ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ
25, Mar 2024 , 8:28 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា នេះ បានចេញទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសឡាវ។



ទស្សនកិច្ចដែលធ្វើឡើងតាមការអញ្ជើញរបស់សមភាគីឡាវ លោក សនសៃ ស៊ីផាន់ដន នេះ នឹងមានជំនួបពិភាក្សាធំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ រួមទាំងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ។

ឡាវជាប្រទេសទី៦ ដែលជាគោលដៅនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយឡើងកាន់តំណែងបានជាងកន្លះឆ្នាំ និងជាប្រទេសទី៤ក្នុងតំបន់អាស៊ាន បន្ទាប់វៀតណាម ថៃ និងម៉ាឡេស៊ី។

ក្នុងដំណើរទៅកាន់ក្រុងវៀងចន្ទន៍ មន្ត្រីជាន់ខ្ពស់ដែលអមដំណើរប្រមុខរដ្ឋាភិបាល មានលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។

ក្រៅពីការចូលសម្តែងការគួរសម ជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ និងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី សនសៃ ស៊ីផាន់ដន សម្តេច ហ៊ុន ម៉ាណែត ក៏នឹងទទួលស្វាគមន៍លោក ខាំបៃ ដាំឡាត់ ប្រធានសមាគមមិត្តឡាវ-កម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិកក្លិបធុរកិច្ចកម្ពុជា និងនិស្សិតកម្ពុជានៅប្រទេសឡាវផងដែរ។

បន្ទាប់ពីចិន វៀតណាម បារាំង ថៃ និងម៉ាឡេស៊ី ឡាវជាប្រទេសទី៦ នៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយចូលកាន់តំណែងសម្រាប់អាណត្តិ​ទី​៧ ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក។

បើរាប់បញ្ចូលទាំងកិច្ចប្រជុំ ការចូលរួមក្នុងសន្និបាត និងពិរព័ណ៌នានា នេះជាដំណើរបេសកកម្មការទូតនៅក្រៅប្រទេសលើកទី១១របស់ប្រមុខរដ្ឋាភិបាលថ្មី ដោយសម្តេចធ្លាប់បានទៅ ក្រុងហ្សាការតា ឥណ្ឌូណេស៊ី, រាជធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត, ក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក, ក្រុងតូក្យូ ជប៉ុន, ក្រុងដាវ៉ូស-ខ្លូស្ទ័រ ស្វីស និងរដ្ឋធានីប៉េកាំង ចិន ជាលើកទីពីរ៕




© រក្សាសិទ្ធិដោយ thmeythmey.com