អន្តរជាតិ
រដ្ឋមន្រ្តីពាណិជ្ជកម្មថា ទំនាក់ទំនងកម្ពុជា-អាម៉េរិក នៅតែល្អ មិនថានរណាឈ្នះការបោះឆ្នោត នាចុងឆ្នាំនេះ
22, Mar 2024 , 5:39 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង), លោកស្រីចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា (ក្នុងរង្វង់) និងលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីនៅបក្សសាធារណរដ្ឋ។ រូបភាព AFP និងFacebook_Nimul Cham
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក (ឆ្វេង), លោកស្រីចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា (ក្នុងរង្វង់) និងលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីនៅបក្សសាធារណរដ្ឋ។ រូបភាព AFP និងFacebook_Nimul Cham
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកស្រី ចម​ និម្មល បានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងអាម៉េរិក នឹងបន្តរីកចម្រើន មិនថាលោកចូ បៃឌិន ឬលោកដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតីអាម៉េរិកនៅអាណត្តិបន្ទាប់។

 
ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នឹងមកដល់នៅខែវិច្ឆិកាខាងមុខ ដោយលោកចូ បៃឌិន និងលោកដូណាល់ ត្រាំ ទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ក្នុងការប្រជែងតំណែងនៅសេតវិមានជាថ្មី។ 
 
ក្នុងសម្ភាសន៍ជាមួយសារព័ត៌មានអាម៉េរិក CNBC ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា លោកស្រី ចម និម្មល រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីជឿជាក់ថា មិនថាលោកបៃឌិន ឬលោកត្រាំ កាន់តំណែងឡើយ ទំនាក់ទំនងប្រទេសទាំងពីរ នឹងនៅតែល្អប្រសើរ។ 
 
«មិនថាលទ្ធផលនៃការបោះឆ្នោតមានសភាពបែបណាក៏ដោយ ទំនាក់ទំនងកម្ពុជា និងអាម៉េរិក នឹងបន្តរីកចម្រើន»។ រដ្ឋមន្រ្តីពាណិជ្ជកម្មបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានបែបនេះ ពាក់ព័ន្ធនឹងទំនាក់ទំនងអាម៉េរិក-កម្ពុជា ក្រោយការបោះឆ្នោតប្រធានាធិបតី។
 
មិនតែប៉ុណ្ណោះ លោកស្រី ចម និម្មល ក៏បានឆ្លើយសំណួរពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្ម គម្រោងព្រែកជីកហ្វូណនតេជោ ជាការផ្លាស់ប្តូរសំខាន់មួយ ក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា។ ត្រង់ចំណុចនេះ ប្រមុខពាណិជ្ជកម្មកម្ពុជា បានបន្តពន្យល់ថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែផ្តល់លក្ខណៈប្រកួតប្រជែង និងប្រព័ន្ធដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែវាអាចផ្តល់ជាជម្រើសបន្ថែមពីការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវអាកាស និងផ្លូវល្បឿនលឿនជាដើម។ 
 
អាម៉េរិក ជាដៃគូពាណិជ្ជកម្មនាំមុខ និងជាទីផ្សារដ៏សំខាន់មួយរបស់កម្ពុជាក្នុងការលក់ទំនិញនៅបរទេស។  ទំហំពាណិជ្ជកម្មកម្ពុជា និងអាម៉េរិក នៅក្នុងឆ្នាំ២០២៣ មានចំនួន ៩,២ពាន់លានដុល្លារ ដោយកម្ពុជានាំចេញទៅអាម៉េរិកមានទំហំ ៨,៩ពាន់លានដុល្លារ ហើយអាម៉េរិកនាំមកកម្ពុជាមានទំហំ ២៥៧លានដុល្លារ៕

Tag:
 កម្ពុជា
  អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com