អន្តរជាតិ
អាម៉េរិក ចា​ប់ផ្តើមផ្លាស់ប្តូរជំហរលើជម្លោះអុីស្រាអែលនិងហាម៉ាស?
22, Mar 2024 , 10:59 am        
រូបភាព
រូបភាព AFP និង Xinhua
រូបភាព AFP និង Xinhua
អាម៉េរិក នៅថ្ងៃទី២២ ខែសីហា នឹងស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់កាហ្សា និងបង្កើនការផ្តល់ជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន។ ការចាប់ផ្តើមបង្ហាញជំហរដ៏តឹងរ៉ឹងរបស់អាម៉េរិកដាក់សម្ព័ន្ធមិត្តអុីស្រាអែលនេះ ធ្វើឡើងស្របពេលវិបត្តិមនុស្សធម៌ក្នុងតំបន់កាហ្សាកាន់តែមានសភាពអាក្រក់ខ្លាំង។

 
បន្ទាប់ពីប្រតិបត្តិការយោធាបានអូសបន្លាយប្រមាណ៦ខែមក តំបន់កាហ្សា កំពុងមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុត ខណៈអុីស្រាអែល មិនបានបន្ធូរដៃឡើយ ហើយថែមទាំងបន្តវាយប្រហារលើតំបន់ Rafah។ Rafah ដែលនៅភាគខាងត្បូង មានប្រជាជនប៉ាឡេស្ទីនភៀសខ្លួនលើសពី១លាននាក់ កំពុងស្នាក់នៅបណ្តោះអាសន្ន ចាប់តាំងពីប្រតិបត្តិការយោធាអុីស្រាអែលបោសសម្អាតក្រុមហាម៉ាសកើតមាន។ 
 
ដោយបារម្ភពីវិបត្តិមនុសធម៌ និងការកើនឡើងនៃករណីស្លាប់របស់ប្រជាជនស៊ីវិល អាម៉េរិក បានធ្វើសេចក្តីព្រាងសេចក្តីសម្រេចថ្មីមួយ ដែលទទូចឱ្យបានបទឈប់បាញ់ភ្លាមៗ និងប្រកបដោយចីរភាពរយៈពេល៦ខែ ដើម្បីដាក់ឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័ត។ សេចក្តីព្រាងនេះ កើតមានក្រោយពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រាប់ឱ្យក្រុង Tel Aviv បញ្ចេញផែនការច្បាស់លាស់ក្នុងការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់Rafah មុនធ្វើប្រតិបត្តិការយោធា។
 
«សេចក្តីព្រាងសេចក្តីសម្រេចនេះ កើតមានពីកិច្ចពិភាក្សាជាច្រើនលើកជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៥»។ ទីភ្នាក់ងារព័ត៌មាន Reuters បានស្រង់សម្តីលោក Nate Evans អ្នកនាំពាក្យស្ថានបេសកកម្មអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN) បែបនេះ នៅថ្ងៃទី២២ ខែមីនា។ 
 
សេចក្តីព្រាង ដែលនឹងដាក់ឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តនៅថ្ងៃទី២២ ខែមីនាខាងលើ បានទាមទារឱ្យអនុញ្ញាតលំហូរជំនួយមនុស្សធម៌ទៅតំបន់កាហ្សា។ ទន្ទឹមនេះ សេចក្តីព្រាងដដែល បានគាំទ្រដល់កិច្ចចរចា ដែលមានអាម៉េរិក អេហ្ស៊ីប និងកាតា ជាអ្នកសម្របសម្រួលរវាងភាគីអុីស្រាអែល និងក្រុមហាម៉ាស ពាក់ព័ន្ធបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងជាដើម។ 
 
មិនតែប៉ុណ្ណោះ សេចក្តីព្រាងសេចក្តីសម្រេចខាងលើ បានបង្ហាញពីកាយវិការដ៏តឹងរ៉ឹងជាងមុនរបស់អាម៉េរិកលើប្រតិបត្តិការយោធាអុីស្រាអែល។ កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងបង្ហាញការគាំទ្រអុីស្រាអែលក្នុងការបោសសម្អាតក្រុមហាម៉ាស ហើយថែមទាំងប្រើសិទ្ធិវេតូលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុុខជាច្រើនលើកពាក់ព័ន្ធនឹងបទឈប់បាញ់ភ្លាមៗថែមទៀត។ 
 
ដើម្បីអនុម័តសេចក្តីសម្រេច សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៩ប្រទេស ត្រូវតែបោះឆ្នោតគាំទ្រ ហើយសមាជិកអចិន្រ្តៃយ៍ទាំង៥ ដែលមានអាម៉េរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង មិនត្រូវប្រើសិទ្ធិវេតូដាច់ខាត។ 
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន កំពុងបំពេញទស្សនកិច្ចលើកទី៦ នៅតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីជម្លោះអុីស្រាអែល និងហាម៉ាសកើតមាននៅខែតុលា ឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចនេះ គឺគ្មានអ្វីក្រៅពីជំរុញឱ្យមានកិច្ចចរចា និងការដោះលែងចំណាប់ខ្មាំងឡើយ ក្នុងគោលបំណងទប់ស្កាត់វិបត្តិមនុស្សធម៌ ដែលកំពុងមានសភាពយ៉ាប់យ៉ឺនស្រាប់។ 
 
យ៉ាងណាក៏ដោយ អាម៉េរិកនៅតែគាំទ្រឱ្យមានការកម្ទេចក្រុមហាម៉ាស។ តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអាម៉េរិក លោកប្លីងខិន ត្រូវធ្វើទស្សនកិច្ចនៅអុីស្រាអែល នៅថ្ងៃទី២២ ខែមីនា ដើម្បីជជែកពីភាពចាំបាច់ក្នុងការយកជ័យជម្នះលើក្រុមហាម៉ាស រួមទាំងការការពារប្រជាជនស៊ីវិល ដោយមិនប៉ះពាល់ដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌ និងពង្រឹងសន្តិសុខអុីស្រាអែលជាសំខាន់។ 
 
សូមបញ្ជាក់ថា ជម្លោះរវាងអុីស្រាអែល និងហាម៉ាស នៅតែមានភាពស្មុគស្មាញខ្លាំង និងពិបាករកចំណុចរួម។ កន្លងមក លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល បានប្តេជ្ញាដដែលៗថា នឹងបោសសម្អាសក្រុមហាម៉ាសឱ្យអស់ពីតំបន់កាហ្សា។ ចំណែកក្រុមហាម៉ាស បានទាមទារឱ្យអុីស្រាអែលបញ្ចប់បទឈប់បាញ់ ហើយដកទ័ពឱ្យអស់ចេញពីតំបន់កាហ្សា ដើម្បីជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង៕ 

Tag:
 អាម៉េរិក
  អុីស្រាអែល
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com