មនេះក្រសួងបរិស្ថាន​ ទទួលបានការសហការពីសាលារាជធានីភ្នំពេញ ក្រុមហ៊ុន Leader Energy Holding Berhad និងអង្គការសំអាតទន្លេ-សមុទ្រ (ROC)។ បើតាលោក ​ អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បេសកកម្មនេះ គឺដើរស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាត បៃតង និងចីរភាព។ 
 
ក្នុងពិធីសម្ពោធ «កម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល៥ឆ្នាំ» កាលពីថ្ងៃទី២០ ខែមីនា លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ការចូលរួមពីវិស័យឯកជន និងអ្នកពាក់ព័ន្ធនេះ គឺជាចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីកសាងសង្គមស្អាត និងឱ្យកម្ពុជាស្អាតស្រស់បំព្រង គ្មានការបំពុល ជាពិសេសការបំពុលដោយប្លាស្ទិកទៅក្នុងទន្លេ»។ 

គម្រោងសម្អាតទន្លេ នឹងអនុវត្តចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ ដែលមានប្រតិបត្តិការសម្អាតនៅតាមទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងមានម្មវិធីអប់រំ អំពីការទុកដាក់សំរាមដល់ពលរដ្ឋសហគមន៍ក្នុងភូមិសាស្រ្តចំបងនៃរាជធានីភ្នំពេញ និងខេត្តជាប់ដងទន្លេ។ 
 

 
សម្រាប់ លោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ-សមុទ្រ ការចូលរួមប្រមូលសំរាមតាមដងទន្លេ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក។  
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន Leader Energy លោក Dato បានលើកឡើងថា  បេសកកម្មនេះ នឹងក្លាយជាផ្នែកសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជា។ ចំពោះកាកសំណល់ដែលប្រមូលចេញទន្លេទាំងអស់ ត្រូវបានបម្លែ ងជាថាមពលប្រើប្រាស់ឡើងវិញ ដើម្បីរក្សាបរិស្ថានល្អ។ 
 
កាលពីថ្ងៃទី១ ខែមីនា  ឆ្នាំ២០២៣ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការភាពស្អាតលើផ្ទៃទឹក ដោយផ្តើមចេញពីការសម្អាតផ្ទៃទឹកបឹងទន្លេសាប តាមរយៈការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់សំណល់សំរាម ប្លាស្ទិក ហូរចូលក្នុងប្រភពទឹក។ លើសពីនេះ ក្រសួងនឹងពង្រឹងការត្រួតពិនិត្យ លើទឹកកខ្វក់ហូរចេញពីរោងចក្រ ឧស្សាហកម្ម នានាចូលទៅអូរ ប្រឡាយ បឹង និងទន្លេ ដែលជាប្រភពទឹកសំខាន់របស់ពលរដ្ឋ។ 
 
ជាមួយគ្នានេះ ក្រសួង ក៏ទទួលបានជោគជ័យ លើយុទ្ធនាការកាត់បន្ថយការបើ ប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ» ដែលអនុវត្តតាំងពី១ ខែកញ្ញា ឆ្នាំ ២០២៣។ បច្ចុប្បន្ន យុទ្ធនាការនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ព្រះសង្ឃ ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដែលមាន ចំនួនសរុបជិត ៧លានអង្គ/នាក់៕ 

Tag:
 ក្រសួងបរិស្ថាន
  ទន្លេសាប
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com