កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ស្មើសិង្ហបុរី ប្រធានក្រុមចិនថាជារឿងអាម៉ាស់ និងចូលនិវត្តន៍ពីជម្រើសជាតិ
× ប្រធានក្រុម Zhang Linpeng បានចូលនិវត្តន៍ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិន បន្ទាប់ពីដឹកនាំក្រុមបានត្រឹមស្មើសិង្ហបុរី ២-២ ក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២៦។ Linpeng ចាត់ទុកថាលទ្ធផលស្មើនេះ «ជាភាពអាម៉ាស់បំផុតសម្រាប់ក្រុមចិន»។ មួយថ្ងៃក្រោយ Linpeng បានដកពាក្យចូលនិវត្តន៍របស់ខ្លួនវិញ ដោយទុកពេលឱ្យក្រុម រកអ្នកជំនួសខ្លួនបានសិន។
នៅជំនួបជើងទី១ វគ្គសន្សំពិន្ទុពូល C ក្នុងកីឡដ្ឋានជាតិសិង្ហបុរីកាលពីសប្តាហ៍មុន ចិនបាននាំមុខ ២-០ មុនទៅហើយនៅវគ្គទី១ ប៉ុន្តែដោយសារកំហុសនៅតំបន់ការពារបានធ្វើឱ្យម្ចាស់ផ្ទះសិង្ហបុរីតាមស្មើ ២-២ នៅវគ្គទី២។ ក្នុងចំណោម២គ្រាប់តាមស្មើរបស់សិង្ហបុរី ក៏មានកំហុសរបស់ប្រធានក្រុមចិន Linpeng ផងដែរ។ ខ្សែការពារក្លិប Shanghai Port រូបនេះ បង្កឱ្យមានគ្រាប់បាល់ទី២កើតឡើង ដែលធ្វើឱ្យ Jacob Mahler បញ្ចប់ទីតាមស្មើសម្រាប់សិង្ហបុរី។
Linpeng មិនអាចលាក់បាំងពីការខកចិត្តរបស់ខ្លួន ដែលមិនអាចជួយក្រុមចិនដណ្តើមបាន៣ពិន្ទុ សម្រាប់ជំនួបជើងទី១នេះ។ ក្នុងបទសម្ភាសន៍ក្រោយការប្រកួត ប្រធានក្រុមវ័យ៣៤ឆ្នាំ បាននិយាយថា៖ «ក្រោយការប្រកួត ខ្ញុំគិតថាដល់ពេលត្រូវចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ យើងមិនអាចសូម្បីតែឈ្នះសិង្ហបុរី។ នោះជារឿងអាម៉ាស់បំផុត»។ ដោយសារបញ្ហានេះ Linpeng បានប្រកាសបញ្ចប់អាជីពពីក្រុមជម្រើសជាតិតែម្តង។
នៅលើបណ្តាញសង្គម Weibo របស់ចិន Linpeng បានបង្ហោះទៀតថារូបគេទំនងមិនអាចធ្វើបានល្អជាងនេះទេ បើទោះខំប្រឹងប្រែង ២០០% ជារៀងរាល់ថ្ងៃ។ យោងតាមសារព័ត៌មាន Beijing Sports កីឡាករ Linpeng ជាកីឡាករដែលមានស្ថិតិល្អបំផុតក្នុងចំណោមខ្សែការពាររបស់ចិន បើទោះបានបង្កកំហុសនៅជំនួបទល់សិង្ហបុរីក៏ដោយ។
យ៉ាងណាក៏ដោយ ប្រធានក្រុមជម្រើសជាតិចិនរូបនេះ បានដកការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិវិញ ក្រោមហេតុផលថាទុកពេលឱ្យក្រុមស្វែងរកអ្នកជំនួសខ្លួនបានសិន។
Linpeng ជាប់ជម្រើសជាតិចិនតាំងពីឆ្នាំ ២០០៩ ដោយបង្ហាញខ្លួន ១០៥ ប្រកួត ស៊ុតបញ្ចូលទីបាន ៦ គ្រាប់។ អតីតខ្សែការពារ Guangzhou Evergrande មានបទពិសោធន៍ច្រើនក្នុងការប្រកួតវគ្គជម្រុះ World Cup និង Asian Cup ហើយត្រូវបានគេចាត់ទុកថាជាកីឡាករជើងចាស់ដែលមានគុណភាពរបស់ចិន។
ឆ្លងកាត់ការប្រកួត៣លើក ចិន នៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល C មាន ៤ ពិន្ទុស្មើក្រុមថៃដែលឈរលេខ២ ដោយខុសសំណល់គ្រាប់បាល់។ កូរ៉េខាងត្បូង ឈរកំពូលតារាងមាន៧ពិន្ទុ ឯសិង្ហបុរីនៅបាតតារាងមាន១ពិន្ទុ។ ចិនត្រូវទទួលសិង្ហបុរីវិញសម្រាប់ជំនួបជើងទី២ នៅថ្ងៃទី២៦ ខែមីនា មុនបន្តជួបថៃ និងកូរ៉េខាងត្បូងក្នុងខែមិថុនា ដើម្បីរក្សាឱកាសរបស់ពួកគេក្នុងការឈានទៅជុំបន្ទាប់នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ តំបន់អាស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com