ជាតិ
ក្រសួងវប្បធម៌ ឱ្យទូរទស្សន៍ហង្សមាស លុបចោលការអត្ថាធិប្បាយមិនច្បាស់លាស់ ពី«សង្ក្រាន្ត»
25, Mar 2024 , 5:16 pm        
រូបភាព
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឱ្យទូរទស្សន៍ហង្សមាស លុបចោលការអត្ថាធិប្បាយរបស់ពិធីករល្បី លោក មាស រិទ្ធី ជុំវិញករណីដែលកម្ពុជា មិនរៀបចំសង្ក្រាន្តឆ្នាំថ្មី ជាលក្ខណៈទ្រង់ទ្រាយធំៗ ដូចពេលកន្លងមក។ ក្រសួង ចាត់ទុកករណីផ្សព្វផ្សាយនេះ ជាព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។



តាមរយៈការផ្សាយផ្ទាល់ នៃកម្មវិធីហង្សមាស Express News នៅព្រឹកថ្ងៃទី២៥ មីនានេះ លោក មាស រិទ្ធី បានអត្ថាធិប្បាយថា មានមន្ត្រីក្រសួងវប្បធម៌ប្រាប់លោកពីមូលហេតុ ដែលកម្ពុជាមិនបានធ្វើកម្មវិធីអង្គរសង្ក្រាន្តឆ្នាំនេះ និងឆ្នាំក្រោយៗទៀត ដោយសារមកពីប្រទេសថៃ បានដាក់ពីធីសង្ក្រាន្ត ចូលជាបេតិកភ័ណ្ឌពិភពលោក។ ម្យ៉ាងទៀតខ្លាចបាត់បង់មិត្តភាពរវាងកម្ពុជា និងប្រទេសថៃ។
 
ក្រសួងវប្បធម៌ ចាត់ទុកការអត្ថាធិប្បាយរបស់លោក មាស រិទ្ធី ជាព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាងបន្ថែមទៀត ។ សម្រាប់លោក ស៊ុំម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ ការអត្ថាធិប្បាយនេះ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួល ច្របល់ក្នុងសង្គម។
 
ជាមួយគ្នានេះក្រសួងវប្បធម៌ បានពន្យល់ថា «សង្ក្រាន្ត» ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធរៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ 
 
រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ស៊ុំ ម៉ាប់ បានផ្ញើលិខិតទៅលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ នៅថ្ងៃទី២៥ មីនា ដោយបានពន្យល់ដូច្នេះ៖«ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី នឹងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ»។
 
ក្រសួងវប្បធម៌ បានស្នើឱ្យលោកឧកញ៉ា អ៊ឹង ឆៃងួន ចាត់វិធានការបន្ទាន់ ដោយលុបព័ត៌មានមិនពិតនេះ ដើម្បីទប់ស្កាត់ការចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។
 
«ក្រុមអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែមួយគត់ ដែលអាចជូនជាព័ត៌មានជាផ្លូវការតំណាងឱ្យក្រសួង រីឯការពិគ្រោះយោបល់ ឬ សាកសួរព័ត៌មានពីបុគ្គល ផ្សេងនឹងមិនតំណាងឱ្យមតិយោបល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ »។ នេះបើតាមរដ្ឋលេខាក្រសួងវប្បធម៌ ដែលស្នើឱ្យអគ្គនាយកទូរទស្សន៍ហង្សមាស ចាត់វិធានការឱ្យបានឆាប់រហ័ស និងគួរណែនាំឱ្យបុគ្គលិកផ្នែកព័ត៌មាន ចាក់ផ្សាយព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ ៕

Tag:
 វប្បធម៌
  សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com