ជាតិ
ជប៉ុន ផ្ដល់ជំនួយជាង៨៥ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ការអប់រំពលរដ្ឋកម្ពុជា
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងជាង ៨៥ម៉ឺនដុល្លារទៅដល់អង្គការ បេះដូងមាស (HoG) និងសមាគមសម្រាប់ជំនួយនិងសង្គ្រោះនៃប្រទេសជប៉ុន(AAR Japan)។ ការផ្ដល់ជំនួយសម្រាប់ស្ថាប័នទាំងនេះមានគោលបំណង លើកកម្ពុជាការ យល់ដឹងបន្ថែមដល់ពលរដ្ឋកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃទី២៥ ខែមីនា ថវិកា៥៥៣,៩៦៩ ដុល្លារ ត្រូវបានផ្ដល់ឱ្យអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សម្រាប់អនុវត្ត«គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍»។
នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាលមួយនេះនឹងអនុវត្តសកម្មភាពមួយចំនួនដូចជា ធ្វើឱ្យការប្រសើរឡើងនូវបណ្ណាល័យមជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀនការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES ) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
និងសារគមនាគមន៍។
ចំណែក ថវិកា ៣០០,៩៨៧ ដុល្លារទៀត ត្រូវបានប្រគល់ឱ្យសមាគមសម្រាប់ជំនួយនិងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) សម្រាប់អនុវត្ត «គម្រោងលើកកម្ពស់ឱកាស ការងារសម្រាប់ជនមានពិការភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តីនិងការពង្រឹងបណ្តាញទំនាក់ទំនងជាមួយសហគមន៍ក្នុងខេត្តកណ្តាល»។
តាមរយៈគម្រោងនេះ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់ជនមានពិការភាពនៅក្នុងខេត្តកណ្តាលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនិងតាមរយៈការកសាងបណ្តាញក្នុងចំណោមសហគមន៍មូលដ្ឋាន។
ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន រដ្ឋាភិបាលជប៉ុនដែលហៅថា «អ៊ិនរ៉េន» បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន
ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុន បានផ្តល់ជំនួយជាង១៦០គម្រោងនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះ ហើយគម្រោងទាំងនោះបានរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ពលរដ្ឋកម្ពុជា៕
Tag:
ជប៉ុន
មិកាមិ ម៉ាសាហ៊ីរ៉ូ
ស្ថានទូតជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com