ជាតិ
ប្រើពេលដ៏ខ្លី អ្នកស្រី យ៉ែម សុភា ក្លាយជាតួអង្គសំខាន់នៃក្រុមអភិរក្សជីវចម្រុះ នៅព្រែកត្នោត
× កំពត៖ អ្នកស្រី យ៉ែម សុភា គឺជាអនុប្រធានទី១ និងជាសមាជិកស្ត្រីតែម្នាក់គត់នៃគណៈកម្មការសហគមន៍នេសាទព្រែកត្នោត។ អ្នកស្រី សុភា បានចូលរួមការពារ និងអភិរក្សធនធានសមុទ្រ និងជីវចម្រុះ នៅក្នុងសហគមន៍នេសាទព្រែកត្នោត ដែលស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពតនេះ នៅក្នុងឆ្នាំ២០២២ ក្រោយបានដឹងពីការធ្លាក់ចុះនៃធនធានសមុទ្រ និងសត្វសមុទ្រកម្រៗ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
«ពីមុនខ្ញុំអត់ដឹងសោះថាក្នុងសមុទ្រ ឬសហគមន៍ខ្ញុំបាត់បង់ជីវចម្រុះអ្វីខ្លះ។ តែឥឡូវនេះ ខ្ញុំយល់ដឹងច្រើន។ ជាក់ស្ដែង ត្រីសេះ អណ្ដើកសមុទ្រ ជ្រូកទឹក សុទ្ធសឹងជាប្រភេទកម្រ ដែលរងគ្រោះជិតផុតពូជ ហើយក្នុងសហគមន៍ព្រែកត្នោតក៏កម្រឃើញដែរ»។ អ្នកស្រី យ៉ែម សុភា រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
នៅក្នុងរយៈពេលដ៏ខ្លី អ្នកស្រី យ៉ែម សុភា បានក្លាយជាសមាសភាពស្រ្តី ដែលក្រុមល្បាតមិនអាចខ្វះបាន ដោយសារគាត់អាចប្រើប្រាស់នូវប្រព័ន្ធកំណត់ទីតាំងឆ្លាតវៃ ដូចជាGPS និងប្រព័ន្ធស្មាត បានល្អជាងសមាជិកបុរសៗ។ ជួបប្រទះភ្លៀង ខ្យល់ រលកធំៗ ក្នុងពេលជិះទូកល្បាតនៅសមុទ្រជារឿង ដែលក្រុមល្បាតចៀសមិនផុតឡើយ ប៉ុន្តែរឿងដែលស្ត្រីវ័យ៣៤ឆ្នាំរូបនេះ និងក្រុមល្បាតព្រួយបារម្ភ គឺការប្រឈមមុខនឹងជម្លោះជាមួយក្រុមអ្នកនេសាទខុសច្បាប់។
អ្នកស្រី យ៉ែម សុភា រៀបរាប់បែបនេះថា៖ «ពេលចេញល្បាតម្ដងៗ ជួនការជួបភ្លៀង ឬក៏ព្យុះ។ ក្រៅពីនោះ ក៏កើតជម្លោះជាមួយពួកនេសាទខុសច្បាប់ ញឹកញាប់ដែរ ព្រោះថាពួកគាត់ឱ្យតែយើងណែនាំ គាត់អត់ស្ដាប់ទេ ហើយងាកមកយកដំបង គប់យើង ឬក៏ប្រើពាក្យសម្ដីជេរប្រមាថជាដើម»។
ក្រៅពីការងារល្បាត និងគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសហគមន៍ អ្នកស្រី យ៉ែម សុភា ក៏ជាតួអង្គសំខាន់នៅក្នុងការកៀរគរពលរដ្ឋ ក៏ដូចជាអង្គការដៃគូនានា ឱ្យចូលរួមក្នុងការងារអភិរក្សធនធានសមុទ្រ និងជីវចម្រុះនៅក្នុងសហគមន៍នេសាទព្រែកត្នោតផងដែរ។
សហគមន៍នេសាទព្រែកត្នោត មានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ សហគមន៍កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិដូចជាផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជាផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ អណ្តើកសមុទ្រជាដើម ដែលមានវត្តមាននៅដែនគ្របដណ្តប់របស់សហគមន៍។ ក្រៅពីនេះ សហគមន៍ ក៏សម្បួរធនធានសមុទ្រដូចជា ក្តាម ត្រី បង្កង បង្គារផងដែរ៕
Tag:
យ៉ែម សុភា
ល្បាតសមុទ្រ
សហគមន៍នេសាទព្រែកត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com