ជាតិ
ពលរដ្ឋរអ៊ូចំពោះការរំខាន ដោយសារឆាកប្រគំតន្រ្តីកណ្ដាលក្រុងសៀមរាប
25, Mar 2024 , 8:59 am        
រូបភាព
ឆាកប្រគំតន្រ្តីដែលរៀបចំសម្រាប់កម្មវិធីកម្សាន្ត និងកម្មវិធីនានានៅសួនច្បារព្រះរាជដំណាក់ ថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ឆាកប្រគំតន្រ្តីដែលរៀបចំសម្រាប់កម្មវិធីកម្សាន្ត និងកម្មវិធីនានានៅសួនច្បារព្រះរាជដំណាក់ ថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
សៀមរាប៖ ពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាប ពិសេសអ្នករស់នៅក្បែរតំបន់សួនច្បារព្រះរាជដំណាក់ បានត្អួញត្អែរពីការរំខានដោយសារសំឡេងកងរំពងចេញពីឆាកតន្រ្តីធំៗ ដែលតែងប្រគំជាញឹកញាប់។ ពួកគេយល់ថា ការអនុញ្ញាតឱ្យមានការប្រគំតន្រ្តីខ្នាតធំៗកណ្ដាលក្រុងបែបនេះ កំពុងប៉ះពាល់​ដល់សិទ្ធិប្រជាពលរដ្ឋ និងរំខានដល់ភ្ញៀវទេសចរ ដែលស្នាក់នៅសណ្ឋាគារធំៗក្បែរនោះ។


ដោយសារជាខេត្តទេសចរណ៍ដ៏ពេញនិយមមួយ សៀមរាបតែងមានកម្មវិធីកម្សាន្តជាញឹកញយ ពិសេសកម្មវិធីប្រគំតន្រ្តី។ ទីតាំងដែលនិយមរៀបចំពិធី និងប្រគំតន្រ្តី គឺសួនច្បារហាត់ប្រាណ​មុខព្រះរាជដំណាក់។ ទោះជាកម្មវិធីប្រគំតន្រ្តីធំៗទាំងនោះ បានផ្តល់ការកម្សាន្ត និងបានចំណូលជួយសេដ្ឋកិច្ចខេត្តមែន ប៉ុន្តែវាក៏បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្បែរនោះដែរ។ 
 
លោក វីរៈ ដែលអ្នកសារព័ត៌មានឌីជីថលថ្មីៗដាក់ឱ្យ ជាពលរដ្ឋរស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប មិនពេញចិត្តនឹងការប្រគំតន្រ្តី ដែលរៀបចំជាញឹកញាប់ នៅបរិវេណសួនច្បារព្រះរាជដំណាក់នោះទេ។ លោក វីរៈ បានសង្កត់ធ្ងន់ថា សួនព្រះរាជដំណាក់ ,ទីអាសនៈព្រះអង្គចេក ព្រះអង្គចម ដែលជាទីសក្ការៈគោរពបូជារបស់ពលរដ្ឋខ្មែរ បែរជាមានការរំខានឥតស្រាកស្រាន្តពីសំឡេងតន្រ្តីទៅវិញ។ 
 
លោកបានសរសេរនៅលើ​បណ្ដាញសង្គមផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះសួននេះ (សួនព្រះរាជដំណាក់) កំពុងប្រែក្លាយខ្លួនជាជម្រកប្រគំតន្រ្តីស្រាបៀរស្ទើររាល់សប្ដាហ៍​។ បើនិយាយពីឧបករណ៍បំពងសំឡេងវិញ រង្គើអស់ព្រៃ ញ័រដល់ហ្វូងសត្វជ្រឹង ពិសេសរំជួយដល់ទីសក្ការៈព្រះអង្គចេក ព្រះអង្គចមតែម្ដង»។
 
ឃ្លាចុងក្រោយនៃសំណេររបស់លោក វីរៈ បានដាក់ជាសំណួរយ៉ាងដូច្នេះថា៖«អាណិតតែភ្ញៀវដែលគេ​ងនៅមហាសណ្ឋាគារអង្គរ មិនដឹងសម្រាន្តយ៉ាងម៉េចទេ»?
 
ការបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក វីរៈ ក៏មានមិត្តភក្តិជាច្រើនចូលមក​បញ្ចេញមតិគាំទ្រផងដែរ។ ពួកគេសុទ្ធយល់ថា ឆាកតន្រ្តីទាំងនោះកំពុងរំខានដល់អ្នករស់នៅជុំវិញ ហើយអាជ្ញាធរមិនគួរឱ្យមានការប្រគំតន្រ្តីធំៗ ក្នុងក្រុងដូច្នេះឡើយ។ ហ្វេសប៊ុកឈ្មោះ Kot Vanneth បានបញ្ចេញមតិថា «ពិតមែនហើយបង សំឡេងខ្ទរខ្លាំងណាស់ ហើយមួយរយៈនេះឃើញតន្រ្តីស្រាបៀរ​ប្រគំញឹកណាស់។ ខុនសឺត (Concert) កងរំពងបែបនេះ គួរតែធ្វើទីតាំងផ្សេង មិនខ្វះទេកន្លែងល្អធ្វើក្រៅពី​សួនព្រះរាជំណាក់។ គ្រាន់តែដើរហាត់ប្រាណចង់ញ័របេះដូងអស់ហើយ»។
 
ចំណែកហ្វេសប៊ុកឈ្មោះ Bot Mudita បានបញ្ចេញមតិថា « មិនគួរសោះ ហើយមិនឃើញមានចំណេញ​ដល់ប្រយោជន៍សង្គមសោះ លទ្ធផលជាក់ស្ដែងដូចឃើញមានក្នុងព័ត៌មានស្រាប់»។
 
ចំណែកពលរដ្ឋម្នាក់ទៀតដែលនៅខាងកើតមាត់ស្ទឹង ទល់មុខឆាកតន្រ្តីក៏រអ៊ូពីបញ្ហានេះដែរ តែលោកថា មិនដឹងធ្វើបែបណាទេ ព្រោះក្នុងក្រុងមានតែបរិវេណសួនច្បារនេះហើយ ដែលទូលាយ មានមនុស្សច្រើន ប្រសិនរៀបចំកន្លែងផ្សេង អាចគ្មានមនុស្សទៅក៏ថាបាន។ និយាយសុំមិនបញ្ចេញឈ្មោះ បុរសរូបនេះ ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ ដូច្នេះ៖«វាមានអី មានតែឮ(សំឡេង) ថ្លង់នេះហើយ។ បើចង់ដឹង! ថ្ងៃណាគេប្រគំតន្រ្តីមកស្ដាប់ខ្លួនឯងដឹងហើយ គេងមិនលក់ទេ ទាល់តែចប់កម្មវិធីបានគេងលក់»។ 
 
ទាក់ទងនឹងបញ្ហានេះ លោក លី វណ្ណៈ នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប មិនបានបំភ្លឺក្បោះក្បាយទេ ដោយលោកគ្រាន់តែឆ្លើយថា រដ្ឋបាលបាលខេត្តបានគិតគូរ​ពីបញ្ហានេះ និងរៀបចំឱ្យកម្មវិធីប្រគំតន្រ្តីត្រូវបិទ ឬបន្ថយសំឡេងនៅត្រឹមម៉ោង១១យប់។ លោក លី វណ្ណៈ ក៏សុំការយោគយល់ចំពោះបញ្ហានេះ ដែលបង្កការរំខានដល់ពលរដ្ឋ និងភ្ញៀវទេសចរ។ តែលោកឆ្លៀតបកស្រាយបន្តិចថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍ និងកំពុងព្យាយាមបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញទេសចរ៕
 
 

Tag:
 ឆាកប្រគំតន្រ្តី
  ក្រុងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com