ជាតិ
លោក ឃួង ស្រេង៖ ពលរដ្ឋក្រុងភ្នំពេញ ជំពាក់ថ្លៃសំរាមជាង៤០លានដុល្លារ
21, Mar 2024 , 9:29 pm        
រូបភាព
ភ្នំពេញ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានជំពាក់បំណុលថ្លៃសំរាមជាង៤០លានដុល្លារ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធ«កម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល៥ឆ្នាំ» កាលពីថ្ងៃទី២០ ខែមីនា។

 
ចាប់តាំងពីមានកំណែទម្រង់ការប្រមូលសំរាម មកទល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញបំណុលរហូតជាង៤០លានដុល្លារ ដែលពលរដ្ឋនៅក្រុងភ្នំពេញមិនទាន់បានបង់ថ្លៃសំរាម។ លោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហានេះ បណ្ដាលមកពីវិបត្តិកូវីដ-១៩ ដែលធ្វើក្រុមហ៊ុន ឬអ្នកស្នាក់នៅខ្លះត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ដោយបានបង់ថ្លៃសំរាម។ 
 
ទន្ទឹមនេះ លោក ក៏សង្កេតឃើញថា ពលរដ្ឋចំនួនមិនបានប្រតិបត្តិការបង់ថ្លៃសំរាមឡើយ ក្រោមហេតុផលពួកគេមិនទទួលបានព័ត៌មាន ឬទីតាំងបង់ថ្លៃ។
 
លោក ថ្លែងដូច្នេះថា៖«ទល់ពេលនេះ យើងពិនិត្យមើលទៅ​នៅសល់បំណុលជាង៤០លានដុល្លារទៀត ដែលពលរដ្ឋមិនទាន់បានបង់ថ្លៃសំរាម។ ប៉ុន្តែ យើងក៏ពិចារណារដែរថា នេះដោយសារកូវីដ-១៩ ធ្វើឱ្យក្រុមហ៊ុន ឬអ្នកស្នាក់នៅខ្លះ ត្រឡប់ទៅស្រុកពួកគេវិញ។ មួយវិញទៀត យើងបានផ្សព្វផ្សាយច្រើនហើយពាក់ព័ន្ធថ្លៃសំរាមនេះ ប៉ុន្តែ ខ្ញុំនៅតែឮពលរដ្ឋថា ឥឡូវឱ្យខ្ញុំទៅបង់នៅឯណា? ដូច្នេះ ការងារនេះ យើងនឹងប្រឹងផ្សព្វផ្សាយបន្ថែមទៀត»។ 
 
នៅភ្នំពេញមានទីចាត់ការសំណល់រឹង និងសហគ្រាសសំណល់រឹង សម្រាប់ប្រតិបត្តិការរកស៊ីផ្នែកសំរាម។ ប៉ុន្តែ ការងារនេះ រដ្ឋបាលរាជធានីភ្នំពេញ តែងតែរងការខាតបង់ និងឧបត្ថម្ភធនរហូត។ នេះបើតាម លោក ឃួង ស្រេង។ 
 
អភិបាលរាជធានីភ្នំពេញរូបនេះ អះអាងថា គ្រប់ប្រទេសនៅលើពិភពលោក គ្មានទីក្រុងណាមួយដែលមិនយកថ្លៃសំរាមពីពលរដ្ឋនោះទេ ដូច្នេះ ការបង់ថ្លៃសំរាម គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់ជាតិសាសន៍ មិនមែនសម្រាប់តែពលរដ្ឋកម្ពុជានោះទេ។ ជាមួយគ្នានេះ លោក បានអំពាវនាវឱ្យពលរដ្ឋបង្កើនកិច្ចសហការ និងបង់ថ្លៃសំរាមឱ្យបានទៀងទាត់ ដើម្បីទីក្រុងស្អាត៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com